
អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា ទោះបីភាគីទាំងពីរបានអនុវត្តបទឈប់បាញ់ក៏ដោយ តែជម្លោះនៅតាមព្រំដែននៅតែស្ថិតក្នុងភាពផុយស្រួយ ដោយសារថៃ កំពុងមានវិបត្តិនយោបាយផ្ទៃក្នុង និងបានបង្កើតលេស និងល្បិចកលចោទមកលើកម្ពុជា ជាបន្តបន្ទាប់ ដែលកត្តានេះ អ្នកជំនាញយល់ថា កងកម្លាំងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាប្រចាំ។
លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា ការព្រមព្រៀងគ្នាឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ វាគ្រាន់តែជាលក្ខខណ្ឌដំបូងប៉ុណ្ណោះ ដោយស្ថិរភាពនៃសន្តិភាពនៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ ពោលគឺអាស្រ័យលើការចរចាគ្នាបន្តទៀត។ យ៉ាងណាមិញស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះយល់ថា កម្ពុជា ត្រូវរក្សាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ពីព្រោះសង្គ្រាមនៅតាមព្រំដែនមិនមែនកើតមានរវាងទាហានខ្មែរ និងទាហានថៃ ប៉ុណ្ណោះទេ តែវាបានកើតមានឡើងតាមរយៈការជះឥទ្ធិពលពីអ្នកនយោបាយថៃ។ កត្តានេះចង់ ឬមិនចង់ ថៃនឹងយកម្ពុជា ជាកន្លែងសម្រាប់បញ្ឆេះភ្លើងសង្គ្រាមបន្តទៀត ដើម្បីទាក់ទាញប្រជាប្រិយភាពរៀងៗខ្លួន។ តែយ៉ាងណា លោក ក៏បានអបអរសាទរចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងភាគីទាំងពីរ ពីព្រោះវាបានកាត់បន្ថយការបាត់បង់អាយុជីវិត និងការខូចខាតផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទោះបីកម្ពុជា បានព្រមព្រៀងគ្នាលើបទឈប់បាញ់យ៉ាងណាក្ដី តែលោកឃើញភាគីថៃ បានចេញមកចោទកម្ពុជា ថា បានរំលោភបទឈប់បាញ់នេះជាហូហែរ តាមរយៈការបំភ្លៃព័ត៌មានដោយមិនមានមូលដ្ឋានច្បាស់លាស់។ លោកបណ្ឌិតបានបន្ថែមថា ការអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានេះ នៅតែអាចមានភាពផុយស្រួយដដែល ដោយសារតែភាគីថៃ តែងតែចោទមកកម្ពុជា ខណៈអ្វីដែលថៃ បានចោទនោះជាទង្វើដែលថៃ ខ្លួនឯងបានប្រព្រឹត្ត។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានអំពាវនាវដល់សហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី តាមដានជម្លោះព្រំដែនកម្ពុជា និងថៃ ឱ្យបានជាប់ ដើម្បីអាចធានាថា បទឈប់បាញ់នេះមានប្រសិទ្ធិភាព ជាពិសេសលោកស្នើឱ្យសារព័ត៌មានអន្តរជាតិធំៗ មកផ្ដិតយករូបភាពការពិតជាក់ស្ដែងពីកម្ពុជា និងសូមកុំឱ្យដកស្រង់ពីព័ត៌មានខាងថៃ ដែលបានចេញផ្សាយខុសពីការពិត និងចុងក្រោយលោក ក៏បានអំពាវនាវដល់ UNESCO ឱ្យថ្កោលទោសដល់ប្រទេសថៃ ដែលបានប្រើយន្តហោះទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារផងដែរ។
គួរបញ្ជាក់ថា ថៃ បានបើកការវាយប្រហារមកលើកម្ពុជាមុន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានជម្លោះនៅតាមព្រំដែន ដែលក្រុមទាហានថៃ បានឆ្មក់ចូលបាញ់ទាហានខ្មែរម្នាក់បណ្ដាលឱ្យបាត់បង់ជីវិតស្ថិតនៅតំបន់មុំ៣ ខេត្តព្រះវិហារ និងបន្តរាលដាលឱ្យមានការបាញ់ប្រហារយ៉ាងសាហាវរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា នេះ។ ជាមួយគ្នានេះ ភាគីទាំង២ ក៏បានព្រមព្រៀងលើបទឈប់បាញ់ តែយ៉ាងណាអ្នកជំនាញនៅតែព្រួយបារម្ភ ខណៈភាគីថៃ ហាក់បង្ហាញចេតនាមិនគោរពលើបទឈប់បាញ់ ដែលបានសម្រួលដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ានប្ដូរវេនលោក អានវ៉ា អ៊ីប្រាហ៊ីម យ៉ាងណាក៏ដោយក្ដី៕
អត្ថបទ៖ ជា ម៉ារ៉ា