ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយលើកឡើងថា កិច្ចប្រជុំលើកទី២នាពេលនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា ក្នុងគោលដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងាររបស់ ក.ជ.ស. សំដៅឆ្លើយតបនឹងទិសដៅនៃការ កសាងនិងអភិវឌ្ឍមូលធនមនុស្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់សារជាថ្មី អំពីតួនាទីរបស់ក្រុមប្រឹក្សាជាតិ ក្នុងការពង្រឹងគុណភាពនៃការផ្ដល់ឋានៈសាស្ត្រាចារ្យ តាមរយៈការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស និងការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់លើគុណភាពនៃការប្រឡងជ្រើសរើសសាស្ត្រាចារ្យទាំង៣ឋានៈ រួមមានសាស្រ្តាចារ្យជំនួយ, សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យ/សាស្រ្តាចារ្យមហាបរិញ្ញា ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្របទៅតាមស្ដង់ដាតំបន់ជាក់លាក់ ប្រកបដោយលក្ខណៈវិនិច្ឆ័យច្បាស់លាស់។
កិច្ចប្រជុំលើកទី២ របស់ ក.ជ.ស. នេះ បានធ្វើការ ពិនិត្យ និង ពិភាក្សាលើ សេចក្ដីព្រាង អនុក្រឹត្យ ស្ដីពីការ រៀបចំ និង ការ ប្រព្រឹត្ត ទៅ របស់ អគ្គលេខាធិការដ្ឋាន នៃ ក្រុម ប្រឹក្សា ជាតិ ក៏ដូចជាគោលការណ៍សំខាន់ៗនិងនីតិវិធីនៃការប្រគល់ឋានៈសាស្ត្រាចារ្យទាំងបីប្រភេទខាងលើ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារចំពោះមុខរបស់ ក.ជ.ស. ដូចជាការរៀបចំរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាននៃ ក.ជ.ស., ធនធានថវិកាសម្រាប់ដំណើរការ, ការបង្កើតគណៈកម្មការជំនាញតាមវិស័យ ដោយ រៀបចំកំណត់ច្បាស់លាស់នូវលក្ខខណ្ឌយោង(Terms of Reference) សម្រាប់ការអនុវត្តការងារ របស់គណៈកម្មការជំនាញតាមវិស័យ និងការរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃ ការជ្រើសរើស និងការផ្តល់ឋានៈសាស្ត្រាចារ្យតាមវិស័យជាដើម។