ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារកែទម្រង់លើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ជាមួយដៃគូភាគីពាក់ព័ន្ធ


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារកែទម្រង់លើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) តាមប្រព័ន្ធវីដេអូ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ជាមួយដៃគូអភិវឌ្ឍ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារស្ថានទូតព្រីតថេន (UK) ក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ច ASEAN-UK ដើម្បីពិភាក្សាអំពីលទ្ធផលនៃរបាយការណ៍សិក្សាវិនិច្ឆ័យស៊ីជម្រៅ និងផែនទីបង្ហាញផ្លូវស្ថាប័នូបនីយកម្ម (Diagnostic Scan and Institutional Roadmap) និងរបាយការណ៍សិក្សាស៊ីជម្រៅ (Deep-Dive) លើក្របខ័ណ្ឌគតិយុត្ត និងយន្តការត្រួតពិនិត្យលើការអនុវត្ត RIA។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ADB និង UK ដែលបានជួយធ្វើការសិក្សា និងផ្តល់អនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការអនុវត្ត និងការកែទម្រង់ RIA។ លទ្ធផលនៃការសិក្សានេះ នឹងរួមចំណែកដល់ការកែទម្រង់ RIA នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។  ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចាត់ទុក RIA ជាឧបករណ៍ដ៏សំខាន់មួយនៃការអនុវត្តល្អនៃលិខិតបទដ្ឋានគតិយុត្ត (Good Regulatory Practice -GRP) និងជាផ្នែកមួយនៃការកែទម្រង់ច្បាប់   ដែលអាចគាំទ្រប្រកបដោយប្រសិទ្ធភាពដល់ការកែទម្រង់ស្ថាប័ន និងច្បាប់ក្នុងវិស័យជាច្រើន ដែលអាចនឹងផ្ដល់ផលប៉ះពាល់ជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច និងការធ្វើធុរកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសង្កត់ធ្ងន់ថា ជោគជ័យនៃការកែទម្រង់ RIA មិនមែនសំដៅទៅលើចំនួននៃការរៀបចំរបាយការណ៍ RIA នោះទេ ក៏ប៉ុន្តែជោគជ័យនេះត្រូវបានវាស់វែងនៅលើត្រង់ថា តើ RIA អាចជួយធ្វើឱ្យរាជរដ្ឋាភិបាលអាចធ្វើការសម្រេចចិត្តបានល្អកម្រិតណា ក្នុងការកំណត់គោលនយោបាយ និងលិខិតបទដ្ឋាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដូចនេះ ការរៀបចំរបាយការណ៍ RIA នឹងរួមចំណែកកែលម្អគុណភាពគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ, ការកាត់បន្ថយនីតិវិធី និងបន្ទុកមិនចាំបាច់ដល់ធុរកិច្ច និងជីវភាពប្រជាជន,  ការបង្កើតបរិយាកាសធុរកិច្ចដែលមានភាពច្បាស់លាស់ និងអាចព្យាករណ៍បាន និងការកែលម្អគុណភាពសេវាសាធារណៈ ព្រមទាំងការពង្រឹងអភិបាលកិច្ច។ ក្នុងន័យនេះ កម្ពុជានឹងបន្តជំរុញការកសាងប្រព័ន្ធ RIA ដោយមាននិម្មាបនកម្មច្បាស់លាស់ សមត្ថភាពគ្រប់គ្រាន់ និងអាចយកមកអនុវត្តបាន ប្រកបដោយភាពធន់ និងចីរភាព ស្របតាមបរិបទកម្ពុជា។

អង្គប្រជុំបានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើរបាយការណ៍ទាំង ២ខាងលើ ដើម្បីជំរុញការរៀបចំក្របខ័ណ្ឌគតិយុត្តនិងស្ថាប័ន ព្រមទាំងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្ត RIA តាមដំណាក់កាល ឱ្យមាននិរន្តរភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ស្នើ ADB និង UK ព្រមទាំងដៃគូពាក់ព័ន្ធបន្តផ្តល់ការគាំទ្រទាំងធនធាននិងបច្ចេកទេស ព្រមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង ក្នុងការកែទម្រង់ RIA ពិសេសការកសាងសមត្ថភាពមន្រ្តីតាមរយៈការបណ្តុះបណ្តាលនៅហ្នឹងកន្លែង (Hands-on Training) ដើម្បីកម្ពុជាអាចរៀបចំប្រព័ន្ធ RIA ផង និងពង្រឹងសមត្ថភាពផង ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងារ RIA ដែលកំពុងអនុវត្តសព្វថ្ងៃផងដែរ ទាំងនៅក្នុងគ្រប់អង្គភាពពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី និងនៅតាមបណ្តាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើឱ្យ ADB ពន្លឿនការបញ្ចប់គោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA Guidelines) និងស្នើឱ្យ UK បន្តគាំទ្រការអនុវត្តអនុសាសន៍ដែលបានផ្តល់ក្នុងការសិក្សាស៊ីជម្រៅ (Deep-Dive Studies) ជាពិសេសការពង្រឹងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន យន្តការត្រួតពិនិត្យ និងការពង្រឹងសមត្ថភាព នៃការអនុវត្ត RIA។




អត្ថបទបន្ទាប់


ត្រឹម១សប្ដាហ៍ ថៃ ទទួល​បានពាក្យបណ្តឹងឆបោកតាមអនឡាញជាង៦,០០០ករណី

ប្រទេសថៃ កំពុងប្រឈមការកើនឡើងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ដោយទីក្រុង​បាងកក កត់ត្រាចំនួនករណីឆបោក និងការខាតបង់ប្រាក់ខ្ពស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ