វិស័យកសិកម្ម

តើអ្វីជាឱកាស និងបញ្ហាប្រឈមសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា?


ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីជំរុញកំណើនវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ នៅក្នុងវេទិកានេះអ្នកជំនាញមកពីក្រសួងស្ថាប័ន និងវិស័យឯកជនបានកិច្ចពិភាក្សាគ្នាលើឧបសគ្គ ក៏ដូចជាផ្ដល់ជាដំណោះស្រាយ និងដាក់ចេញវិធានការមួយចំនួន ធ្វើយ៉ាងណាឱ្យការវិនិយោគក្នុងវិស័យកសិកម្មអាចដំណើរការទៅដោយរលូន ក៏ដូចជាចូលរួមដោះស្រាយផលវិបាកក្នុងខ្សែច្រវាក់ផលិតកម្មកសិផលនៅកម្ពុជា។
វិស័យកសិកម្ម
ដោយ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងនៅក្នុងកិច្ចពិភាក្សាស្ដីពីកាលានុវត្តភាពសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជាថា កង្វះដើមទុនជាបញ្ហាមួយសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ព្រោះបញ្ហានេះវាបានបន្ទុចបង្អាក់ការបង្កើត និងពង្រីករោងចក្រកែច្នៃ ដែលបង្ខំឱ្យកម្ពុជាត្រូវនាំចេញវត្ថុធាតុដើម។ ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាមិនមានស្ថិរភាពរវាងអ្នកលក់ជាមួយអ្នកទិញ ក៏ជាបញ្ហាសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាផងដែរ។ ថ្នាក់ដឹកនាំរូបនេះបានចាត់ទុកវិស័យធនាគារជាតួអង្គដ៏សំខាន់ក្នុងការជួយដោះស្រាយបញ្ហានៅក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ការគាំទ្រជាដើមទុន និងរបៀបរបបនៃរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាដើម។

ជាមួយគ្នានេះឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទយល់ឃើញថា ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាវាជាដំណោះស្រាយដ៏សំខាន់មួយ ដែលអាចជួយជំរុញការអភិវឌ្ឍរោងចក្រកែច្នៃនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់រូបនេះសង្កេតឃើញថា ការផលិតក្នុងស្រុកហាក់ទទួលបានទិន្នផលច្រើន តែក្រុមហ៊ុន និងរោងចក្រកែច្នៃហាក់រារែកប្រមូលទិញកសិកផលទាំងនោះយកទៅកែច្នៃទៅវិញ ពោលគឺកសិករគួរតែប្រមូលផ្ដុំគ្នាផលិតទៅតាមបរិមាណដែលសមស្រប ដើម្បីប្រមូលផ្ដុំគ្នាលក់ប្រកបដោយស្ថិរភាពទៅដល់ឱ្យក្រុមហ៊ុន និងរោងចក្រកែច្នៃ។

យ៉ាងណាមិញបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ហាប្រឈមលើការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ភាគច្រើនដោយសារអ្នកវិនិយោគមួយចំនួនមានក្ដីព្រួយបារម្ភចំពោះការផ្គត់ផ្គង់កសិផលមិនមាននិរន្តភាព ដែលធ្វើឱ្យពួកគេហាក់មិនមានទំនុកចិត្តក្នុងការបញ្ជាទិញ ខណៈកសិផលដែលកសិករអាចផលិតបានភាគច្រើធ្វើឡើងទៅតាមរដូវកាលប៉ុណ្ណោះ។ តែយ៉ាងណាក្រសួងពាណិជ្ជកម្មកំពុងសម្របសម្រួលលើការទិញលក់ ជាពិសេសផលដំណាំដំឡូងមី ដើម្បីបង្កើតឱ្យមានទំនុចិត្តលើគ្នារវាងអ្នកទិញជាមួយអ្នកលក់។

ដោយឡែកឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកត់សម្គាល់ឃើញថា នៅកម្ពុជាហាក់មិនសូវសម្បូរអ្នកវិនិយោគលើការបង្កើតក្រុមហ៊ុន ឬរោងចក្រកែច្នៃកសិផលនោះទេ ដោយសារការចំណាយលើការកែច្នៃកសិផលមានតម្លៃខ្ពស់ ដែលផ្ទុយទៅនឹងគោលការណ៍សេដ្ឋកិច្ច។ ដូច្នេះដើម្បីជំរុញការវិនិយោគលើការកែច្នៃកសិផល តម្រូវឱ្យមានការតភ្ជាប់ការផ្គត់ផ្គង់វត្ថុធាតុដើមរវាងកសិករជាមួយអ្នកកែច្នៃ ហើយត្រូវធ្វើយ៉ាងណាការផលិតរបស់កសិករត្រូវមានគុណភាព និងតម្លៃសមរម្យ។

គួបញ្ជាក់ថា ការពិភាក្សាលើខ្សែច្រវាក់ផលិតកម្មក្នុងវិស័យកសិកម្មខាងលើរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ក្រសួង និងស្ថាប័នពាក់ខាងលើធ្វើឡើងក្រោយវិស័យកសិកម្មនៅប៉ុន្មានឆ្នាំកន្លងមកនេះ ហាក់ជួបបញ្ហាទីផ្សារ និងការធ្លាក់ចុះតម្លៃកសិផល។ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ដែលរៀបចំឡើងដោយក្រសួងកសិកម្ម គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់នៅកម្ពុជា ដែលនឹងក្លាយជាវេទិកាដ៏រស់រវើក ហើយមានគោលបំណងជួយលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ទីបំផុតរដ្ឋបាលលោក ត្រាំ មានលុយចាយវិញហើយ ក្រោយបិទដំណើរការរដ្ឋាភិបាលអស់រយៈពេលជាង៤០ថ្ងៃ

ទីបំផុតរដ្ឋបាលលោក ត្រាំ មានលុយចាយវិញហើយ ក្រោយបិទដំណើរការរដ្ឋាភិបាលអស់រយៈពេលជាង៤០ថ្ងៃ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃ…

តើអ្វីជាច្រកសម្រាប់កម្ពុជាក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ក្រោយថៃទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព?

សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលផ្តួចផ្តើមឡើងដោយមេដឹកនាំអាម៉េរិក និងម៉ាឡេស៊ី ដើម្បីឈានទៅបញ្ចប់ភាពតានតឹងក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ