
ចាប់ថ្ងៃទី១៦ ខែកក្កដា តទៅ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកនឹងបើកឱ្យជនបរទេសមកពីប្រទេសចំនួន៧៥ ទូទាំងពិភពលោកអាចធ្វើដំណើរចូលប្រទេសខ្លួនដោយមិនចាំបាច់មានទិដ្ឋាការ ដែលជាផ្នែកមួយនៃយុទ្ធនាការក្នុងការជំរុញទីផ្សារទេសចរណ៍។ កាលពីឆ្នាំមុន ចិនបានបើកទ្វារស្វាគមន៍ជនបរទេសជាង២០លាននាក់ តាមរយៈការលើកឡែងទិដ្ឋាការនេះ មានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២៣។
រដ្ឋបាលអន្តោប្រវេសន៍ចិន បានអះអាងថា គ្រាន់តែទីក្រុងសៀងហៃតែមួយ ចិនទទួលបានភ្ញៀវទេសចរបរទេសចំនួន២,៦លាននាក់ នៅក្នុងឆមាសទីមួយឆ្នាំ២០២៥នេះ ក្នុងនោះប្រហែលពាក់កណ្តាលនៃអ្នកទេសចរទាំងនេះ គឺបានធ្វើដំណើរមកលេងកម្សាន្តនៅក្នុងទីក្រុងនេះដោយគ្មានទិដ្ឋាការ។ បើតាមស្ថាប័ននេះ កំណើនភ្ញៀវទេសចរបរទេសមកលេងនៅទីក្រុងសៀងហៃ នេះមានការកើនឡើងប្រមាណ៤៥%។
ការបើកចំហរទ្វារប្រទេសទទួលអ្នកទេសចរបរទេសកាន់តែទូលំទូលាយរបស់ចិននេះ វាជាផ្នែកមួយនៃគោលនយោបាយដើម្បីលើកកម្ពស់វិស័យទេសចរណ៍របស់ចិន។ ក្រុមមន្ត្រីចិន បានអះអាងថា វិស័យទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិន បានរក្សានូវសន្ទុះដ៏រឹងមាំ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងទាំងការមកដល់ និងការចំណាយរបស់ភ្ញៀវទេសចរ ដែលត្រូវបានជំរុញដោយគោលនយោបាយទិដ្ឋាការដ៏ងាយស្រួល និងបរិយាកាសធ្វើដំណើរមានភាពល្អប្រសើរឡើង។
កាលពីឆ្នាំ២០២៤ កន្លងទៅ វិស័យទេសចរណ៍ចិន ស្រូបទាញភ្ញៀវទេសចរបានប្រមាណ១៣២លាននាក់ ជាមួយនឹងចំណូលសរុបជាង៩៤ពាន់លានដុល្លារ។ ចិន បានដាក់ចេញនូវគោលនយោបាយបើកចំហប្រទេសនេះតាំងពីឆ្នាំ២០២៤ ហើយតាមរយៈគោលនយោបាយបើកចំហរបន្ថែមនេះនឹងអាចជួយឱ្យចិន ដែលជាទីតាំងសម្បូរដោយសក្តានុពលស្រាប់នឹងកាន់តែទទួលការទាក់ទាញ ស្របពេលដែលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានដាក់បម្រាម និងរឹតបន្តឹងលើការចូលប្រទេសខ្លួនលើប្រជាជនមកពី៣៦ប្រទេស និងដែនដី៕
ដោយៈ សរ សុជាតិ