ជម្លោះតំបន់មជ្ឈិមបូព៌ា

អាម៉េរិក វាយប្រហារកម្ទេចទីតាំងយោធាអ៊ីរ៉ង់ពីរកន្លែងនៅស៊ីរី


យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានឱ្យដឹងថា សហរដ្ឋអាម៉េរិក បានវាយប្រហារតាមអាកាសសំដៅលើមូលដ្ឋានចំនួនពីរកន្លែង ដែលអាម៉េរិក ជឿថា ជាទីតាំងរបស់ក្រុមសកម្មប្រយុទ្ធនៅស៊ីរី ដែលមានអ៊ីរ៉ង់ នៅពីក្រោយ ដែលបានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិក កាលពីសប្តាហ៍មុន។ សេចក្តីថ្លែងការណ៍បាននិយាយថា ទីតាំងគ្រឿងបរិក្ខារយោធានោះត្រូវបានប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។
ជម្លោះតំបន់មជ្ឈិមបូព៌ា
ដោយ

ការវាយប្រហារនេះត្រូវបានបញ្ជាដោយប្រធានាធិបតីអាម៉េ​រិក លោក ចូ បៃដិន ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 មួយក្រុមជាមួយនឹងមីស៊ីល ដែលមានភាពជាក់លាក់ បានកំណត់គោលដៅបាញ់ទៅលើទីតាំងផ្ទុកអាវុធ និងគ្រាប់រំសេវចំនួនពីរក្នុងទីក្រុង Abu Kamal ក្បែរព្រំដែនរវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

តាមការបញ្ជាក់របស់ប្រមុខការពារជាតិអាម៉េ​រិក លោក ឡយ អូស្ទីន ការវាយប្រហារនេះគឺជាការការពារខ្លួន និងសងសឹកចំពោះការវាយប្រហារជាបន្តបន្ទាប់មកលើកងទ័ពអាម៉េ​រិកនៅក្នុងតំបន់។ លោកបានចោទប្រកាន់ត្រង់ៗទៅលើអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយក្រុមជីវពលទាំងនោះ។

មន្ត្រីយោធាជាន់ខ្ពស់អាម៉េ​រិកមួយរូបបាននិយាយថា ទីតាំងទាំងពីរដែលត្រូវបានវាយប្រហារដោយអាម៉េ​រិក នៅភាគខាងកើតប្រទេសស៊ីរីនោះ ត្រូវបានកាន់កាប់ពីមុនដោយសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមជីវពលផ្សេងទៀត។ គេមិនទាន់ដឹងច្បាស់នៅឡើយទេពីចំនួនអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីរូបនេះក៏បានហៅអ៊ីរ៉ង់ គឺជា«ចំណុចកណ្តាលនៃទំនាញផែនដី»ក្នុងការវាយប្រហារលើកងកម្លាំងអាម៉េរិក នៅក្នុងតំបន់ទាំងមូលដែរ ដោយថា មេដឹកនាំជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់ និងរដ្ឋាភិបាលអ៊ីរ៉ង់ កំពុងផ្តល់មូលនិធិ អាវុធ ការបណ្តុះបណ្តាល និងដឹកនាំក្រុមសកម្មប្រយុទ្ធជាច្រើននៅទូទាំងតំបន់មជ្ឈឹមបូព៌ា ហើយពួកគេបានបង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាម៉េរិក ចាប់តាំងពីថ្ងៃទី១៧ ខែតុលា មកម្លេះ។

លោកចូ បៃដិន កាលពីពេលកន្លងទៅបានចេញសារព្រមានខ្លាំងៗមួយទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ថា ប្រសិនបើប្រទេសអ៊ីរ៉ង់នៅតែបន្តគាំទ្រក្រុមយោធាទាំងនោះ ដើម្បីវាយប្រហារលើកងទ័ពអាម៉េរិក នោះសហរដ្ឋអាម៉េ​រិកនឹងឆ្លើយតបវិញ។

លោក បៃដិន សង្កត់ធ្ងន់ថា វត្តមានរបស់ទាហានអាម៉េ​រិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី គឺផ្តោតលើយុទ្ធនាការកម្ចាត់ក្រុម ISIS ដែលមិនពាក់ព័ន្ធសោះឡើយនឹងជម្លោះ ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។ នៅព្រឹកថ្ងៃព្រហស្បតិ៍ សហរដ្ឋអាម៉េ​រិក បានប្រកាសដាក់ពង្រាយទាហានប្រហែល៩០០នាក់ ទៅកាន់មជ្ឈិមបូព៌ា ហើយនឹងអាចលើសពីនេះបន្ថែមទៀត។ គួរជម្រាបថា សហរដ្ឋអាម៉េ​រិកក៏បានពង្រាយក្រុមនាវាផ្ទុកយន្តហោះពីរក្រុមទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត និងកងម៉ារីន២ពាន់នាក់ត្រៀមជួយអ៊ីស្រាអែលកាលពីដើមនៃជម្លោះជាមួយហាម៉ាស។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍វិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហូសេន អាមែរ អាប់ឌូឡាហ៊ាន (Hossein Amir-Abdollahian) មិនត្រឹមតែមិនបានព្យាយាមកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ថែមទាំងបាននិយាយថា សហរដ្ឋអាម៉េ​រិក«នឹងមិនរួចខ្លួនឡើយ» ប្រសិនបើសង្រ្គាមនៅហ្គាហ្សាមិនបិទបញ្ចប់។

នៅដើមសប្តាហ៍នេះ មន្ត្រីកំពូលអ៊ីរ៉ង់រូបនេះបាននិយាយថា អ៊ីរ៉ង់បានទទួលសារចំនួនពីរពីសហរដ្ឋអាម៉េ​រិក តែមិនបានបញ្ជាក់បានតាមរយៈណា ឬពេលណានោះទេ។ សារទីមួយគឺសហរដ្ឋអាម៉េ​រិកមិនចាប់អារម្មណ៍លើការពង្រីកជម្លោះឱ្យធំក្នុងតំបន់នោះទេ ខណៈដែលសារទីពីរបានជំរុញឱ្យអ៊ីរ៉ង់ និងដៃគូរបស់ខ្លួនមានការអត់ធ្មត់។

ស្របពេលជាមួយគ្នានេះ នៅថ្ងៃសុក្រនេះអ៊ីស្រាអែល បាននិយាយថា យោធាខ្លួនបានវាយឆ្មក់ចូលទៅក្នុងតំបន់ហ្គាហ្សាហើយ និងប៉ះទង្គិចជាមួយកងកម្លាំងហាម៉ាសនៅទីតាំងមួយចំនួន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសបានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែលនៅក្នុងតំបន់យ៉ាងហោចណាស់ពីរកន្លែងក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃសុក្រ។ របាយការណ៍បាននិយាយថា រថយន្តយោធាអ៊ីស្រាអែលបានវាយឆ្មក់ចូលតំបន់កណ្តាលនៃតំបន់ហ្កាហ្សា ហើយកងទ័ពទាំងពីរកំពុងប៉ះទង្គិចគ្នាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភពីការធ្លាក់ចុះឧស្សាហកម្មបន្ទះឈីប ដោយសារភាពតានតឹងរវាងអាម៉េរិកនិងចិន

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោក គឺលោក ម៉ូរីស ចាង (Morris Chang) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាពតានតឹងផ្នែកបច្…

ការស្លាប់របស់លោក លី ខឺឈាំង បានធ្វើឱ្យចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងសោកស្តាយ

ព័ត៌មាន
ជារឿងមួយដ៏គួរភ្ញាក់ផ្អើល និងសោកសៅបំផុតសម្រាប់ប្រទេសចិន ខណៈដែលអតីតនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២៧ តុលានេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ