បើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters ភាគីហ្វីលីពីនបានចោទប្រកាន់ថា មន្ត្រីឆ្មាំសមុទ្រចិនបានប្រើប្រាស់ដំបងឈើវាយសំពងចំក្បាលមន្ត្រីកងទ័ពជើងទឹកហ្វីលីពីនម្នាក់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅតំបន់ប៉ប្រះទឹក Second Thomas Shoal កាលពីថ្ងៃចន្ទ ព្រមទាំងបានបង្កការខូចខាតដល់ទូកកៅស៊ូរបស់កងទ័ពជើងទឹកហ្វីលីពីនចំនួន ១គ្រឿងថែមទៀតផង។ ហេតុការណ៍នេះបានផ្ទុះឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែលរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវជួបជុំគ្នាក្នុងកិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងម៉ានីល នាដើមសប្តាហ៍នេះ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ផងដែរ។ ក្រុមអ្នកវិភាគរំពឹងថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងនឹងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងអង្គប្រជុំ។
កងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានឱ្យដឹងថា ទូកប្រដេញល្បឿនលឿនរបស់ឆ្មាំសមុទ្រចិន ដែលមានមនុស្សជិះ៨នាក់ បានបើកចូលយ៉ាងកៀកនឹងនាវាចម្បាំងហ្វីលីពីន ដែលកំពុងចតនៅជិតឆ្នេរ Second Thomas Shoal ដើម្បីថតរូប និងថតវីដេអូ។ នៅពេលទូកកងទ័ពជើងទឹកហ្វីលីពីន២គ្រឿង បានបើកចូលទៅក្នុងបំណងបណ្តេញនាវាចិនចេញ ក្រុមបុគ្គលិកចិនទាំងនោះបានបញ្ចេញប្រតិកម្មយ៉ាងហិង្សា ដោយប្រើដំបងឈើវាយប្រហារលើមន្ត្រីហ្វីលីពីន។ នៅក្នុងវីដេអូឃ្លីបរយៈពេល២៥វិនាទី ដែលបញ្ចេញដោយកងទ័ពហ្វីលីពីនបានបង្ហាញពីសកម្មភាពមន្ត្រីចិនម្នាក់ វាយប្រហារទៅលើនាវិកហ្វីលីពីននៅលើទូកកៅស៊ូ។
ជាមួយគ្នានេះ កងទ័ពហ្វីលីពីន អំពាវនាវដល់កងទ័ពរំដោះប្រជាជនចិន កងឆ្មាំឆ្នេរសមុទ្រចិន និងកងជីវពលសមុទ្រចិនឱ្យបញ្ឈប់សកម្មភាពខុសច្បាប់ ការបំពាន ការឈ្លានពាន និងការបំភ្លៃការពិតនៅក្នុងតំបន់សមុទ្រហ្វីលីពីនខាងលិច។ ភាគីចិនត្រូវតែគោរពតាមសេចក្ដីសម្រេចរបស់តុលាការអាជ្ញាកណ្តាលឆ្នាំ២០១៦ ដែលបានបញ្ជាក់ពីសិទ្ធិដែនសមុទ្រស្របច្បាប់របស់ហ្វីលីពីន ក្រោមច្បាប់អន្តរជាតិ។
ជាការឆ្លើយតប ឆ្មាំឆ្នេរសមុទ្រចិនបានបកស្រាយដោយចោទប្រកាន់វិញថា នាវាហ្វីលីពីនបានមើលរំលងការព្រមានជាច្រើនលើក និងបានបើកបំបុកទូកល្បាតរបស់ចិនយ៉ាងគ្រោះថ្នាក់ ដោយអះអាងថា ហ្វីលីពីនជាអ្នកផ្តើមវាយប្រហារមុន។ សេចក្តីថ្លែងការណ៍របស់ចិនបានបញ្ជាក់ថា បុគ្គលិកហ្វីលីពីនបានប្រើច្រវា ដំបង និងឧបករណ៍ផ្សេងទៀត វាយប្រហារលើមន្ត្រីអនុវត្តច្បាប់របស់ចិនយ៉ាងខ្លាំងក្លា ខណៈដែលឆ្មាំសមុទ្រចិនបានខិតខំអត់ធ្មត់កម្រិតអតិបរមា ដោយគ្រាន់តែចេញការព្រមាន និងចាត់វិធានការតបតក្នុងកម្រិតសមស្របតែប៉ុណ្ណោះ។
ភ្លាមៗនោះដែរ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានចេញមុខថ្កោលទោសចំពោះហេតុការណ៍នេះ ដោយបានពិពណ៌នាថា ជាសកម្មភាពដ៏គ្រោះថ្នាក់ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ចិន ប្រឆាំងនឹងមន្ត្រីកងទ័ពជើងទឹកហ្វីលីពីន។ គួរបញ្ជាក់ថា ភាពតានតឹងលើដែនសមុទ្រជាមួយប្រទេសចិន គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងចំណោមចំណោទសន្តិសុខជាច្រើន ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងដៃគូសន្ទនាសំខាន់ៗ ត្រូវលើកយកមកពិភាក្សាគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាស៊ានបូកនៅទីក្រុងម៉ានីល សប្តាហ៍នេះ៕