
បន្ទាប់ពីចរចាជាយុទ្ធសាស្ត្រនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់លោកស្រី កាចា កាឡាស់ (Kaja Kallas) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប និងជាអនុប្រធានគណៈកម្មការអឺរ៉ុបថា បញ្ហាប្រឈមនានារបស់អឺរ៉ុប មិនមែនបណ្តាលមកពីប្រទេសចិន នោះឡើយ ហើយថា ភាគីទាំងពីរគួរតែដោះស្រាយការខ្វែងគំនិតគ្នានេះតាមរយៈកិច្ចសហប្រតិបត្តិការ គឺមិនមែនតាមរយៈការប្រឈមមុខដាក់គ្នានោះទេ។
សហភាពអឺរ៉ុប ដែលប្រឈមនឹងឱនភាពពាណិជ្ជកម្មរហូតដល់ទៅជាង៣៥៨ពាន់លានដុល្លារអាម៉េរិក ជាមួយប្រទេសចិន ក្នុងឆ្នាំ២០២៤ កន្លងទៅ ចោទប្រកាន់ក្រុងប៉េកាំង ថា បាននាំចេញរថយន្តអគ្គិសនីដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលចិន ក្នុងចំនួនច្រើនលើសលប់ធ្វើឱ្យជោរជន់ពេញទីផ្សារសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុប បានដាក់ពន្ធគយរហូតដល់៤៥,៣% លើម៉ូឌែលរថយន្តមួយចំនួន។
ទីក្រុងប្រ៊ុចសែល ក៏បានជំរុញឱ្យប្រទេសចិន ដកការកំណត់ការនាំចេញរ៉ែកម្រដែលមានសារសំខាន់សម្រាប់ការផលិតបច្ចេកវិទ្យាផងដែរ។ លោកស្រី Kaja Kallas ក៏បានចោទប្រកាន់ដែរថា ប្រទេសចិន បានជួយប្រទេសរុស្ស៊ី ធ្វើសង្គ្រាមដោយប្រយោលតាមរយៈការបញ្ជូនទំនិញប្រើប្រាស់សម្រាប់គោលបំណងយោធា ហើយបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការជួយគាំទ្របែបនេះជាបន្ទាន់។
ជាការឆ្លើយតបប្រទេសចិន អះអាងថា ខ្លួនបានលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការ ហើយបានរិះគន់របបគាំពារនិយមតាមបែបផែនរបស់សហរដ្ឋអាម៉េរិក។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាផងដែរ ហើយបានបញ្ជាក់គោលជំហរផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរម្សាយសព្វាវុធនុយក្លេអ៊ែ៕
ដោយ: តែម សុខុម