ការអភិវឌ្ឍនិមិត្តសញ្ញា និងពាក្យស្លោកថ្មី «រស់នៅដោយភាពជឿជាក់» គឺជាការបង្ហាញថា ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ដែលមានការរីកចម្រើនឥតឈប់ឈរប្រកបដោយនិរន្តរភាព និងការកសាងសមត្ថភាពបុគ្គលិក ក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រង និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពតាមរយៈ មធ្យោបាយលើកទឹកចិត្ត និងផ្តល់សិទ្ធិអំណាចជូនអតិថិជន។
លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វតតេ មានប្រសាសន៍ថា និមិត្តសញ្ញា និង ម៉ាកយីហោថ្មីនេះ គឺបង្ហាញពីទំនុកចិត្ត និងសុទិដ្ឋិនិយមក្នុងការឆ្ពោះទៅមុខក្នុងនាមជាគ្រួសារ ហ្វតតេតែមួយ ដែលមានគោលដៅរឹងមាំ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន គឺផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបស្ថិតក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង គឺ «បុគ្គលម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ»។ លោក យក់ ចំរើនប្ញទ្ធិ បន្ថែមថា ក្រុមហ៊ុន ហ្វតតេ បានមានវត្តមាននៅប្រទេសកម្ពុជាជាង ២០ឆ្នាំ សម្រាប់សេវាធានារ៉ាប់រងទូទៅ ហើយក៏បានពង្រីកសេវាធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ ២០១៩។ ហើយហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេ ដែលមានចំណែកទីផ្សារនៅប្រទេសកម្ពុជាប្រមាណជាង៤៥% អស់រយៈពេលជាង១០ឆ្នាំមកហើយ និងទទួលបានការទទួលស្គាល់ក្នុងតំបន់អាស៊ី ថាជាក្រុមហ៊ុនដែលផ្តល់សេវាធានារ៉ាប់រងក្នុងស្រុកដ៏ល្អបំផុតប្រចាំឆ្នាំ ដោយ Insurance Asia Awards ជាលើកទីពីរ និង ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដោយ Global Banking and Finance Review រយៈពេល៨ឆ្នាំ ជាប់ៗគ្នា។
ជាមួយគ្នានេះ លោកស្រី Sharliza Rahman នាយិកាផ្នែកម៉ាកយីហោ និងឌីជីថល នៃក្រុមហ៊ុន ហ្វតតេ បានគូសបញ្ជាក់ថា ការវិវឌ្ឍនៃម៉ាកយីហោ និងពាក្យស្លោករបស់ក្រុមហ៊ុននាពេលនេះ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ថា តើហ្វតេជានរណានាពេលបច្ចុប្បន្ននេះ និងដើម្បីសម្រេចមហិច្ឆតាសម្រាប់ពេលអនាគត ។ អ្នកស្រីបានបន្ថែមថា «អ្វីដែលក្រុមហ៊ុនហ្វតេកំពុងធ្វើ គឺមិនមែនគ្រាន់តែជាការធ្វើម៉ាកយីហោឡើងវិញ ឬយុទ្ធនាការទីផ្សារទេ គឺវាបង្ហាញពីចេតនា និងការប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិអំណាចដល់អតិថិជនទាំងអស់នូវសំណាញ់សុវត្ថិភាព ដែលធ្វើឱ្យពួកគេមានភាពក្លាហាន ដើម្បីសម្រេចបំណងប្រាថ្នានៅថ្ងៃអនាគត។
សូមជម្រាបថា បើតាមការបញ្ជាក់របស់ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វតតេ បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាបរង់ដ៏ធំមួយនេះ មានអតិថិជនប្រមាណជាង ៣សែន២ម៉ឺន៨ពាន់នាក់ ដែលបានទិញធានារ៉ាប់រងសុខភាពរបស់ក្រុមហ៊ុន ហ្វតតេ ហើយចំពោះសេវាធានារ៉ាប់រងយានយន្តមានអតិថិជនប្រមាណជាង ១សែននាក់ និងចំពោះសេវាកម្មធានារ៉ាប់រងទូទៅវិញគឺមានអតិថិជនប្រមាណជាង ៥០ម៉ឺននាក់ និងមានអតិថិជនប្រមាណជាង ៣សែន៥ម៉ឺននាក់ផងដែរ ដែលបានទិញសេវាកម្មធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន ហ្វតតេ៕