ពន្ធដារ

ចិន កំពុងប្រមាញ់ប្រមូលពន្ធពីអ្នកគេចពន្ធនៅក្រៅប្រទេស ក្រោយឱនភាពថវិកាជាតិរីកកាន់តែធំ


មហាយក្សចិន ពេលនេះ កំពុងបង្កើនការចាត់វិធានការក្ដៅគគុកតាមរយៈការប្រើប្រាស់ទិន្នន័យធំ ឬ Big Data ដើម្បីតាមដានសកម្មភាពពលរដ្ឋចិន និងប្រមូលពន្ធពីពួកគេលើទ្រព្យសម្បត្តិ ដែលពួកគេមាននៅក្រៅប្រទេស ហើយបានគំរាមធ្វើឱ្យអ្នកគេចពន្ធអាម៉ាស់មុខជាសាធារណៈ។ សូមបញ្ជាក់ថា យុទ្ធនាការប្រមូលពន្ធដ៏ក្ដៅគគុកនេះធ្វើឡើងស្របពេលដែលឱនភាពថវិកាជាតិរីកកាន់តែធំ ពោលគឺការចំណាយរីកកាន់តែធំ បើធៀបនឹងចំណូលធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
ពន្ធដារ
ដោយ

មហាយក្សចិន កំពុងបង្កើនការចាត់វិធានការក្ដៅគគុក ដើម្បីតាមប្រមាញ់ពលរដ្ឋចិន គេចពន្ធដែលមានទ្រព្យសម្បត្តិនៅក្រៅប្រទេស ខណៈឱនភាពថវិកាជាតិរីកកាន់តែធំ ពោលគឺចំណាយរបស់រដ្ឋកើនឡើងចំណូលធ្លាក់ចុះ។ អាជ្ញាធរពន្ធដារចិន កំពុងជំរុញឱ្យប្រជាជនចិន កាន់តែច្រើនប្រកាសប្រាក់ចំណូល និងការវិនិយោគរបស់ពួកគេនៅបរទេសចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ហើយគណនាពន្ធ ដែលពលរដ្ឋចិនទាំងនោះមិនទាន់បានបង់ជូនរដ្ឋ។ អ្នកដែលមិនអនុវត្តតាមការណែនាំ នឹងត្រូវអាជ្ញាធរប្រកាសឈ្មោះជាសាធារណៈឱ្យខ្មាសគេ នៅពេលដែលច្បាប់ថ្មីចូលជាធរមាននៅក្នុងខែមីនា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។

ជាការពិតណាស់ អាជ្ញាធរចិន អាចកំណត់អត្តសញ្ញាណពលរដ្ឋចិន ដែលមានទ្រព្យសម្បត្តិនៅក្រៅប្រទេសបាន ប៉ុន្តែជាទូទៅអាជ្ញាធរចិន មិនអាចដឹងថា ពលរដ្ឋចិន មានទ្រព្យសម្បត្តិចំនួនប៉ុន្មានឱ្យប្រាកដនោះទេ ដោយបង្ខំឱ្យអ្នកជាប់ពន្ធរាយការណ៍ដោយខ្លួនឯង។ វិធានការក្ដៅគកុករបស់អាជ្ញាធរចិន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយប្រជាជនចិន កំពុងសម្រុកស្នើសុំការប្រឹក្សាយោបល់ផ្នែកពន្ធដារ និងការធ្វើផែនការគ្រប់គ្រងទ្រព្យសម្បត្តិដោយសារខ្លាចប្រឈមមុខផ្លូវច្បាប់។

ទិន្នន័យបង្ហាញថា មូលធនរហូតដល់ទៅប្រមាណ៩៤០ពាន់លានដុល្លារអាម៉េរិក បានហូរចេញពីប្រទេសចិន ក្នុងរយៈពេលត្រឹមតែ១១ខែដំបូងនៃឆ្នាំ២០២៥ ដែលធ្វើឱ្យអាជ្ញាធរចិនពិបាកក្នុងការគ្រប់គ្រង និងតាមដានយ៉ាងខ្លាំង។ ទន្ទឹមនឹងយុទ្ធនាការប្រមាញ់អ្នកគេចពន្ធនេះកំពុងមានជះផលប៉ះពាល់ តែវាជាកត្តាល្អសម្រាប់រដ្ឋ ខណៈដែលរដ្ឋប្រមូលពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបានកើនឡើងរហូតដល់១១,៥% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

កាលពីមុន ការបង្ក្រាបផ្នែកពន្ធដារបែបនេះធ្លាប់តែធ្វើឡើងទៅលើអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះ ប៉ុន្តែពេលនេះអាជ្ញាធរចិនបានពង្រីកការអនុវត្តលើវិនិយោគិនវណ្ណៈកណ្តាល។ គេជឿថា ការអនុវត្តប្រមូលពន្ធនេះនឹងកាន់តែច្បាស់លាស់ ពោលគឺពិបាកនឹងគេចរួចណាស់

ខណៈដែលអាជ្ញាធរចិន ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងឧបករណ៍ចែករំលែកទិន្នន័យ ដើម្បីស៊ើបអង្កេត និងតាមដានប្រភពចំណូល និងទ្រព្យសម្បត្តិ។

ក្រុមអ្នកជំនាញមើលឃើញថា វិធានការប្រមូលពន្ធយ៉ាងក្ដៅគគុកនេះឆ្លុះបញ្ចាំងឱ្យឃើញថា

រដ្ឋាភិបាលចិន កំពុងប្រឈមនឹងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ខណៈដែលប្រាក់ចំណូលពីការលក់ដីធ្លីធ្លាក់ចុះ ហើយបំណុលកើនឡើង ដែលធ្វើឱ្យឱនភាពថវិការរីកកាន់តែធំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រុស្ស៊ីថា ពលរដ្ឋហ្គ្រីនលែន អាចគាំទ្រខ្លួនជាងអាម៉េរិក ខណៈចិនចំអកអាម៉េរិកថា កុំយកប្រទេសផ្សេងធ្វើជាលេស ដើម្បីស្វែងរកផលប្រយោជន៍

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានលើកឡើងបែបផ្លែផ្កាដាក់អាម៉េរិកថា ប្រជាជននៅកោះហ្គ្រីនលែន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ