បើទោះបីជា តម្លៃជី-ថ្នាំកសិកម្មចុះថ្លៃបន្តិចក៏ពិតមែន ប៉ុន្តែកសិករ អះអាងថា វាគ្រាន់តែអាចជួយស្រួលដល់ការចំណាយថ្លៃដើមរបស់គាត់មួយចំណែកតូចប៉ុណ្ណោះ តួយ៉ាង គឺនៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលប្រជាកសិករជួបប្រទះ។
បើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតឬស្មៅ នៅពេញមួយឆ្នាំ២០២២ មានទំហំទឹកប្រាស់ប្រមាណ ៤៨០លានដុល្លារ មានការកើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ បើតាម លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ថា តម្រូវការប្រើប្រាស់ជី និងថ្នាំកសិកម្ម របស់ប្រជាកសិករ នៅក្នុងឆ្នាំ២០២២ ហាក់មានការថយចុះខ្លាំងគួរឲ្យកត់សម្គាល់ ដោយសារតែកសិផលរបស់កសិករ ដែលទទួលបាន មិនសូវមានទីផ្សារល្អប្រសើរ ធ្វើឲ្យពួកគាត់ត្រូវកាត់បន្ថយការចំណាយច្រើនលើថ្លៃដើមផលិត ពិសេសការប្រើប្រាស់ជីនេះតែម្ដង។
យ៉ាងណាក៏ដោយចុះ លោក ហួរ ធីនាង បញ្ជាក់បន្ថែមថា បច្ចុប្បន្នតម្លៃជី-ថ្នាំកសិកម្មមួយចំនួន ហាក់មានការធ្លាក់ថ្លៃជាងមុនតិចតួច ក្នុងរង្វង់ប្រមាណ ១០% ។ បើតាមអ្នកជំនាញរូបនេះ ការធ្លាក់ថ្លៃនេះ ក៏ដោយសារតែតម្រូវការជី-ថ្នាំកសិកម្ម របស់ប្រជាពលរដ្ឋមានការថយចុះជាងមុន ទើបតាមបណ្តាក្រុមហ៊ុនលក់ជី-ថ្នាំកសិកម្មភាគច្រើនបញ្ចុះតម្លៃលក់យ៉ាងដូច្នេះ ដើម្បីកុំឱ្យមានការកកស្ទះក្នុងស្តុកច្រើន។ លោកបានបន្ថែមថា ទន្ទឹមនឹងការលក់ចេញឱ្យប្រជាកសិករមានការចុះថ្លៃ ការនាំចូលជីកសិកម្មស្តង់ដារមួយចំនួនក៏មានតម្លៃទាបជាងមុនបន្តិចដែរ ខណៈមួយចំនួនទៀតមានតម្លៃថេរដដែល។
បើតាម លោក វន ដេវីដ កសិករដាំម្រេចម្នាក់នៅខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា តម្លៃជី និងថ្នាំកសិកម្មនាពេលបច្ចុប្បន្ន គឺពិតជាមានតម្លៃទាបជាងមុនបន្តិចមែន ដែលជាកត្តាល្អមួយជួយសម្រួលដល់ការធ្វើកសិកម្មរបស់គាត់ និងប្រជាកសិករដទៃទៀត។ លោកបន្ថែមថា ទោះជាយ៉ាងណា វាគ្រាន់តែជាចំណែកមួយប៉ុណ្ណោះ ក្នុងការជួយកាត់បន្ថយថ្លៃដើមផលិត ជាក់ស្តែង ទោះបីជាតម្លៃជី-ថ្នាំកសិកម្មបានចុះថ្លៃខ្លះមែន ប៉ុន្តែការធ្វើកសិកម្មរបស់ប្រជាកសិករ នៅតែមានបញ្ហាប្រឈមជាច្រើនទៀត ដូចជាតម្លៃប្រេងឥន្ទនៈ និងកម្លាំងពលកម្មកើនខ្ពស់ជាដើម ហើយបញ្ហាចម្បងសម្រាប់ប្រជាកសិករនោះ គឺនៅពេលទទួលបានទិន្នផលហើយ ទីផ្សារលក់ចេញទទួលបានតម្លៃទាប។
សូមជម្រាបថា បើតាមអ្នកជំនាញក្នុងវិស័យកសិកម្ម នៅក្នុងឆ្នាំ ២០២៣នេះ លោកមើលឃើញថា សន្ទុះនៃតម្រូវការជី-ថ្នាំកសិកម្ម នឹងមានចំនួនច្រើនជាងឆ្នាំមុន ដោយសារតែតម្លៃកសិផលរបស់ប្រជាកសិករឆ្នាំនេះមានភាពប្រសើរជាងមុន។ ទោះជាយ៉ាងណា ក្រុមហ៊ុនលក់ជី-ថ្នាំកសិកម្ម នៅតែមិនទាន់ហ៊ានបង្កើនការនាំចូលជី-ថ្នាំកសិកម្មច្រើនជាងឆ្នាំមុននៅឡើយទេ ដោយសារមានសល់ក្នុងស្តុកច្រើនកាលពីឆ្នាំមុន៕