នៅឆមាសទី១ឆ្នាំ២០២៦ ប្រទេសចិន បាននាំចូលគ្រឿងសមុទ្រពីវៀតណាម ក្នុងទំហំរហូតដល់ទៅជិត ១,៤ពាន់លានដុល្លារកើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះ គឺស្មើនឹងជិត១ភាគ៤ នៃការនាំចេញគ្រឿងសមុទ្រសរុបរបស់វៀតណាម ដែលមានទំហំ៥,៧ពាន់លានដុល្លារ។ ផ្ទុយទៅវិញសហរដ្ឋអាម៉េរិក បានធ្លាក់មកនៅលេខរៀងទី២ ដោយនាំចូលគ្រឿងសមុទ្រវៀតណាម ក្នុងទំហំត្រឹម៨៩៨លានដុល្លារ ខណៈជប៉ុនឈរនៅលេខ៣ជាមួយនឹងទំហំនាំចូល៧៨៨លានដុល្លារ។
ក្រុមហ៊ុននាំចេញគ្រឿងសមុទ្រវៀតណាម បានឱ្យដឹងថា ចិន កំពុងក្លាយជាទីផ្សារដ៏ទាក់ទាញ ព្រោះនៅជាប់ជាមួយវៀតណាម ដែលធ្វើឱ្យការដឹកជញ្ជូនមានតម្លៃថោក និងលឿនជាង។ ទន្ទឹមនេះក្រុមអ្នកជំនាញក្នុងវិស័យគ្រឿងសមុទ្របានបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនកំពុងបង្វែរទិសដៅទៅកាន់ទីផ្សារចិន បន្ទាប់ពីអាម៉េរិក និងអឺរ៉ុបបន្តរឹតបន្តឹងវិធានការពាណិជ្ជកម្មដូចជាលក្ខខណ្ឌនាំចូលថ្មី ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើបង្គា និងរបាំងពាណិជ្ជកម្មផ្សេងៗទៀត។
ផលិតផលបង្គានៅតែជាទំនិញនាំចេញធំបំផុតរបស់វៀតណាម ដោយមានទំហំរហូតដល់២,៣ពាន់លានដុល្លារ ខណៈការនាំចេញបង្កងបានកើនឡើងយ៉ាងខ្លាំងដោយសារតម្រូវការខ្ពស់ពីប្រទេសចិន និងហុងកុង រីឯការនាំចេញត្រីប្រា ក៏កើនឡើងជាង១២% ផងដែរ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញព្រមានថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមអាចប្រឈមភាពមិនច្បាស់លាស់នៅឆមាសទី២ ឆ្នាំនេះ ខណៈសហរដ្ឋអាម៉េរិកអាចនឹងដាក់វិធានការពាណិជ្ជកម្មកាន់តែតឹងរ៉ឹង។ ដូចនេះសហគ្រាសវៀតណាមកំពុងពន្លឿនការធ្វើពិពិធកម្មទីផ្សារ និងបង្កើនការកែច្នៃ ដើម្បីកាត់បន្ថយហានិភ័យ និងរក្សាកំណើនការនាំចេញ៕
ដោយ: តែម សុខុម