វិស័យពាណិជ្ជកម្ម

អឺរ៉ុប សម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី ដើម្បីទប់ទល់នឹងពន្ធគយរបស់លោក ត្រាំ


ស្របពេលពិភពលោកកំពុងព្រួយបារម្ភពីពន្ធគយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ពេលនេះរដ្ឋាភិបាលរបស់បណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) បានអនុម័តឱ្យក្រុមប្រឹក្សាសហភាពអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗ។ កិច្ចព្រមព្រៀងនេះ មិនត្រឹមតែជាការពង្រីកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កើតខែលការពារសេដ្ឋកិច្ច ដើម្បីកាត់បន្ថយសម្ពាធពន្ធពីសហរដ្ឋអាម៉េរិក។
អឺរ៉ុប សម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី ដើម្បីទប់ទល់នឹងពន្ធគយរបស់លោក ត្រាំ
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ថា រដ្ឋាភិបាលបណ្តាប្រទេសសហភាពអឺរ៉ុបតាមរយៈក្រុមប្រឹក្សាសហភាពអឺរ៉ុប បានយល់ព្រមឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីទប់ទល់ និងកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ខណៈកិច្ចព្រមព្រៀងនេះត្រូវបានដាក់ឱ្យអនុវត្តសាកល្បងភ្លាមៗបន្ទាប់ពីចុះហត្ថលេខា។ នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងលុបចោលពន្ធនាំចូលលើមុខទំនិញជាង៩០% ខណៈពន្ធដ៏ខ្ពស់រហូតដល់៥០% ដែលឥណ្ឌូនេស៊ី ធ្លាប់ដាក់លើរថយន្តនាំចូលពីអឺរ៉ុប ក៏នឹងត្រូវទម្លាក់ចោលទាំងស្រុងក្នុងរយៈពេល ៥ឆ្នាំខាងមុខផងដែរ។ កិច្ចព្រមព្រៀងនេះវានឹងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងប្លុកអឺរ៉ុបជាមួយបងធំអាស៊ានមួយនេះឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

លោកស្រី ហេឡេន ម៉េកអេនធី (Helen McEntee) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មរបស់អៀរឡង់ និងជាសមាជិកក្រុមប្រឹក្សាសហភាពអឺរ៉ុប បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវឱ្យធុរកិច្ចអឺរ៉ុបពង្រីកការវិនិយោគ និងពាណិជ្ជកម្មកាន់តែប្រសើរ តាមរយៈការបើកចំហរបាំងពន្ធស្ទើរតែទាំងស្រុង ដែលអាចជួយសន្សំប្រាក់ពន្ធគយដល់វិស័យឯកជនបានប្រមាណ៦០០លានអឺរ៉ូ ឬជាង៦៥៨លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។
គួររំលឹកថា កិច្ចចរចាពាណិជ្ជកម្មសេរី និងការវិនិយោគរវាងអឺរ៉ុប និងឥណ្ឌូនេស៊ីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដោយធ្លាប់ជាប់គាំង និងតានតឹងខ្លាំង បន្ទាប់ពីអឺរ៉ុបសម្រេចបញ្ឈប់ការប្រើប្រាស់ប្រេងដូងក្នុងឥន្ធនៈត្រឹមឆ្នាំ២០៣០ និងដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនលើប្រេងម៉ាស៊ូតជីវសាស្ត្ររបស់ឥណ្ឌូនេស៊ី។

យ៉ាងណាក៏ដោយ ភាគីទាំងពីរបានបញ្ចប់ការចរចាជាស្ថាពរកាលពីខែកញ្ញា ឆ្នាំ២០២៥ ហើយកំពុងប្រញាប់ប្រញាល់ដាក់ឱ្យអនុវត្តឱ្យបានឆាប់បំផុត។ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់ថា ការប្រញាប់ប្រញាល់ដាក់ឱ្យអនុវត្តនេះ គឺដោយសារឥណ្ឌូនេស៊ី នឹងត្រូវចាកចេញពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អឺរ៉ុប នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ដែលពេលនោះទំនិញឥណ្ឌូនេស៊ី នឹងលែងទទួលបានការអនុគ្រោះពន្ធទៀតហើយ។ ជាជំហានបន្ទាប់ សហភាពអឺរ៉ុប និងឥណ្ឌូនេស៊ីនឹងឈានទៅចុះហត្ថលេខាជាផ្លូវការ មុននឹងបញ្ជូនកិច្ចព្រមព្រៀងនេះទៅកាន់សភាអឺរ៉ុប ដើម្បីពិនិត្យ និងផ្តល់សច្ចាប័ន៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ឡាវ មានមហិច្ឆតាប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលផ្លូវដែក និងថាមពលប្រចាំតំបន់អាស៊ាន

ក្នុងនាមជាប្រទេស ដែលសម្បូរវារីអគ្គីសនី និងមានផ្លូវរថភ្លើងតភ្ជាប់ផ្ទាល់ជាមួយចិន ប្រទេសឡាវ កំពុងជំរុញផែនការយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយខ្លួនទៅ…

វៀតណាម ងាកទៅពឹងរុស្ស៊ី ដើម្បីពង្រឹងសន្តិសុខថាមពល ខណៈបាតុភូតអែលនីញ៉ូ ធ្វើឱ្យទិន្នផលវារីអគ្គិសនីធ្លាក់ចុះ និងធ្វើការនាំចូលឧស្ម័នកើនឡើងខ្លាំង

វៀតណាម កំពុងប្រឈមសម្ពាធកាន់តែខ្លាំងក្នុងការធានាការផ្គត់ផ្គង់អគ្គិសនី ខណៈបាតុភូតអែលនីញ៉ូ បង្កឱ្យអាកាសធាតុក្តៅហួតហែង និងធ្វើឱ្យទិន្នផលវារីអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ