សេដ្ឋកិច្ចចិន សម្រេចបានកំណើន៥% នៅឆ្នាំ២០២៥ ដែលជាកំណើនយឺតបំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ហើយអាចធ្លាក់ចុះកាន់តែទាបជាងនេះ។ ទិន្នន័យផ្លូវការបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ចិន នៅត្រីមាសទី៤ ឆ្នាំ២០២៥ សម្រេចបានកំណើន៤,៥% ដែលជាល្បឿនខ្សោយបំផុតក្នុងរយៈពេល៣ឆ្នាំមកនេះ ដោយធ្លាក់ចុះពី៤,៨% ដែលសម្រេចបាននៅក្នុងត្រីមាសទី៣ ដោយសារការចាយវាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគចុះខ្សោយ។
សេដ្ឋកិច្ចចិន សម្រេចបានកំណើនដោយសារការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ គឺមិនមែនពឹងផ្អែកលើតម្រូវការក្នុងស្រុកនោះទេ។ ប្រទេសចិន មានអតិរេកពាណិជ្ជកម្មក្នុងទំហំរហូតដល់ទៅជិត១,២ទ្រីលានដុល្លារអាម៉េរិក ខណៈដែលសហគ្រាសផលិតនានា បានសម្រុកលក់ទំនិញកាន់តែច្រើនទៅកាន់អឺរ៉ុប អាម៉េរិកឡាទីន និងទីផ្សារផ្សេងៗទៀតក្រៅពីសហរដ្ឋអាម៉េរិក ដើម្បីទូទាត់ប៉ះប៉ូវពន្ធខ្ពស់របស់សហរដ្ឋអាម៉េរិក។ ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែការលក់នៅប្រទេសផ្សេងៗទៀតបានកើនឡើង។
ស្ថានភាពនៅប្រទេសចិន នៅតែពិបាកខ្លាំងរួមមានការលក់រាយមានសម្ទុះកើនឡើងយឺត, ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះខ្លាំងរហូតដល់ទៅ១៧,២%, ការវិនិយោគលើទ្រព្យសកម្មថេររួមមានការវិនិយោគលើគ្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើអាជីវកម្មបានធ្លាក់ចុះជាលើកដំបូងក្នុងកំណត់ត្រា, ការវិនិយោគឯកជនបានធ្លាក់ចុះ ខណៈអាជីវកម្មនៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងទំនុកចិត្តទាបបន្តជះឥទ្ធិពលដល់ការចាយវាយ។
ក្រុមមន្ត្រីចិន បានទទួលស្គាល់ថា តម្រូវការខ្សោយ គឺជាបញ្ហាប្រឈមដ៏ធំមួយ ហើយបាននិយាយថា គោលនយោបាយ ដើម្បីជំរុញការប្រើប្រាស់នឹងបន្តធ្វើនៅក្នុងឆ្នាំ២០២៦ នេះ រួមទាំងការដាក់ចេញកម្មវិធីឧបត្ថម្ភធន និងកម្មវិធីយករបស់ចាស់ៗទៅដូរយកទំនិញថ្មីដោយទទួលបានការបញ្ចុះតម្លៃ។ ទន្ទឹមនេះធនាគារកណ្តាលចិន ក៏បានប្រកាសផ្ដល់ការជួយគាំទ្រសម្រាប់ក្រុមហ៊ុនឯកជនផងដែរ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគព្រមានថា ការពឹងផ្អែកលើការនាំចេញមិនមែនជានិរន្តរភាពរយៈពេលវែងនោះទេ ព្រោះវាអាចបង្កឱ្យមានប្រតិកម្មពាណិជ្ជកម្មនៅបរទេស ពោលគឺប្រទេសនានានឹងដាក់ចេញវិធានការដើម្បីទប់រំហូរទំនិញចិន។ មជ្ឈដ្ឋានជាច្រើនរំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងថយចុះបន្ថែមទៀតមកដល់ប្រមាណ ៤,៥% នៅឆ្នាំ២០២៦ លុះត្រាតែរដ្ឋាភិបាលដាក់ចេញវិធានការជួយគាំទ្រកាន់តែខ្លាំងដល់គ្រួសារពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ៕
ដោយ: តែម សុខុម