
ចិន បានសម្រុកបង្កើនការវិនិយោគយ៉ាងសម្បើមឈានដលល់កម្រិតកំណត់ត្រាសម្រាប់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដោយផ្ដោតលើវិស័យថាមពល និងរ៉ែ ខណៈដែលការបោះទុនវិនិយោគលើគម្រោងផ្លូវថ្នល់ និងផ្លូវដែក មានត្រឹមតែ៧,២%នៃគម្រោងសរុបរបស់ខ្លួន។
ទុនវិនិយោគយ៉ាងសម្បើមនេះ គឺភាគច្រើនធ្លាក់ទៅលើគម្រោងថាមពល និងគម្រោងជីកយករ៉ែ ដោយក្នុងនោះគម្រោងថាមពលទទួលបានទុនវិនិយោគច្រើនមិនធ្លាប់មានរហូតដល់ទៅ ៤៤ពាន់លានដុល្លារអាម៉េរិក ហើយគម្រោងប្រេងឥន្ធនៈ និងឧស្ម័នទទួលបានទុនវិនិយោគ ៣០ពាន់លានដុល្លារអាម៉េរិក។ កិច្ចព្រមព្រៀងដ៏លេចធ្លោមួយ គឺរោងចក្រឧស្ម័នតម្លៃ២០ពាន់លានដុល្លារអាម៉េរិក នៅក្នុងប្រទេសនីហ្សេរីយ៉ា ទ្វីបអាហ្វ្រិក។
ការវិនិយោគលើការជីកយករ៉ែ បានកើនឡើងដល់ជិត២៥ពាន់លានដុល្លារអាម៉េរិក ដោយគម្រោងធំៗស្ថិតនៅក្នុងប្រទេសកាហ្សាក់ស្ថាន នៅអាស៊ីកណ្ដាល ដោយក្នុងនោះការវិនិយោគលើគម្រោងរ៉ែអាលុយមីញ៉ូមមានទំហំ១២ពាន់លានដុល្លារអាម៉េរិក និងលើគម្រោងរ៉ែទង់ដែង ក្នុងទំហំ៧,៥ពាន់លានដុល្លារអាម៉េរិក។
នេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីរបស់មហាយក្សចិន។ ជំនួសឱ្យការផ្តោតលើការបោះទុនវិនិយោគលើគម្រោងផ្លូវថ្នល់ និងផ្លូវដែកដែលពេលនេះមានត្រឹមតែ៧,២% នៃគម្រោងសរុបរបស់ខ្លួន មហាយក្សចិន កំពុងផ្តោតលើថាមពល និងរ៉ែសំខាន់ៗ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។ តំបន់កំពូលដែលចិន ផ្ដោតសំខាន់ គឺទ្វីបអាហ្វ្រិក ដែលបានបោះទុនវិនិយោគក្នុងទំហំដល់ទៅ៣៩ពាន់លានដុល្លារអាម៉េរិក និងអាស៊ីកណ្តាល ដែលមហាយក្សចិន បានបោះទុនវិនិយោគដល់ទៅ២៥ពាន់លានដុល្លារអាម៉េរិក។
ទោះបីជាការវិនិយោគក្រៅប្រទេសសរុបជារួមរបស់ចិន មានការធ្លាក់ចុះក៏ដោយ ក៏ការផ្តល់ហិរញ្ញប្បទានដល់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ត្រូវបានព្យាករថា នឹងនៅតែមានភាពរឹងមាំនៅចុងឆ្នាំ២០២៥៕
ដោយ: តែម សុខុម