ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអស្ថិរភាពនៅច្រកសមុទ្រហ័រមូស ក្រោយបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ងមានភាពផុយស្រួយកាន់តែខ្លាំង បន្ទាប់ពីអាម៉េរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់១គ្រឿង ហើយទីក្រុងតេអេរ៉ង់បដិសេធមិនចូលរួមចរចាសន្តិភាពជាមួយភាគីអាម៉េរិក។ ជាមួយគ្នានេះមេដឹកនាំចិន ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបើកច្រកសមុទ្រដ៏មានសារសំខាន់នេះឡើងវិញ ដើម្បីរក្សាប្រក្រតីភាពនាវាចរណ៍ឆ្លងកាត់ច្រកយុទ្ធសាស្ត្រមួយនេះ ស្របពេលទីក្រុងប៉េកាំងកំពុងខិតខំប្រឹងប្រែងជួយបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
បើតាមការរាយការណ៍របស់សារព័ត៌មាន CNA ការជំរុញឱ្យបើកច្រកសមុទ្រហ័រមូសឡើងវិញខាងលើធ្វើឡើងក្នុងអំឡុងពេលលោក ស៊ី ជីនពីង ជួបពិភាក្សាគ្នាតាមទូរសព្ទជាមួយព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២៦។ ទន្ទឹមនឹងគាំទ្រចំពោះបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ មេដឹកនាំដ៏មានឥទ្ធិពលរបស់ចិន ទទូចឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាតាមរយៈបណ្តាញនយោបាយ និងការទូត។
តាមរយៈសារព័ត៌មាន BBC ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្ការលើបណ្តាញសង្គម Truth Social ថា អាម៉េរិកនឹងមិនដកការបិទខ្ទប់ជុំវិញច្រកសមុទ្រហ័រម៉ូសជាដាច់ខាតរហូតទាល់តែមានកិច្ចព្រមព្រៀងថ្មីដូចអ្វីដែលអាម៉េរិកចង់បានកើតឡើង។ លោកបាននិយាយទាំងជឿជាក់ថា ការបិទខ្ទប់នេះកំពុងធ្វើឱ្យអ៊ីរ៉ង់ចុះខ្សោយ ហើយអាម៉េរិកកំពុងមានប្រៀបក្នុងសង្រ្គាម។
ស្របពេលបទឈប់បាញ់បណ្តោះអាសន្ន នឹងត្រូវផុតកំណត់នៅថ្ងៃពុធ សប្តាហ៍នេះ ភាពមិនច្បាស់លាស់នៃកិច្ចចរចាសន្តិភាពនៅប៉ាគីស្ថាននៅតែបន្តអូសបន្លាយ។ អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉េនស៍ (JD Vance) ដែលគ្រោងដឹកនាំគណៈប្រតិភូទៅចរចា ក៏មិនទាន់បានចាកចេញពីទីក្រុងវ៉ាស៊ីនតោននោះដែរ ខណៈភាគីអ៊ីរ៉ង់នៅតែស្ទាក់ស្ទើរក្នុងការចូលរួមតុចរចាជុំថ្មីនេះ៕
ដោយៈ សរ សុជាតិ