រថយន្តអគ្គិសនី

ការបញ្ជាទិញរថយន្តអគ្គិសនីអាជីវកម្មមានការកើនឡើងខ្លាំង ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់


ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាបានក្លាយជាក្បាលម៉ាស៊ីនជំរុញឱ្យអាជីវករ និងពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់យានយន្តអគ្គិសនី (EV) យ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ។ ជាក់ស្ដែង ក្រុមហ៊ុន Zo Motors Cambodia បានលក់ដាច់រហូតអស់ពីស្តុក នូវប្រភេទរថយន្តអគ្គិសនីសម្រាប់អាជីវកម្ម ខណៈថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះរំពឹងថា សម្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានឹងវិវត្តលឿនជាងផែនការគ្រោងទុករបស់រដ្ឋាភិបាល។
រថយន្តអគ្គិសនី
ដោយ

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Zo Motors Cambodia បានគូសបញ្ជាក់ថា វិបត្តិប្រេងឥន្ធនៈបានធ្វើឱ្យពលរដ្ឋកម្ពុជា មួយចំនួន ងាកមកប្រើប្រាស់យានយន្តអគ្គិសនីកើនឡើងលើសពីការរំពឹងទុក។ ជាក់ស្ដែងមកដល់ពេលនេះ ការបញ្ជាទិញរថយន្តអគ្គិសនីប្រភេទអាជីវកម្មពីក្រុមហ៊ុន Zo Motors Cambodia មានការកើនឡើងខ្លាំងរហូតដាច់ស្តុក។ ទន្ទឹមនេះ លោកបណ្ឌិត វាយតម្លៃថា សម្ទុះនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានឹងមានការវិវត្តលឿនជាងផែនការ ដែលរដ្ឋាភិបាលបានគ្រោងទុក។

លោកបណ្ឌិតបានបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីក្នុងវិស័យដឹកជញ្ជូន មិនត្រឹមតែជួយសន្សំសំចៃថ្លៃដើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេដែកទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ តាមរយៈការកាត់បន្ថយចំណាយភស្តុភារកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពប្រកួតប្រជែង។

ជាមួយគ្នានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបង្ហើបពីគម្រោងចំណាយថវិកាចំនួន១០លានដុល្លារ ដើម្បីពង្រីកបណ្តាញស្ថានីយសាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងកំណើនអ្នកប្រើប្រាស់ ដែលយោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រឹមឆ្នាំ២០២៥ មានយានយន្តអគ្គិសនីជិត៨ពាន់គ្រឿងបានចុះបញ្ជី។

បើតាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ រាជរដ្ឋាភិបាល បានដាក់គោលដៅជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនី ៤០% នៅត្រឹមឆ្នាំ២០៥០ ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន និងកសាងកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


វិបត្តិប្រេងឡើងថ្លៃ! ក្រសួងឧស្សាហកម្មស្នើឱ្យអ្នកផលិតក្នុងស្រុកងាកទៅប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីរក្សាភាពប្រកួតប្រជែង

ក្នុងកាលៈទេសៈដែលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវវិធានការជំរុញឱ្យម្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ