ការបដិសេធនេះកើតឡើង ខណៈប្រព័ន្ធនយោបាយអាម៉េរិកកំពុងចាប់ផ្តើមសម្លឹងរកអ្នក ដែលអាចក្លាយជាអ្នកបន្តដឹកនាំគណបក្សសាធារណរដ្ឋ បន្ទាប់ពីលោក ដូណាល់ ត្រាំ។រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ភីត ហេកសេត (Pete Hegseth) ដែលជាអតីតពិធីករសារព័ត៌មាន Fox News និងជាឥស្សរជនអភិរក្សនិយមដ៏លេចធ្លោ បានចេញមុខបដិសេធដាច់ខាតចំពោះសេចក្តីរាយការណ៍របស់សារព័ត៌មាន NBC News ដែលថា លោកបានពិភាក្សាជាមួយមិត្តភក្តិ និងសហការីអំពីលទ្ធភាពឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៨។ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X រដ្ឋមន្ត្រីការពារជាតិរូបនេះបានអះអាងថា លោកបានប្រាប់សារព័ត៌មានរួចហើយថា លោកគ្មានបំណងឈរឈ្មោះទេ ហើយបានរិះគន់សេចក្តីរាយការណ៍នោះថា ពឹងផ្អែកលើប្រភពអនាមិក។
សារព័ត៌មាន NBC News បានលើកឡើងពីការបង្ហាញខ្លួនរបស់លោក ភីក ហេកសេត នៅឯពិព័រណ៍មួយក្នុងរដ្ឋ Iowa ថា អាចជាការធ្វើសកម្មភាពនយោបាយរបស់លោក។ ប៉ុន្តែលោកបកស្រាយថា លោកទៅទីនោះដើម្បីជួយធ្វើយុទ្ធនាការឱ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក ហ្សាច ណាន់ (Zach Nunn) ប៉ុណ្ណោះ។រហូតមកទល់ពេលនេះ មិនទាន់មានបេក្ខជនសំខាន់ណាម្នាក់ប្រកាសបើកយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៨ ជាផ្លូវការនៅឡើយទេ។ ប៉ុន្តែឈ្មោះបេក្ខជនជាច្រើនកំពុងត្រូវបានលើកឡើងដូចជាអនុប្រធានាធិបតី ជេឌី វេន (JD Vance) រដ្ឋមន្ត្រីការបរទេស ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) សមាជិកព្រឹទ្ធសភា ថេដ ក្រាស់ (Ted Cruz) និងអតីតពិធីករ Fox News លោក ថាខឺ ខាលសុន (Tucker Carlson)។ ក្នុងចំណោមនោះលោក JD Vance និងលោក Marco Rubio កំពុងក្លាយជាឥស្សរជនដ៏សំខាន់ក្នុងការជជែកអំពីអ្នកស្នងតំណែងនយោបាយរបស់គណបក្សសាធារណរដ្ឋ។
លោក ជេឌី វេន បានលើកឡើងថា លោកនឹងសម្រេចចិត្តអំពីអនាគតនយោបាយរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ ចំណែកលោក ម៉ាកូ រ៉ូប៊ីអូ បានអះអាងថា លោកនឹងគាំទ្រលោក ជេឌី វេន ប្រសិនបើអនុប្រធានាធិបតីរូបនេះសម្រេចចិត្តឈរឈ្មោះ។ ការប្រកួតប្រជែងនេះអាចបង្ហាញពីការបែកចែកកាន់តែច្បាស់នៅក្នុងគណបក្សសាធារណរដ្ឋរវាងប្រជានិយមបែបលោក ត្រាំ និងគោលនយោបាយអភិរក្សនិយមបែបប្រពៃណី ខណៈគណបក្សនេះកំពុងចាប់ផ្តើមសម្លឹងរកអ្នកដឹកនាំសម្រាប់យុគសម័យក្រោយលោក ត្រាំ៕