គម្រោងដ៏ធំមួយនេះ ត្រូវបានសហការវិនិយោគរួមគ្នា ដោយក្រុមហ៊ុន YCH Group របស់សិង្ហបុរី និងក្រុមហ៊ុន Sear Brothers Investments របស់កម្ពុជា ព្រមទាំងបានរៀបចំពិធីបញ្ចុះបឋមសិលាគម្រោង កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅ នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មពហុប្រព័ន្ធនេះត្រូវបានសាងសង់ឡើងសម្រាប់ទ្រង់ទ្រាយធំ និងមានសមត្ថភាពលើកដាក់ទំនិញពេញប្រមាណដល់ ២,០០០ TEU ក្នុងមួយថ្ងៃ ដោយតភ្ជាប់ ផ្លូវទឹក-ផ្លូវគោក និងផ្លូវល្បឿនលឿន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដោយផ្ទាល់ ព្រមទាំងស្ថិតនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជាថែមទៀតផង។
គម្រោង Cambodia SuperPort® ត្រូវបានអភិវឌ្ឍជាមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មរួមបញ្ចូលគ្នា ដែលមានឡូត៍ដីទីតាំងសម្រាប់ឧស្សាហកម្ម រោងចក្រសាងសង់រួចជាស្រេច ទីធ្លាកុងតឺន័រ ឃ្លាំងស្តុកទំនិញ ភស្តុភារកម្មក្រោមការគ្រប់គ្រងគយ និងសមត្ថភាពគ្រប់គ្រងការដឹកជញ្ជូនទំនិញ នៅក្នុងតំបន់ដែលបានរៀបចំផែនការជាក់លាក់ នឹងគ្រប់ជ្រុងជ្រោយតែមួយ។
គម្រោងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការប្រមូលផ្តុំ និងការដឹកជញ្ជូនទំនិញផលិតកម្ម ទាំងបច្ចុប្បន្ន និងអនាគត តាមរយៈប្រព័ន្ធភស្តុភាររួមបញ្ចូលគ្នា ដែលមានប្រសិទ្ធភាព និងភាពជឿជាក់កាន់តែប្រសើរ។
បន្ថែមពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គម្រោង Cambodia SuperPort® នឹងផ្តោតលើការយកចិត្តទុកដាក់ និងការអភិវឌ្ឍសមត្ថភាពពលករក្នុងស្រុក ដោយប៉ាន់ស្មានថានឹងគាំទ្រកម្មករប្រមាណ ៥០០ នាក់ក្នុងអំឡុងពេលសាងសង់ ក្នុងនោះប្រមាណ ៨០% រំពឹងថានឹងជាជនជាតិខ្មែរ ព្រមទាំងអាចផ្តល់ឱកាសការងារបានដល់ ២០,០០០ កន្លែង នៅពេលដំណើរការពេញលេញ។
ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន YCH Group លោកវេជ្ជបណ្ឌិត Robert Yap មានប្រសាសន៍ថា៖ "ការបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្ម (Cambodia SuperPort®) គឺជាជំហានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មអាស៊ាន និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងផ្សេងទៀត។ ក្រុមហ៊ុន YCH Group នឹងនាំយកបច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ ដែលជួយកែលម្អលំហូរទំនិញ។ ជាពិសេស គាំទ្រដល់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងកសាងសមត្ថភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងអភិវឌ្ឍសមត្ថភាពពលករកម្ពុជា តាមរយៈវិទ្យាស្ថាន SCALA និងកម្មវិធី EduRise ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។"
ក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣ (CITLS) នឹង បណ្តាញភស្តុភារឆ្លាតវៃរបស់អាស៊ាន (ASLN), Cambodia SuperPort® (PPLC) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធតំបន់ដ៏សំខាន់ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងអាស៊ីអាគ្នេយ៍។
មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះត្រូវបានរំពឹងថានឹងប្រើប្រាស់ថាមពលកកកើតឡើងវិញ ប្រព័ន្ធសន្សំសំចៃថាមពល បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការរចនារបស់គម្រោងនេះ នឹងជំរុញការប្រើប្រាស់ថាមពល ទឹក និងធនធានផ្សេងទៀតប្រកបដោយប្រសិទ្ធភាព ដោយចូលរួមចំណែកគាំទ្រដល់គោលដៅរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។