វិស័យស្រូវ អង្ករ

តើកម្ពុជា អាចសម្រេចគោលដៅនាំចេញអង្ករ ឱ្យបាន១លានតោន ដើម្បីអង្រួនទីផ្សារអន្តរជាតិបានដែរឬទេ?


ទំហំទីផ្សារអង្ករសកលនៅក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងហក់ឡើងដល់ជាង៣១៧ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងបរិមាណជួញដូរជាង៥០០លានតោន។ ផ្អែកលើតួលេខដ៏មហាសាលនេះ ថ្វីបើទំហំនាំចេញរបស់កម្ពុជា នៅមានកម្រិតតិចតួចក៏ដោយ ប៉ុន្តែកម្ពុជា បានស្ថិតក្នុងបញ្ជីប្រទេសនាំចេញស្រូវ-អង្ករកំពូលទាំង១០ លើពិភពលោក។ យ៉ាងណាមិញទីតាំង និងការនាំចេញអង្កររបស់កម្ពុជានឹងកាន់តែល្អប្រសើរជាងនេះ ប្រសិនបើគោលនយោបាយកែច្នៃជំរុញការនាំចេញអង្ករ និងកាត់បន្ថយការនាំចេញស្រូវសើម ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
ឱ្យបាន
ដោយ

ប្រសិនបើកម្ពុជា អាចសម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការនាំចេញអង្ករ ឱ្យបាន១លានតោនក្នុងឆ្នាំ២០២៦ តាមបំណងប្រាថ្នារយៈពេល១ទសវត្សរ៍ចុងក្រោយនោះ វានឹងក្លាយជារបត់ពាណិជ្ជកម្មថ្មី ដែលបញ្ជាក់ពីសមត្ថភាពកែច្នៃ និងការប្រកួតប្រជែងរបស់វិស័យស្រូវ-អង្ករកម្ពុជា លើឆាកអន្តរជាតិ។ ផ្អែកតាមទិន្នន័យស្រាវជ្រាវរបស់ស្ថាប័ន Grand View Research ទីផ្សារអង្ករពិភពលោកនឹងមានការជួញដូរសរុបឈានដល់ជាង៥០០លានតោនជាមួយតម្លៃជាង៣១៧ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៦ នេះ។ ទោះបីជាមានប្រទេសដាំដុះស្រូវច្រើននៅលើពិភពលោកក៏ដោយ ប៉ុន្តែមានប្រទេសតិចតួចណាស់ ដែលមានសមត្ថភាពកែច្នៃ កិនស្រូវជាអង្ករគុណភាពខ្ពស់ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមស្ថិតិនាំចេញរបស់ Trade Atlas ក្នុងចំណោមមហាអំណាចនាំចេញអង្ករកំពូលទាំង១០លើពិភពលោក រួមមាន ឥណ្ឌា វៀតណាម ថៃ ប៉ាគីស្ថាន អាម៉េរិក ចិន មីយ៉ាន់ម៉ា កម្ពុជា ប្រេស៊ីល និងអ៊ុយរ៉ូហ្គាយ ប្រទេសឥណ្ឌា កំពុងក្តោបក្តាប់តំណែងកំពូលដោយនាំចេញបានរហូតដល់២១ទៅ២២លានតោន ខណៈវៀតណាម ឈរលេខ២ ក្នុងរង្វង់ជិត៨លានតោន, ថៃឈរលេខ៣ មានជាង៧លានតោន និងប៉ាគីស្ថាន ឈរលេខ៤ ក្នុងបរិមាណជាង៥លានតោន។
សម្រាប់កម្ពុជា ប្រសិនបើគិតគូរទាំងបរិមាណស្រូវ និងអង្ករបញ្ចូលគ្នាមានប្រមាណជាង៣លានតោន ដែលអាចឈរនៅលំដាប់ថ្នាក់លេខ៥ យ៉ាងកក់ក្តៅ។ ទោះជាយ៉ាងណាដោយសារតែទិន្នផលភាគច្រើនត្រូវបាននាំចេញក្រោមទម្រង់ជាស្រូវសើមមិនទាន់កែច្នៃ ទើបធ្វើឱ្យចំណាត់ថ្នាក់នាំចេញអង្ករសុទ្ធរបស់កម្ពុជា ធ្លាក់ទៅឈរនៅលំដាប់ថ្នាក់លេខ៨វិញ។
ផ្អែកលើរបាយការណ៍ផ្លូវការពីសហព័ន្ធស្រូវ អង្ករកម្ពុជា កាលពីឆ្នាំ២០២៥ កម្ពុជា នាំចេញអង្ករសម្រេចបានជាង៩៤ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ៦០២លានដុល្លារ ខណៈការនាំចេញស្រូវសើមមានរហូតដល់ជិត៧លានតោន គិតជាទឹកប្រាក់ប្រមាណជាង១,៥ពាន់លានដុល្លារ ដែលធ្វើឱ្យចំណូលសរុបពីវិស័យស្រូវ-អង្ករ នៅឆ្នាំនោះ កើនដល់ជាង២,១ពាន់លានដុល្លារអាម៉េរិក។
ដោយឡែកត្រឹមរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជា សម្រេចបានការនាំចេញអង្ករជិត៧១ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ៤១៥លានដុល្លារ និងស្រូវសើមជាង៣លានតោនស្មើនឹង៦៦៦លានដុល្លារ។ តាមរយៈតួលេខនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើកម្ពុជា អាចរក្សាល្បឿនជំរុញការនាំចេញអង្ករឱ្យគ្រប់១លានតោនតាមផែនការគ្រោងទុក ហើយបន្តរក្សាតួលេខនាំចេញស្រូវដូចឆ្នាំមុន នោះទំហំរូបិយប័ណ្ណបរទេសដែលហូរចូលស្រុកពីវិស័យនេះ នឹងបង្កើតនូវកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ព្រមទាំងរុញកម្ពុជា ឱ្យចាកផុតពីប្រទេសលក់វត្ថុធាតុដើមទៅជាតួអង្គកែច្នៃ និងនាំចេញអង្ករកម្រិតអន្តរជាតិ យ៉ាងពិតប្រាកដ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការចូលចតរបស់នាវាផ្ទុកយន្តហោះអាម៉េរិក នៅប៉ាតាយ៉ា បានផ្តល់ក្តីសង្ឃឹមសេដ្ឋកិច្ច តែបង្កក្តីបារម្ភពីទេសចរណ៍ផ្លូវភេទ

ដំណើរឈប់សំចតរបស់នាវាផ្ទុកយន្តហោះអាម៉េរិក USS Abraham Lincoln នៅក្បែរប៉ាត់តាយ៉ា ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ចក្នុង…

គម្រោងមជ្ឈមណ្ឌលភស្ដុភារ និងឧស្សាហកម្មតម្លៃវិនិយោគ ៣០០លានដុល្លារ នៅកំពង់ស្ពឺ នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០២៧

ជាការបោះជំហានថ្មីដ៏សំខាន់មួយទៀត សម្រាប់ការអភិវឌ្ឍវិស័យភស្ដុភារ និងពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីតភ្ជាប់ទៅកាន់តំបន់ និងពិភពលោក ដោយថ្មីៗន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ