កិច្ចព្រមព្រៀងសន្តិភាព

ជំនាញការទូតអះអាងថា ថៃ គ្មានជម្រើសអ្វីក្រៅពីទទួលយកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដើម្បីផ្គាប់ចិត្តលោក ត្រាំ នោះទេ


អ្នកការទូតអាស៊ីអាគ្នេយ៍ម្នាក់បាននិយាយថា ប្រទេសថៃ គ្មានជម្រើសក្រៅពីទទួលយកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលគ្រោងនឹងចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ឆាប់ៗនេះនោះទេ ដើម្បីផ្គាប់ចិត្តប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ខណៈប្រទេសថៃ បានជំទាស់ជាយូរមកហើយ ដោយមិនស្វាគមន៍ការចូលរួមពីបរទេសណាមួយឡើយ ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសជិតខាងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ី។
សន្តិភាពកម្ពុជា-ថៃ
ដោយ

ប្រទេសថៃ បានបដិសេធជាច្រើនទសវត្សរ៍មកហើយចំពោះការសម្របសម្រួលរបស់អន្តរជាតិក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដែលមានភាពតានតឹងខ្លាំងរហូតធ្វើឱ្យមានការប៉ះទង្គិចប្រដាប់អាវុធដ៏សាហាវរយៈពេល៥ថ្ងៃនៅក្នុងខែកក្កដា។ ផ្ទុយទៅវិញ ថៃបានទទូចដោះស្រាយបញ្ហានេះតាមរយៈយន្តការចរចាទ្វេភាគី ដែលមានវឌ្ឍនភាពតិចតួចបំផុតនាពេលកន្លងមក។

ការធុញថប់អារម្មណ៍របស់ពលរដ្ឋថៃ ដោយសារការប៉ះទង្គិចគ្នាតាមព្រំដែន និងការផ្ទុះកំហឹងក្នុងចំណោមអ្នកជាតិនិយមជ្រុលក្នុងប្រទេសបានកើតចេញពីការដកថយរបស់អន្តរជាតិ។ នៅឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចថា ប្រាសាទព្រះវិហារសាងសង់ដោយចក្រភពខ្មែរនោះ គឺស្ថិតនៅលើទឹកដីកម្ពុជា។ សេចក្តីសម្រេចនេះបានបញ្ជាក់ពីលើសាលក្រមរបស់តុលាការ ICJ ក្នុងឆ្នាំ១៩៦២ ដែលបានផ្តល់អធិបតេយ្យភាពនៃប្រាសាទដែលស្ថិតនៅលើដីព្រំដែនត្រួតស៊ីគ្នានេះទៅឱ្យកម្ពុជា។

រដ្ឋាភិបាលថៃ ជាបន្តបន្ទាប់បានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចនេះនោះទេ និងការប៉ុនប៉ងចង់លូកដៃជួយរបស់អន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព។ ប៉ុន្តែអ្នកការទូតអាស៊ីអាគ្នេយ៍ម្នាក់ដែលដឹងអំពីការចរចាសម្រាប់បទឈប់បាញ់នៅម៉ាឡេស៊ីក្នុងពេលខាងមុខនេះបានប្រាប់នីកេអាស៊ីថា ឥឡូវនេះទីក្រុងបាងកកគ្មានជម្រើសទេ ពោលគឺថៃមិនអាចគេចវេសពីការចូលរួមពីបរទេសបានឡើយដោយសារតែហានិភ័យ ដែលលោក ត្រាំ បានលើកឡើងក្នុងពេលកន្លមក។ ដំបូងឡើយ ថៃបានយល់ព្រមលើតួនាទីរបស់អ្នកខាងក្រៅធ្វើជាអ្នកសម្របសម្រួល មិនមែនជាអន្តរការី ឬអ្នកចរចានោះទេ ប៉ុន្តែក៏មានការផ្លាស់ប្តូរដើម្បីជៀសវាងការធ្វើឱ្យលោក ត្រាំ អាក់អន់ចិត្តចំពោះថៃ។

អ្នកការទូតថៃបានអះអាងថា ប្រទេសថៃនឹងប្រឈមមុខនឹងសម្ពាធច្រើនជាងប្រទេសកម្ពុជាដោយសារតែវិធីសាស្រ្ត ដែលប្រទេសទាំងពីរបានអនុវត្តចាប់តាំងពីការប្រយុទ្ធគ្នាកាលពីខែកក្កដា ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់រយរាប់ពាន់នាក់ត្រូវចាកចោលទីលំនៅ។

អ្នកការទូតម្នាក់មកពីបេសកកម្មលោកខាងលិចបាននិយាយថា ប្រទេសកម្ពុជាបានបើកចំហចំពោះដំណោះស្រាយដោយប្រើភាគីទី៣ និងពហុភាគីដើម្បីស្តារសន្តិភាពឡើងវិញ ក៏ដូចជាដើម្បីបំពេញភាពទន់ខ្សោយរបស់ខ្លួននៅក្នុងទំនាក់ទំនងមិនស៊ីមេទ្រីរវាងប្រទេសទាំងពីរ រីឯប្រទេសថៃបានសម្រេចជំទាស់នឹងបញ្ហានេះដោយសារជំនឿយ៉ាងមុតមាំថា សម្បទានបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួន។

កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ ឬកិច្ចព្រមព្រៀងក្រុងគូឡាឡាំពួរដែលខិតជិតមកដល់នោះត្រូវបានគេចាត់ទុកថា ជាចំណុចលេចធ្លោផ្នែកការទូត នៃទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានមូលហេតុអ្វីជំរុញឱ្យថៃ ហាក់បន្ទន់ឥរិយាបថក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា?

ភាគីថៃ ដែលកន្លងមកតែងតែបង្កបញ្ហា និងយកលេសពន្យារពេលកិច្ចប្រជុំជាមួយកម្ពុជា ម្តងហើយម្តងទៀតត្រូវបានគេឃើញថា នៅមួយរយៈចុងក្រោយនេះហាក់បន្ទន់ឥរិយ…

មេដឹកនាំអាម៉េរិក និងចិន ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅសប្តាហ៍ក្រោយ ដើម្បីបន្ធូរបន្ថយជម្លោះពាណិជ្ជកម្ម

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង គ្រោងនឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ នៅប្រទេសកូរ៉េខាងត្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ