មន្ត្រីជាន់ខ្ពស់អាម៉េរិក ដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណរូបនេះ បាននិយាយយ៉ាងដូច្នេះថា «ប្រធានាធិបតី ត្រាំ ប្តេជ្ញាបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។»
បើតាម Anadolu សេចក្ដីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់អាម៉េរិកនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានចាប់ផ្ដើមវាយប្រហារតាមផ្លូវអាកាសមកលើតំបន់ព្រំដែនជាមួយប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ដែលភាគីថៃ បានចោទថា កម្ពុជា គឺជាអ្នកវាយប្រហារមុនមកលើកងកម្លាំងរបស់ខ្លួន ដែលធ្វើឱ្យទហានថៃម្នាក់ស្លាប់ និងរបួសជាច្រើននាក់។
ប៉ុន្ដែ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាល់ចោលការលើកឡើងរបស់ភាគីថៃ ដែលថាកម្ពុជាជាអ្នកបាញ់ប្រហារមុននេះ គឺជាការផ្សាយព័ត៌មានមិនពិតនោះឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា គិតតាំងពីថ្ងៃកើតហេតុដំបូង ពោលគឺនៅថ្ងៃទី៧ ខែធ្នូ កម្ពុជាបានរក្សាការអត់ធ្មត់ខ្ពស់ ដោយពុំបានបាញ់តបតទៅកាន់ភាគីថៃនោះឡើយ ខណៈដែលយោធាថៃ បានប្រើប្រាស់អាវុធគ្រប់ធុនបាញ់ស្រោចមកលើកម្ពុជា រួមទាំងការប្រើប្រាស់យន្ដហោះចម្បាំងទម្លាក់គ្រាប់បែក និងការបាញ់ផ្សែងពុលជាដើម។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន កាលពីថ្ងៃទី ៨ ខែធ្នូ ក៏បានប្រកាសក្ដែងៗ ចាត់ទុកកិច្ចព្រមព្រៀងគូឡាឡាំពួរជាមោឃៈ និងថា មិនខ្វាយខ្វល់ចំពោះការសម្របសម្រួលរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ដែលជាសាក្សីនៃកិច្ចព្រមព្រៀងសន្ដិភាពនោះឡើយ។
ដោយឡែក លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃទី ៨ ខែធ្នូ ក៏បានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងចំពោះ ការផ្ទុះអាវុធសារជាថ្មី នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និង ជំរុញឱ្យភាគីទាំងពីរ អនុវត្តការ អត់ធ្មត់ ជាអតិបរមា រក្សាបណ្តាញទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការ ដែលមានស្រាប់ ឱ្យបាន ពេញលេញ។ ម៉ាឡេស៊ី ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រជំហាន ដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងទប់ស្កាត់ឧបទ្ទវហេតុបន្តបន្ទាប់ទៀត៕