ទីផ្សារសម្បុកត្រចៀកកាំ

ហេតុអ្វីតម្លៃសម្បុកត្រចៀកកាំកម្ពុជា នៅតែទ្រឹង បើទោះជាទ្វារនាំចេញទៅចិន បើកជាផ្លូវការ?


ការនាំចេញសម្បុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់សហគ្រិន និងអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជា នៅតែមិនទាន់អាចសម្រេចបានដូចបំណងនៅឡើយទេ ដោយសារតែតម្រូវការបច្ចេកទេស និងបទដ្ឋានភូតគាមអនាម័យដ៏តឹងរ៉ឹងរបស់អគ្គរដ្ឋបាលគយចិន។ គិតមកទល់ពេលនេះមានក្រុមហ៊ុនកម្ពុជា តែមួយគត់ដែលទទួលបានអាជ្ញាបណ្ណនាំចេញជាផ្លូវការ។ តើស្ថានភាពទីផ្សារសម្បុកត្រចៀកកាំកម្ពុជា មានការប្រែប្រួល និងជួបបញ្ហាប្រឈមអ្វីខ្លះ ក្រោយមានការបើកច្រកនាំចេញ​ទៅចិន?
ទីផ្សារសម្បុកត្រចៀកកាំ
ដោយ

លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃសម្បុកត្រចៀកកាំកម្ពុជា មិនទាន់មានសញ្ញាហក់ឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ ដោយសារវាអាស្រ័យទាំងស្រុងលើសមាសភាគទីផ្សារអន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ ទោះបីជាទ្វារនាំចេញផ្លូវការទៅកាន់ចិនត្រូវបានបើកក៏ដោយ ប៉ុន្តែតម្លៃនៅលើទីផ្សារនៅតែរក្សាភាពស្ងប់ស្ងាត់ និងប្រែប្រួលទៅតាមយន្តការទីផ្សាររួម។

លោកស្រីបានបន្ថែមថា ការនាំចេញរបស់ក្រុមហ៊ុន បេសឡាយហ្វ៍ ប្រូដាក ទៅកាន់ប្រទេសចិន កំពុងដំណើរការជាជំហានៗ ដោយមិនទាន់មានបរិមាណច្រើននៅឡើយទេ ព្រោះការផ្គត់ផ្គង់ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ស្របតាមកិច្ចសន្យា និងតម្រូវការជាក់ស្តែង។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ សម្បុកត្រចៀកកាំកម្ពុជា កំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីផលិតផលរបស់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលបានឈរជើង និងក្តោបក្តាប់ចំណែកទីផ្សារចិនយ៉ាងរឹងមាំជាយូរមកហើយ។ ដូច្នេះសហគ្រិនកម្ពុជាគ្មានជម្រើសអ្វីក្រៅពីបន្តពង្រឹងគុណភាព អនាម័យ និងស្តង់ដារភូតគាមអនាម័យ ឱ្យស្របតាមបទដ្ឋានដ៏តឹងរ៉ឹងរបស់គយចិន នោះឡើយ។

ជាមួយគ្នានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានកត់សម្គាល់ថា តម្លៃសម្បុកត្រចៀកកាំមិនទាន់មានការស្ទុះឡើងនោះទេ ខណៈចំនួនក្រុមហ៊ុនដែលមានលទ្ធភាពនាំចេញផ្លូវការនៅមានកម្រិត។ តែយ៉ាងណាលោកអះអាងថា តម្លៃសម្បុកត្រចៀកកាំហាក់មានស្ថិរភាពល្អនៅមួយរយៈពេលចុងក្រោយនេះ ដោយសម្បុកត្រចៀកកាំមិនទាន់កែច្នៃមានតម្លៃជាមធ្យមចន្លោះពី៣០០ទៅ៥០០ដុល្លារក្នុងមួយគីឡូក្រាម។ បើតាមលោក ស៊ុយ កុកធាន បញ្ហារាំងស្ទះ ដែលធ្វើឱ្យក្រុមហ៊ុនមួយចំនួនមិនទាន់អាចនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិនបាន គឺពាក់ព័ន្ធនឹងបច្ចេកទេសស្តង់ដាភូតគាមអនាម័យ និងការបំពេញនីតិវិធីដ៏ស្មុគស្មាញរបស់គយចិន។

គួររំឭកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ ភាគីចិន បានយល់ព្រមជាគោលការណ៍ចំពោះការនាំចូលសំបុកត្រចៀកកាំពីកម្ពុជា ប៉ុន្តែបានតម្រូវឱ្យមានការត្រួតពិនិត្យ និងរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់បំផុតចាប់តាំងពីប្រភពផ្ទះត្រចៀកកាំ ខ្សែច្រវាក់ផលិតកម្មនៃរោងចក្រកែច្នៃ រហូតដល់បទដ្ឋានសុវត្ថិភាពចំណីអាហារ។ ផ្អែកលើការបំពេញលក្ខខណ្ឌទាំងនេះ ទើបនាពេលថ្មីៗនេះ អគ្គរដ្ឋបាលគយចិន បានសម្រេចអនុម័តផ្លូវការឱ្យក្រុមហ៊ុន បេសឡាយហ្វ៍ ប្រូដាក ក្លាយជាប្រតិបត្តិករដំបូងគេ ដែលអាជ្ញាធរចិន បើកផ្លូវឱ្យនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន ជាផ្លូវការ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ហេតុអ្វី IMF ព្រមានថា ការកើនឡើងប្រាក់ចំណេញពីបណ្ណបំណុល គំរាមកំហែងដល់ការគ្រប់គ្រងបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍?

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការកើនឡើងអត្រាចំណេញពីបណ្ណបំណុលក្នុងប្រទេស​មាន​សេដ្ឋកិច្ចធំៗអាចបំផ្លាញវឌ្ឍនភាព ដែលបណ្ដាប្រទេស…

ហូឡង់សម្រុកដឹកមាស៨៦តោនចេញពីអាម៉េរិក តើអឺរ៉ុប កំពុងបាត់បង់ទំនុកចិត្តលើអាម៉េរិកមែនទេ?

ហូឡង់ បានផ្លាស់ទីមាសបម្រុង​របស់​ខ្លួនដល់ទៅ៨៦តោន ដែលមានតម្លៃរាប់ពាន់លានដុល្លារចេញពីឃ្លាំងនៅអាម៉េរិក និងកាណាដា ទៅរក្សាទុកនៅទីក្រុងឡុងដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ