
លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២៥ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅវិញទៅមករវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ចន្លោះពី២០% ទៅ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតម្លៃដឹកជញ្ជូនពុំមានការប្រែប្រួលនោះទេ។ កំណើនការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះត្រូវបានជំរុញជាចម្បងដោយសារការបិទព្រំដែនគោករវាងកម្ពុជា-ថៃ ក្រោយក្រុមហ៊ុនបានបង្វែរពីការដឹកតាមផ្លូវគោកមកដឹកតាមផ្លូវទឹក ហើយការទទួលបានអត្រាពន្ធបដិការ១៩% ពីអាម៉េរិក ក៏ជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជា ទៅអាម៉េរិក នៅតែរក្សាបានកំណើនខ្ពស់ ដូច្នេះការដឹកជញ្ជូនតាមផ្លូវទឹកក៏មានភាពល្អប្រសើរផងដែរ។
ស្រដៀងគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពនៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា នៅប៉ុន្មានខែកន្លងមកនេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំមុន ពោលគឺមានសកម្មភាពមមាញឹកខ្លាំងគួរឱ្យកត់សម្គាល់។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ការកើនឡើងបរិមាណដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះត្រូវបានជំរុញជាចម្បងដោយសារការបិទព្រំដែនគោករវាងកម្ពុជា-ថៃ។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស កត់សម្គាល់ឃើញថា ចាប់តាំងពីមានការបិទព្រំដែនគោកទាំងស្រុងរវាងកម្ពុជា និងថៃមក ទំនិញមួយចំនួនត្រូវបានបង្វែរពីការដឹកតាមផ្លូវគោកទៅតាមផ្លូវទឹកជំនួសវិញ ដែលជំរុញឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា មានការកើនឡើងយ៉ាងគំហុកនាពេលនេះ ដែលជំរុញឱ្យមានការកកស្ទះទូកុងតឺន័រយ៉ាងច្រើននៅកំពង់ផែក្រុងព្រះសីហនុ ដែលឈានទៅដល់ការប្រកាសឱ្យមានការកាត់បន្ថយការស្តុកទុកទូកុងតីន័រក្នុងបរិវេណកំពង់ផែ ដើម្បីកាត់បន្ថយការកកស្ទះ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែកន្លងមកនេះ ការដោះដូរទំនិញរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត៤៧ពាន់លានដុល្លារ កើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំជាង២២ពាន់លានដុល្លារកើនឡើងជិត១៣% ខណៈកម្ពុជា នាំចូលមកវិញមានទំហំជាង២៤ពាន់លានដុល្លារកើនឡើងជាង១៦%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕