តំណាងមកពីក្រុមហ៊ុនសហគ្រាសវៀតណាម ប្រមាណ៥០បានជួបប្រជុំគ្នានៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេអំពីប្រតិបត្តិការ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ការទំនាក់ទំនងល្អនៅកម្ពុជា ផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tăng) បានថ្លែងក្នុងពិធីជួបជុំនេះថា ស្ថានទូតវៀតណាមចង់ស្វែងយល់អំពីការលំបាក ដែលអាជីវកម្មនានាកំពុងជួបប្រទះ ក៏ដូចជាចង់ស្ដាប់សំណូមពររបស់ពួកគេផងដែរ ដើម្បីបញ្ជូនមតិយោបល់ទាំងនោះទៅបណ្ដាទីភ្នាក់ងារនៅកម្ពុជា និងវៀតណាមជួយរកដំណោះស្រាយ។
ទន្ទឹមនេះ លេខាទី១ នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក ទួន ង្វៀន ទៀន (Tuấn Nguyên Tiến) ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងឆ្នាំ២០២៣ កន្លងទៅ ហើយបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤ នឹងសម្រេចបានកំណើនយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាពមិនចាញ់ឆ្នាំ២០២៣ នោះឡើយ ដែលនឹងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់អាស៊ាន។
លោកបានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)ឱ្យបានជាង៦ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ នេះ កម្ពុជាទំនងជាត្រូវបន្តអំពាវនាវឱ្យបណ្ដាក្រុមហ៊ុនបរទេសមកបោះទុនវិនិយោគលើវិស័យអាទិភាពនានា ដូចជាការកែច្នៃផលិតផលកសិកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ផលិតកម្មឧស្សាហកម្ម ថាមពលស្អាត ទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។
នៅក្នុងពិធីដដែលនេះ បណ្ដាថ្នាក់ដឹកនាំធុរកិច្ចវៀតណាម បានស្នើឱ្យមានវិធានការមួយចំនួនដើម្បីគាំទ្រដល់សកម្មភាពវិនិយោគរបស់ពួកគេនៅកម្ពុជា ហើយបានបង្ហាញពីក្តីសង្ឃឹមបង្កើតបណ្តាញក្រុមហ៊ុនវៀតណាមនៅកម្ពុជា ដើម្បីពង្រឹងការជួយគាំទ្រគ្នាទៅវិញទៅមក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tăng) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាក្រុមហ៊ុនសហគ្រាសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយបានបង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០២៤ នេះក្រុមហ៊ុនសហគ្រាសវៀតណាមនឹងទទួលជោគជ័យបន្ថែមទៀតនៅកម្ពុជា៕