ទីផ្សារមាស

ហេតុអ្វីប្រទេសអឺរ៉ុប ជាច្រើនលែងចង់រក្សាទុកមាសបម្រុងនៅសហរដ្ឋអាម៉េរិក?


អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសជាច្រើននៅអឺរ៉ុប បានទុកចិត្តលើអាម៉េរិកក្នុងការរក្សាទុកមាសបម្រុងរបស់ខ្លួនឱ្យមានសុវត្ថិភាព។ ប៉ុន្តែពេល​នេះទំនុកចិត្តនោះកំពុងបាត់បង់ ខណៈភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់ឡើងកម្ដៅ។ ធនាគារកណ្តាលមួយចំនួនកំពុងផ្ទេរមាសបម្រុងចេញពីអាម៉េរិក ទៅកាន់ទីតាំងផ្សេង ដើម្បីធានាថា មាសទាំងនោះមានសុវត្ថិភាព អាចយកមកប្រើប្រាស់បានទាន់​ពេល និងត្រៀមរួចជាស្រេចក្នុងករណីមានវិបត្តិ។ នេះបើយោងតាមសារព័ត៌មាន Fortune ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែតុលា។
អឺរ៉ុប_ចាប់ផ្តើមបញ្ជូនមាសបម្រុង​កាន់តែច្រើនចេញពីអាម៉េរិក
ដោយ

កាលពីអំឡុងសង្គ្រាមលោកលើកទី២ និងក្រោយសង្គ្រាម ប្រទេសជាច្រើនបានយកមាសរបស់ខ្លួនទៅរក្សាទុកនៅធនាគារកណ្តាលអាម៉េរិក ដើម្បីធានាសុវត្ថិភាព។ ប៉ុន្តែនិន្នាការនេះកំពុងផ្លាស់ប្តូរ ខណៈរដ្ឋាភិបាលនានា ចាប់ផ្តើមវាយតម្លៃឡើងវិញអំពីហានិភ័យ នៃការរក្សាទុកទុនបម្រុងដ៏មានតម្លៃនៅក្រៅប្រទេស។

ជាក់ស្ដែងបារាំង បានផ្ទេរមាសបម្រុងទាំងអស់របស់ខ្លួនចេញពីធនាគារកណ្តាលអាម៉េរិក នៅចន្លោះខែកក្កដា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦។ ចំណែកឯប្រទេសហូឡង់ថ្មីៗនេះ បានផ្ទេរមាសជាង៧៨ តោនពីអាម៉េរិក និង៧តោនទៀតចេញពីកាណាដា ទៅកាន់ទីក្រុងឡុងដ៍ ដោយសារក្តីបារម្ភអំពីភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ និងតម្រូវការត្រៀមខ្លួនសម្រាប់វិបត្តិដែលអាចកើតមាន។

ធនាគារកណ្តាលហូឡង់ បានលើកឡើងថា ទីក្រុងឡុងដ៍ ផ្តល់ភាពងាយស្រួលជាងមុនក្នុងការចូលទៅកាន់ទីផ្សារមាសអន្តរជាតិ។ ទន្ទឹមនេះ អាល្លឺម៉ង់ និងអូទ្រីស ក៏បាននាំមាសបម្រុងមួយចំនួនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ និន្នាការនេះមិនមែនកើតឡើងតែនៅអឺរ៉ុបប៉ុណ្ណោះទេ។ ប្រទេសនានាដូចជា ឥណ្ឌា និងវេណេស៊ុយអេឡា ក៏បានផ្លាស់ប្តូរទីតាំងរក្សាទុកមាសបម្រុងរបស់ខ្លួនដែរ។

ក្រុមអ្នកវិភាគបានលើកឡើងថា ធនាគារកណ្តាលនានា កំពុងពិចារណាលើកត្តាសំខាន់ៗចំនួនបី គឺសុវត្ថិភាព លទ្ធភាពទទួលបានមាសមកប្រើប្រាស់ក្នុងពេលមានអាសន្ន និងភាពងាយស្រួលក្នុងការលក់ ឬជួញដូរមាសនៅពេលចាំបាច់។

ទន្ទឹមនេះអ្នកតាក់តែងច្បាប់អឺរ៉ុបមួយចំនួនបានអំពាវនាវឱ្យនាំមាសបម្រុងបន្ថែមទៀតត្រឡប់មកប្រទេសខ្លួនវិញ ចំពេលមានភាពតានតឹងជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ យ៉ាងណាក៏ដោយ ធនាគារកណ្តាលអាល្លឺម៉ង់ បានច្រានចោលការព្រួយបារម្ភថា មាសរបស់ខ្លួនដែលរក្សាទុកនៅអាម៉េរិក កំពុងប្រឈមហានិភ័យ។

ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ការផ្ទេរមាសទៅកាន់ទីតាំងផ្សេងមិនមានន័យថា ប្រទេសទាំងនោះមានគម្រោងលក់មាសចោលនោះទេ។ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃការធ្វើពិពិធកម្មទីតាំងរក្សាទុកទុនបម្រុងដើម្បីធានាថា មាសនៅតែមានសុវត្ថិភាព និងអាចយកមកប្រើប្រាស់បាននៅពេលចាំបាច់ ជាពិសេសក្នុងគ្រាដែលពិភពលោកកំពុងប្រឈមភាពមិនប្រាកដប្រជាកាន់តែខ្លាំង៕




អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចថៃ ព្រមានឱ្យរដ្ឋាភិបាលថៃ ដកបទពិសោធជាមេរៀន ជុំវិញភាពចលាចលនៅបារាំង

នៅពេលសេវាសាធារណៈធ្លាក់ចុះ ខណៈថ្លៃចំណាយលើការរស់នៅកើនឡើង កំហឹងរបស់ប្រជាពលរដ្ឋអាចផ្ទុះឡើងឈានទៅដល់ការធ្វើបាតុកម្មតាមដងផ្លូវ។ ភាពចលាចលថ្មី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ