បណ្តាប្រទេសផលិតមាសនៅអាស៊ី រួមមាន ឡាវ ឥណ្ឌូនេស៊ី និងចិន កំពុងដាក់ចេញវិធានការសំខាន់ៗមួយចំនួន ដើម្បីរក្សាមាសចម្រាញ់ក្នុងស្រុកឱ្យបានច្រើនជាអតិបរមា។ វិធានការគន្លឹះទាំងនោះរួមមានការបង្កើនសមត្ថភាពចម្រាញ់មាសក្នុងស្រុក ការដំឡើងពន្ធលើការនាំចេញ និងការបង្កើនការទិញមាសចូលដោយធនាគារកណ្តាល។
អ្នកវិភាគបានគូសបញ្ជាក់ថា និន្នាការស្រូបទាញមាសទុកក្នុងស្រុកនេះ អាចនឹងធ្វើឱ្យការផ្គត់ផ្គង់មាសនៅលើទីផ្សារសកលជួបបញ្ហាប្រឈម តែវាជាកត្តាទ្រទ្រង់តម្លៃមាសក្នុងរយៈពេលវែង។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងថា បណ្តាប្រទេសផលិតមាសនៅអាស៊ីកំពុងដើរតាមគន្លងយុទ្ធសាស្ត្រ ដែលក្រុមប្រទេសមហាអំណាចធ្លាប់បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក ដើម្បីទាញយកផលប្រយោជន៍អតិបរមាពីការកើនឡើងនៃតម្លៃមាស។
គួរបញ្ជាក់ថា ឡាវជាប្រទេសផលិតមាសធំមួយនៅតំបន់អាស៊ាន ដោយកាលពីឆ្នាំ២០២៥ ប្រទេសក្បែរខាងកម្ពុជាមួយនេះផលិតមាសបានប្រមាណ១២តោន និងមានប្រភពធនធានមាសក្នុងដីប៉ាន់ស្មានពី ៥០០ទៅ១,០០០តោន ខណៈបច្ចុប្បន្នប្រទេសនេះកំពុងរៀបចំផែនការយុទ្ធសាស្ត្រប្រមូលស្តុកមាសបន្ថែមយ៉ាងសកម្ម។
ជាមួយគ្នានេះ ឥណ្ឌូនេស៊ីទោះបីជាមានសមត្ថភាពផលិតមាសបានរហូតដល់ប្រមាណ១០០តោនក្នុងមួយឆ្នាំក៏ដោយ ប៉ុន្តែដើម្បីការពារស្ថិរភាពរូបិយវត្ថុ និងសេដ្ឋកិច្ច ឥណ្ឌូនេស៊ីបានសម្រេចដំឡើងពន្ធនាំចេញមាសរហូតដល់១៥% ដើម្បីរឹតបន្តឹងការហូរចេញទៅក្រៅប្រទេស។ ចំណែកចិនក្នុងនាមជាប្រទេសផលិតមាសធំជាងគេលើពិភពលោក ធនាគារកណ្តាលចិននៅតែបន្តយុទ្ធសាស្ត្រទិញមាសចូលស្តុកបម្រុងជាតិយ៉ាងគំហុករហូតដល់២២ខែជាប់ៗគ្នាមកហើយ។
ការប្តូរទិសដៅយុទ្ធសាស្ត្ររបស់បណ្តាប្រទេសទាំងនេះកើតឡើងចំពេលដែលតម្លៃមាសនៅលើទីផ្សារសកលកំពុងជួបប្រទះសម្ពាធថយចុះ។ ជាក់ស្តែងកាលពីចុងខែសីហា តម្លៃមាសបានស្ថិតនៅរង្វង់ ៥,៦៤០ដុល្លារក្នុងមួយតម្លឹង ប៉ុន្តែបានធ្លាក់ចុះមកនៅរង្វង់៤,៩២០ដុល្លារនៅចុងខែកញ្ញា និងស្ថិតនៅក្រោម៥,០០០ដុល្លារក្នុងមួយតម្លឹងនាដើមខែតុលា នេះ៕
ដោយៈ សរ សុជាតិ