អឺរ៉ុបចូលដៃជាមួយអាម៉េរិក

អឺរ៉ុបចូលដៃជាមួយអាម៉េរិកក្របាច់កផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ថ្កោលទោសចំពោះការចូលដៃចូលជើងនេះ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានចេញមុខកោតសរសើរសហភាពអឺរ៉ុប (EU) យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តចូលរួមជាផ្លូវការក្នុងប្រតិបត្តិការកាត់ផ្តាច់សេដ្ឋកិច្ចអ៊ីរ៉ង់ ដែលជាយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំដឹកនាំដោយក្រុងវ៉ាស៊ីនតោន។ យុទ្ធនាការប្រវត្តិសាស្ត្រនេះ មានគោលដៅរៀបចំរបាំងបិទខ្ទប់ និងកាត់ផ្តាច់រដ្ឋាភិបាលក្រុងតេអេរ៉ង់ ចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោកទាំងស្រុង ខណៈអាម៉េរិកបង្កើនសម្ពាធសេដ្ឋកិច្ចឱ្យដល់កម្រិតកំពូល។
អឺរ៉ុបចូលដៃជាមួយអាម៉េរិក
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CNBC កាលពីថ្ងៃទី៤ ខែកញ្ញា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានបង្ហោះសារនៅលើបណ្តាញសង្គមកោតសរសើរចំពោះជំហរដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលារបស់អឺរ៉ុប ដែលចូលរួមជាមួយអាម៉េរិកដាក់សម្ពាធសេដ្ឋកិច្ចអ៊ីរ៉ង់។ លោកបានគូសបញ្ជាក់ទៅកាន់សហគមន៍អ៊ីរ៉ង់ថា សហគមន៍អន្តរជាតិនឹងមិនដកថយជាដាច់ខាតរហូតទាល់តែប្រភពចំណូល និងលំហូរហិរញ្ញវត្ថុចុងក្រោយបង្អស់របស់ក្រុងតេអេរ៉ង់ ត្រូវបានកាត់ផ្តាច់ទាំងស្រុង។
លោក ស្កុត បេសសេន បានបញ្ជាក់ពីជំហរថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនឹងធ្វើគ្រប់យ៉ាងដើម្បីធានាថា របបដឹកនាំអ៊ីរ៉ង់មិនអាចបន្តកេងចំណេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីយកថវិកាទៅឧបត្ថម្ភធនដល់មហិច្ឆតានុយក្លេអ៊ែ កម្មវិធីអភិវឌ្ឍន៍អាវុធ និងបណ្តាញក្រុមភេរវកររបស់ខ្លួនទៀតឡើយ។
គួររំលឹកថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបើកប្រតិបត្តិការកាត់ផ្តាច់សេដ្ឋកិច្ចនេះឡើង ដោយតម្រង់ទិសដៅវាយប្រហារចំចំណុចស្លាប់របស់អ៊ីរ៉ង់រួមមានការបង្កកទ្រព្យសកម្មឌីជីថល, ការបិទច្រកទិញបច្ចេកវិទ្យាជាន់ខ្ពស់, ការរឹបអូស និងរារាំងប្រតិបត្តិការទុនបម្រុងមាស ព្រមទាំងការដាក់ទណ្ឌកម្មលើវិស័យអាកាសចរណ៍ពាណិជ្ជកម្ម និងខ្សែច្រវាក់ដឹកជញ្ជូនតាមផ្លូវទឹក។
ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អេស្មាអែល បាហ្គាអ៊ី (Esmail Baghaei) បានចេញមុខទាត់ចោល និងថ្កោលទោសយ៉ាងដាច់ខាតចំពោះទង្វើរបស់សហភាពអឺរ៉ុប ដោយបានចោទប្រកាន់ថា ប្លុកអឺរ៉ុបកំពុងរត់តាមអ្វី ដែលលោកហៅថា វេរកម្មសេដ្ឋកិច្ចរបស់អាម៉េរិក។ អ្វីដែលកាន់តែចាក់ដោតជាងនេះទៀតនោះ គឺលោក អេស្មាអែល បានរិះគន់ចំៗថា សហភាពអឺរ៉ុបសុខចិត្តលះបង់ចោលនូវអធិបតេយ្យភាព ច្បាប់អន្តរជាតិ និងតម្លៃសីលធម៌របស់ខ្លួន ដើម្បីតែឱនក្បាលតាមការបង្ខិតបង្ខំរបស់ទីក្រុងវ៉ាស៊ីនតោន។
ទោះបីជាយ៉ាងណាក៏ដោយ នៅកណ្តាលរលក នៃសម្ពាធច្របាច់កសេដ្ឋកិច្ចពីសំណាក់លោកខាងលិចនេះ ប្រទេសចិននៅតែជាខែលសេដ្ឋកិច្ច និងជាច្រកដកដង្ហើមដ៏រឹងមាំរបស់អ៊ីរ៉ង់ ដោយសារទំហំសេដ្ឋកិច្ចដ៏ធំធេងរបស់ចិនអាចជួយស្រូបទាញ និងកាត់បន្ថយទម្ងន់ នៃទណ្ឌកម្មទាំងនេះបានមួយផ្នែកធំ។ ប៉ុន្តែក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបានលើកឡើងថា ទោះបីជាចិនប្រឆាំងនឹងទណ្ឌកម្មឯកតោភាគីរបស់អាម៉េរិក និងអឺរ៉ុបយ៉ាងណាក៏ដោយ ក៏ទីក្រុងប៉េកាំងនឹងមិនហ៊ានលោតឆត្រចូលទៅជួយអ៊ីរ៉ង់ហួសពីដែនកំណត់ នៃទំនាក់ទំនងសេដ្ឋកិច្ចធម្មតានោះឡើយ ព្រោះចិនត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងរបស់ខ្លួនជាមួយលោកខាងលិច៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ចិនជំរុញឱ្យបារាំងបញ្ឈប់ការអនុវត្តច្បាប់ប្រឆាំងឧស្សាហកម្មកាត់ដេរ និងព្រមានចាត់វិធានការតបត

ចិនចេញមុខប្រឆាំងយ៉ាងខ្លាំងក្លាចំពោះច្បាប់ប្រឆាំងឧស្សាហកម្មសម្លៀកបំពាក់ទាន់សម័យលឿនរហ័ស ឬ Ultra-Fast-Fashion របស់ប្រទេសបារាំ ដែលត្រូវបាន…

ថៃស្រូបទាញភ្ញៀវទេសចរបរទេសបានជិត២១លាននាក់ ខណៈវៀតណាមទទួលបានជិត១៦លាននាក់នៅ៨ខែឆ្នាំនេះ

ប្រទេសថៃ និងវៀតណាមកំពុងប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ខណៈថៃនៅតែមានប្រៀបជាងវៀតណាម។ ជាក់ស្តែងនៅក្នុងរយៈពេល៨ខែឆ្នាំ២០២៦…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ