របាយការណ៍របស់ក្រសួងទេសចរណ៍ និងកីឡាថៃបានបង្ហាញថា ថៃទទួលបានភ្ញៀវទេសចរអន្តរជាតិជិត២១លាននាក់នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៦ មានការធ្លាក់ចុះជិត៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរបរទេសទាំងនេះបានផ្តល់ប្រាក់ចំណូលឱ្យប្រទេសថៃជាង៣០ពាន់លានដុល្លារ។
ភ្ញៀវទេសចរចិនបានមកលេងកម្សាន្តនៅប្រទេសថៃច្រើនជាងគេរហូតដល់ជាង៣លាននាក់ បន្ទាប់មកភ្ញៀវម៉ាឡេស៊ីមានជាង២,៦លាននាក់, ឥណ្ឌាជិត២លាននាក់, រុស្ស៊ីជាង១លាននាក់ និងកូរ៉េខាងត្បូង ជិត៧៧ម៉ឺននាក់។ ទិន្នន័យបានបង្ហាញថា ចំនួនភ្ញៀវទេសចរចិនទៅកម្សាន្តនៅប្រទេសថៃបានធ្លាក់ចុះជាង២៤% ខណៈភ្ញៀវទេសចរម៉ាឡេស៊ីកើនឡើងជិត១៩%។
នៅក្នុងរយៈពេលដូចគ្នានេះប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិជិត១៦លាននាក់កើនឡើងជាង១៤% និងសម្រេចបានជាង៦៣% នៃគោលដៅពេញមួយឆ្នាំរបស់ខ្លួន។ ប្រទេសចិនជាទីផ្សារទេសចរណ៍ធំជាងគេរបស់វៀតណាម ជាមួយចំនួនជាង៣,៥លាននាក់ បន្ទាប់មកកូរ៉េខាងត្បូងជាង២,៧លាននាក់ និងរុស្ស៊ីជាង១លាននាក់។ ដោយសាររដូវកាលទេសចរណ៍ដ៏មមាញឹកនៅចុងឆ្នាំកំពុងខិតចូលមកដល់ វៀតណាមកំពុងកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន២៥ លាននាក់នៅពេញមួយឆ្នាំ២០២៦ ខណៈថៃត្រូវប្រឈមនឹងបញ្ហារក្សាកំណើន និងភាពនាំមុខក្នុងវិស័យទេសចរណ៍ក្នុងតំបន់៕
ដោយ: តែម សុខុម