វិស័យការបរទេស

អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលពង្រីកយន្តការលើកលែងទិដ្ឋាការ ក្រោយបញ្ចប់ការពិសោធន៍៤ខែសម្រាប់ទីផ្សារចិន


ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍បានវាយតម្លៃថា យន្តការលើកលែងទិដ្ឋាការ និងកិច្ចសហការសម្របសម្រួលការធ្វើដំណើរ គឺជាចលករដ៏មានឥទ្ធិពលបំផុតក្នុងការស្ដារ និងរុញច្រានកំណើនសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ឱ្យស្ទុះងើបឡើងវិញ។ ជាក់ស្តែងការលើកលែងទិដ្ឋាការសាកល្បងរយៈពេល៤ខែសម្រាប់ជនជាតិចិន កន្លងមកនេះ បានផ្តល់សញ្ញាវិជ្ជមានយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យត្រឡប់មកកម្ពុជាវិញ ទោះបីជាលទ្ធផលនៅមិនទាន់ឈានដល់កម្រិតរំពឹងទុកក៏ដោយ។
វិស័យការបរទេស
ដោយ

ដើម្បីពង្រឹងភាពប្រកួតប្រជែង និងស្រូបទាញលំហូរភ្ញៀវអន្តរជាតិ ឱ្យបានទូលំទូលាយ ក្រុមអ្នកជំនាញ បានទទូចឱ្យរាជរដ្ឋាភិបាលបន្តពង្រីកយន្តការលើកលែងទិដ្ឋាការនេះបន្ថែមទៀតទាំងលើទីផ្សារចិន និងទីផ្សារគោលដៅសំខាន់ៗដទៃទៀត ព្រោះថា នយោបាយរឹតត្បិត ឬនីតិវិធីស្មុគស្មាញនឹងធ្វើឱ្យកម្ពុជា បាត់បង់ឱកាសមាសក្នុងការប្រជែងជាមួយប្រទេសជិតខាង និងក្នុងតំបន់។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាការមកដល់របស់ភ្ញៀវទេសចរចិនតាមរយៈយន្តការលើកលែងទិដ្ឋាការរយៈពេល៤ខែកន្លងមកនេះមិនទាន់ដូចការរំពឹងទុកក៏ពិតមែន ប៉ុន្តែលទ្ធផលនៃការសាកល្បងនេះបានបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានស្នើឱ្យរាជរដ្ឋាភិបាល ពិចារណាបន្តពង្រីកយន្តការលើកលែងទិដ្ឋាការនេះបន្ថែមទៀតទាំងសម្រាប់ទីផ្សារចិន និងបណ្តាប្រទេសគោលដៅសំខាន់ៗផ្សេងទៀត ដើម្បីចូលរួមជំរុញការស្តារវិស័យទេសចរណ៍កម្ពុជា ឡើងវិញ។ ទន្ទឹមនេះ លោកបណ្ឌិត រំពឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបោសសម្អាត និងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជា វានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិនានាឱ្យបែរមកចាប់អារម្មណ៍ប្រទេសកម្ពុជាសាជាថ្មី។

ជាមួយគ្នានេះ លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការលើកលែងទិដ្ឋាការ គឺជាយន្តការដ៏មានឥទ្ធិពលបំផុតក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចទេសចរណ៍កម្ពុជា ឱ្យងើបឡើងវិញក្នុងបរិបទ នៃការប្រកួតប្រជែងសកលនេះ។ តួយ៉ាងការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ជនជាតិចិន ដែលទើបបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ គឺជាវិធានការយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយក្នុងការស្រូបទាញទីផ្សារទេសចរដ៏ធំមួយនេះឱ្យងាកចូលមកកម្ពុជាវិញ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតយល់ថា ក្រៅពីចិន កម្ពុជា គួរពង្រីកយន្តការនេះទៅកាន់ទីផ្សារសំខាន់ៗជាច្រើនទៀតដូចជា អឺរ៉ុប អាម៉េរិក អូស្ត្រាលី និងជប៉ុនជាដើម ដ្បិតប្រទេសជិតខាងក្នុងតំបន់កំពុងអនុវត្តយន្តការនេះ ដូច្នេះប្រសិនបើកម្ពុជា មិនផ្លាស់ប្តូរទេ នឹងអាចប្រឈមមុខនឹងការបាត់បង់ភ្ញៀវទេសចរទៅកាន់ប្រទេសជិតខាង។

បើតាមការបញ្ជាក់របស់ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា បើទោះបីជាកម្ពុជា បានលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន រយៈពេល៤ខែក៏ពិតមែន ប៉ុន្តែស្ថានភាពទេសចរចិន ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ហាក់ពុំទាន់មានសញ្ញាកើនឡើងវិញនោះទេ។ តួយ៉ាងនៅរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានទេសចរជនជាតិចិន ប្រមាណជាជាង ៦៤ម៉ឺននាក់ ធ្លាក់ចុះប្រមាណ ២៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់កាលពីពេលថ្មីៗថា បន្ទាប់ពីបានដាក់ឱ្យសាកល្បងនូវការលើកលែងទិដ្ឋាការចំពោះជនជាតិចិន រយៈពេល៤ខែ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងពិចារណាលើកលែងទិដ្ឋាការដល់បណ្តាប្រទេសនៅតំបន់អ៊ឺរ៉ុប និងអាម៉េរិកបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរត្រង់ចេញពីប្រទេសចិន ដោយអនុញ្ញាតឱ្យស្នាក់នៅបានចំនួន១៤ថ្ងៃ ក្នុងរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ៕




អត្ថបទបន្ទាប់


តើមានមូលហេតុចម្បងអ្វីខ្លះធ្វើឱ្យពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់?

ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបកំពុងធ្វើបាតុកម្ម ដោយសារបញ្ហាតម្លៃលំនៅឋាន ការកើនឡើងថ្លៃចំណាយលើការរស់នៅ កង្វះឱកាសការងារ…

អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលពង្រឹងប្រព័ន្ធវាយតម្លៃ និងដាក់ពិន័យ ឬដកមន្ត្រីប្រព្រឹត្តខុស ដើម្បីពង្រឹងអភិបាលកិច្ច និងសេវាសាធារណៈ

អ្នកជំនាញអភិបាលកិច្ចល្អ និងអ្នកវិភាគគោលនយោបាយបានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវតែពង្រឹងប្រព័ន្ធវាយតម្លៃ និងដាក់វិន័យលើមន្ត្រីប្រព្រឹត្តិកំហុស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ