ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF, និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល SDF, ព្រមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងភ្ញៀវកិត្តិយសសរុបប្រមាណ ១២០ នាក់។
ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា ភាពជាដៃគូនេះនឹងផ្ដោតលើកិច្ចការគន្លឹះចំនួន ៣ រួមមាន៖
១) ការកំណត់តម្រូវការ៖ សិក្សាតម្រូវការជំនាញតាមវិស័យជាក់ស្តែង ដើម្បីបង្កើនផលិតភាព។ ២) គំរូប្រតិបត្តិការ SDF៖ រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ (Co-Design, Co-Invest & Co-Own) លើការអភិវឌ្ឍជំនាញ។ ៣) ភាពជាដៃគូរដ្ឋ-ឯកជន (PPP)៖ ជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងបង្កើតការងារប្រកបដោយជំនាញ។
ឯកឧត្តម សុខគីម បានបន្ថែមថា SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម និងឧស្សាហកម្មនានា ដើម្បីបង្កើតក្របខ័ណ្ឌជំនាញ និងគម្រោងបណ្តុះបណ្តាលសម្រាប់វិស័យនីមួយៗ។
ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងសម្រាប់វិស័យឯកជន និងសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
គិតមកដល់បច្ចុប្បន្ន SDF បានគាំទ្រការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមសរុបប្រមាណ ៩៣ ០០០ នាក់។ ជាលទ្ធផល អត្រាបញ្ចប់ការសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ការពេញចិត្តពីនិយោជក ៨៥% និង ៨៩% នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាពការងារ។
ភាពជាដៃគូថ្មីនេះ គឺជាសក្ខីភាពនៃការបោះជំហានទៅមុខរួមគ្នា ប្រកបដោយស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងឆ្លើយតបចំតម្រូវការឧស្សាហកម្មជាក់ស្តែង៕