ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះត្រូវបានរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា សហការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (InCham)។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានឱ្យដឹងថា ចំណុចពិសេសសម្រាប់កម្មវិធី CTM ឆ្នាំនេះ គឺការផ្តោតគោលដៅយុទ្ធសាស្ត្រលើទីផ្សារប្រទេសឥណ្ឌា ដែលជាទីផ្សារទេសចរណ៍មានការរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដ៏មានឥទ្ធិពលនេះមិនមែនគ្រាន់តែជាពិព័រណ៍ទេសចរណ៍ធម្មតានោះទេ ប៉ុន្តែជាវេទិកាទីផ្សារទេសចរណ៍ថ្នាក់ជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងរវាងអាជីវកម្មទេសចរណ៍កម្ពុជាជាមួយអ្នកទិញមកពីទីផ្សារអន្តរជាតិ ដើម្បីបង្កើតឱកាសអាជីវកម្មរយៈពេលវែង ជំរុញកំណើនភ្ញៀវទេសចរ បង្កើនការវិនិយោគ និងពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន។
គួរជម្រាបថា វេទិកាទេសចរណ៍ដ៏សំខាន់នេះនឹងស្វាគមន៍វត្តមានក្រុមហ៊ុនទេសចរណ៍យក្សៗ និងអ្នកសារព័ត៌មានទេសចរណ៍ជាន់ខ្ពស់មកពីប្រទេសឥណ្ឌា ដែលនេះគឺជាឱកាសមាសសម្រាប់ប្រតិបត្តិករទេសចរណ៍កម្ពុជា ក្នុងការបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ខ្លួនដោយផ្ទាល់ទៅកាន់អ្នកសម្រេចចិត្តបញ្ជាទិញ។ ការជួបពិភាក្សា និងការផ្គូផ្គងធុរកិច្ចនៅក្នុងវេទិកានេះ នឹងក្លាយជាចំណុចចាប់ផ្តើមនៃការកសាងទំនុកចិត្ត ភាពជាដៃគូអាជីវកម្មរយៈពេលវែង និងជាកម្លាំងចលករក្នុងការរុញច្រានវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែស្ទុះឡើងខ្លាំងក្លាថែមទៀត៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ