លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នទីផ្សារមាសអន្តរជាតិត្រូវបានបិទការជួញដូរនៅចុងសប្ដាហ៍នេះ ប៉ុន្តែការផ្ទុះអាវុធនៅតំបន់មជ្ឈិមបូព៌ាបានក្លាយជាកត្តាជំរុញឱ្យតម្លៃមាសប្រែប្រួលរួចជាស្រេចទៅហើយ។ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ហាងឆេងមាសនៅលើទីផ្សារកម្ពុជាមានតម្លៃប្រមាណ៦,៥៤០ដុល្លារក្នុងមួយតម្លឹង។ បើតាមការវាយតម្លៃរបស់លោក ឡុង សំណាង សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងរុញច្រានឱ្យតម្លៃមាសកើនឡើងជាបន្តបន្ទាប់ ហើយលោកជឿជាក់ថា ការទិញមាសទុកនាពេលនេះនឹងផ្ដល់ផលចំណេញដល់អ្នកវិនិយោគនាពេលខាងមុខ ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ។
ដោយឡែកលោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិ បានគូសបញ្ជាក់ថា ទីផ្សារមាសអន្តរជាតិបានបិទផ្សារការជួញដូរក្នុងតម្លៃ៥,២៧៨ដុល្លារក្នុង១អោន ឬប្រមាណ៦៣៤០ដុល្លារក្នុង១តម្លឹង។ បើតាមអ្នកជំនាញរូបនេះ ការការព្រួតគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីរ៉ង់ អាចនឹងធ្វើឱ្យតម្លៃមាសហក់ឡើងខ្លាំងនៅក្នុងការបើកទីផ្សារជួញដូរនៅថ្ងៃទី២ ខែមីនា។ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ពីហានិភ័យនៃតម្លៃមាសដែលអាចធ្លាក់ចុះវិញភ្លាមៗផងដែរ ប្រសិនបើសញ្ញានៃការចរចាសន្តិភាពលេចរូបរាងឡើង។
គួររំលឹកថា តម្លៃមាសនៅលើទីផ្សារកម្ពុជាធ្លាប់បានហក់ឡើងបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររហូតដល់៦,៨០០ដុល្លារក្នុងមួយតម្លឹង កាលពីចុងខែមករា ឆ្នាំ២០២៦ កន្លងទៅ មុននឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ៦,០០០ដុល្លារវិញនៅដើមខែកុម្ភៈ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ