ព្រំដែនកម្ពុជា-ថៃ

អ្នកជំនាញហាក់គ្មានជំនឿលើរដ្ឋាភិបាលថៃថ្មីក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា នោះទេ


វិវាទព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈភាគីថៃ ត្រូវបានគេមើលឃើញថា បានព្យាយាមពន្យារពេលការចរចាទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នានេះវត្តមានយោធា និងសំណង់រឹងរបស់ថៃ នៅលើទឹកដីកម្ពុជា នៅតែជាបញ្ហាចម្រូងចម្រាស។
ព្រំដែនកម្ពុជា-ថៃ
ដោយ

ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ និងច្បាប់ បានលើកឡើងថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ហាក់មិនទាន់បង្ហាញសញ្ញានៃឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា នៅឡើយទេ ដែលបង្ខំឱ្យកម្ពុជា ត្រូវពិចារណាលើការប្រើយន្តការច្បាប់អន្តរជាតិ ជាដំណោះស្រាយចុងក្រោយ។

លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CHRAC បានលើកឡើងថា កន្លងមកថៃ បានប្រកាសថានឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាវិញនោះទេ ប៉ុន្តែប្រទេសថៃ បានឱបក្រសោបប្រទេសឡាវ យ៉ាងជាប់ ដោយសារខ្លួនគិតថា ឡាវ ជាច្រកទី៣ ដែលអាចនាំទំនិញខ្លួនចូលកម្ពុជា។ អ្នកជំនាញរូបនេះមើលឃើញថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល ដែលទើបជ្រើសតាំងកាលពីពេលថ្មីៗ ទំនងជាមិនមានឆន្ទៈក្នុងការដកទ័ពចេញពីទឹកដីកម្ពុជា ដែលពួកគេបានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះទេ ដោយសារលោក អានុទីន ចង់ផ្គាប់ចិត្តមហាជនថៃ។ ក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងធ្លាក់ចុះវិបត្តិភូមិសាស្រ្តនយោបាយ អ្នកជំនាញរូបនេះយល់ថា កម្ពុជា មានតែកៀរគរការគាំទ្រពីអន្តរជាតិ ប្រើយន្តការច្បាប់អន្តរជាតិ ជាពិសេសកម្ពុជា ត្រូវតែខ្លាំងខាងវិស័យការពារជាតិ ទើបអាចទាញឱ្យថៃ ចូលតុចរចាបញ្ចប់ជម្លោះដោយខ្លួងឯងបាន។

ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល ទំនងជានឹងចូលតុចរចាទ្វេភាគីជាមួយកម្ពុជា ព្រោះកន្លងមកថៃ បានយកលេសថា មិនមានរដ្ឋាភិបាលផ្លូវការ ដើម្បីចរចាបញ្ចប់ជម្លោះឱ្យដាច់ស្រាច់ ហើយការដោះស្រាយទៀតសោត គឺមិនអាចយកកម្លាំងទ័ពមកដោះស្រាយបាននោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ប្រទេសថៃ មិនអាចគេចវេសមិនចូលមកដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា នោះទេ ដោយសារប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ជាពិសេសទំនាក់ទំនង នៃការដោះដូរពាណិជ្ជកម្មរវាងពលរដ្ឋខ្មែរ និងថៃ។

ជាមួយគ្នានេះ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យល់ឃើញថា ក្នុងកាលៈទេសៈនេះ ប្រសិនបើមានប្រទេសមហាអំណាចណាមួយចូលខ្លួនមកជួយសម្រុះសម្រួល លុះត្រាមហាអំណាចនោះអាចផ្ដល់ផលចំណេញអ្វីមួយ ដែលស្មើនឹងដីដែលយោធាថៃ កំពុងកាន់កាប់ ទើបអាចឱ្យយោធាថៃ ដកថយទៅវិញបាន។ ប៉ុន្តែប្រសិនបើមិនមានផលប្រយោជន៍អ្វីផ្ដល់ឱ្យទេនោះ លោកជឿជាក់ថា ថៃនឹងនៅតែរកលេស ដើម្បីពន្យារពេលកិច្ចចរចា​ទ្វេភាគីជាមួយកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយលោកមើលឃើញថា កម្ពុជា អាចប្រើដំណោះស្រាយចុងក្រោយ គឺមានតែធ្វើសង្រ្គាមម្តងទៀតហើយរុញច្រានយោធាថៃចេញពីដីទាំងនោះតែម្ដង តែយ៉ាងណាការធ្វើបែបនេះអាចប្រថុយនឹងមានមហន្តរាយដោយសារត្រូវការចំណាយកម្លាំងទ័ព ចំណាយធនធាន និងត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ជាមុនសិន។

ក្រៅវិធានការខាងលើអ្នកជំនាញផ្នែកច្បាប់យល់ថា កម្ពុជា ក៏អាចប្រើយន្តការច្បាប់អន្តរជាតិតាមរយៈការប្តឹងទៅតុលាការអន្តរជាតិ ប៉ុន្តែយន្តការនេះត្រូវការរយៈពេលយូរបន្តិច ជាជាងរង់ចាំកិច្ចចរចា​តាមយន្តការទ្វេភាគីជាមួយថៃ ដូចជា JBC ជាដើម ដែលថៃ បានព្យាយាមរកលេសពន្យារពេលម្ដងជាពីរដង៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារជាតិ កំណត់យកឆ្នាំនេះរុញច្រានឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ បើកប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀល

នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្តារ និងកសាងអធិបតេយ្យភាពសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការ…

អ្នកជំនាញព្រមានថា តម្លៃប្រេងនឹងហក់ដល់កម្រិតអាក្រក់បំផុតដូចការគំរាមរបស់អ៊ីរ៉ង់ បើភាគីជម្លោះបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ កំពុងស្ថិតនៅលើគន្លងឆ្ពោះទៅរកតម្លៃដ៏ថ្លៃបំផុតមិនធ្លាប់មាន ពោលគឺអាចឡើង២០០ដុល្លារក្នុងមួយបារ៉ែល។ ក្រុមអ្នកវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ