លោកស្រី នុត សម្ភស្ស ម្ចាស់រោងចក្រផលិតសាប៊ូស្ពៃ បានគូសបញ្ជាក់ថា ការក្លែងបន្លំម៉ាកផលិតផលមិនត្រឹមតែវាយប្រហារលើកសិករ ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់អាជីវកម្ម SME យ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យខ្សែច្រវាក់ផលិតកម្មកាត់បន្ថយសកម្មភាព ដោយសារតែការបាត់បង់ទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់។ បើតាមសហគ្រិនរូបនេះ ការក្លែងបន្លំម៉ាកផលិតផលក្នុងទីផ្សារកម្ពុជានៅតែបន្តកើតមានលើសហគ្រាសជាច្រើន ហើយកំពុងក្លាយជារបាំងរាំងស្ទះដល់ការរីកចម្រើន នៃផលិតផលក្នុងស្រុក ដែលកំពុងទទួលបានការជ្រោមជ្រែងពីរាជរដ្ឋាភិបាល។ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យ SME លោកស្រី នុត សម្ភស្ស បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្កើនការបង្រ្កាប និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើជនខិលខូច បើពុំដូច្នោះទេម្ចាស់អាជីវកម្មនឹងរារែកក្នុងការវិនយោគពង្រីកការផលិត ហើយផលិតផលនាំចូលពីបរទេស នឹងបន្តវាយលុកកក្នុងទីផ្សារកម្ពុជា។
ទន្ទឹមនឹងនេះម្ចាស់សហគ្រាសរូបនេះ ក៏បានស្នើដល់រាជរដ្ឋាភិបាលឱ្យជួយសម្រួល និងផ្តល់ប្រភពទុន ដែលមានការប្រាក់ទាបដល់សហគ្រាសក្នុងស្រុក ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ខណៈសហគ្រិនមួយចំនួនកំពុងជួបវិបត្តិខ្វះខាតថវិកាក្នុងការបង្កើនខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ គួររំលឹកថា កាលពីពេលថ្មីៗនេះសមត្ថកិច្ចជំនាញបានចុះបង្ក្រាបករណីក្លែងបន្លំផលិតផលសាប៊ូម៉ាកស្ពៃ ដោយបានរឹបអូស និងប្រមូលត្រឡប់មកវិញនូវផលិតផលសង្ស័យក្លែងក្លាយជាច្រើនពីលើទីផ្សារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចៀសវាងបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។
ពាក់ព័ន្ធនឹងកិច្ចការពារបរិយាកាសធុរកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសពីផែនការកែសម្រួល និងលុបបំបាត់ភាពជាន់គ្នា នៃស្ថាប័នមួយចំនួន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងធានាសុវត្ថិភាពអ្នកប្រើប្រាស់។ ស្ថាប័នថ្មី ដែលគ្រោងបង្កើតឡើងនេះ គឺមានគោលបំណងកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការស្នើសុំចុះបញ្ជី អាជ្ញាបណ្ណ និងការត្រួតពិនិត្យទំនិញ ដែលកន្លងមកទំនិញនាំចូលត្រូវឆ្លងកាត់ស្ថាប័នច្រើនជាន់ថ្នាក់ រាប់ចាប់ពីគយ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍រហូតដល់ក្រសួងសុខាភិបាល៕
អត្ថបទ៖ បូ ដូឡា