វិស័យកសិកម្ម

កសិកររអ៊ូរទាំពីការធ្លាក់ចុះតម្លៃផ្លែឪឡឹក និងខ្វះឈ្មួញចុះប្រមូលទិញ


កសិករដាំឪឡឹកនៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ កំពុងជួបបញ្ហាឪឡឹកលក់បានតម្លៃទាប និងខ្វះឈ្មួយចុះជួយប្រមូលទិញ ស្របពេលឪឡឹករបស់ពួកគេកំពុងដល់រដូវប្រមូលផល។ កសិករទាំងនោះបារម្ភថា បញ្ហាខ្វះទីផ្សារនេះទំនងជាអាចធ្វើឱ្យពួកគេប្រឈមនឹងការខាតបង់ថវិកា និងឪឡឹកខូចគុណភាពជាដើម ប្រសិនបើពុំមានការជួយគាំទ្រពីអតិថិជន និងការជួយអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធឱ្យទាន់ពេលវេលាទេនោះ។
វិស័យកសិកម្ម
ដោយ

ជាមួយគ្នានេះ ក្រុមកសិករស្នើប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធជួយគាំទ្រឪឡឹកដាំដោយកសិករខ្មែរ និងជួយស្វែងរកទីផ្សារ ដើម្បីជួយដោះស្រាយបញ្ហាដែលពួកគេកំពុងជួបប្រទះ។

លោក ចាប សុខនម កសិករដាំឪឡឹកម្នាក់នៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ឪឡឹកនៅតំបន់លោកបច្ចុប្បន្នបានធ្លាក់ចុះមកនៅចន្លោះពី២៥០រៀល ទៅ៣០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ប្រភេទឪឡឹកក្រហម ខណៈកាលពីឆ្នាំមុនអាចលក់បានចន្លោះពី៥០០រៀលទៅ៧០០រៀល ក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ ទោះតម្លៃឪឡឹកមានការធ្លាក់ចុះក៏ដោយ តែហាក់មិនសូវសម្បូរឈ្មួញចុះមកប្រមូលទិញនោះទេ ហើយលោករំពឹងថា ឪឡឹកនៅតំបន់របស់លោកនឹងមានក្រុមហ៊ុនចុះមកជួយទិញក្រោមកិច្ចសន្យាកសិកម្ម។ ជាមួយគ្នាននេះ លោកបានសំណូមពរដល់រដ្ឋាភិបាល ជួយស្វែងរកទីផ្សារ និងសូមឱ្យក្រុមហ៊ុនក្នុងស្រុកជួយប្រមូលទិញឪឡឹក និងកសិផលផ្សេងទៀតនៅតំបន់របស់លោក ដើម្បីជាការលើកទឹកចិត្ត និងជួយលើកកម្ពស់ជីវភាពរបស់ពួកគេ។

​មិនខុសគ្នាពីកសិករខាងលើនោះទេ លោកស្រី ស៊ឺន ស៊ីនួន កសិករដាំឪឡឹកនៅខេត្តបន្ទាយមានជ័យម្នាក់ដែរនោះ បានបង្ហាញពីការអស់សង្ឃឹមក្រោយឪឡឹកផ្តល់ទិន្នផល តែហាក់ខ្វះទីផ្សារប្រមូលទិញ និងតម្លៃធ្លាក់ចុះនៅឆ្នាំនេះ។ លោកស្រីរៀបរាប់ថា គ្រួសាររបស់លោកស្រីហាក់មានការរំពឹងខ្ពស់លើចម្ការឪឡឹកក្នុងការផ្តល់ជាប្រភពចំណូលសម្រាប់ទប់ទល់ការចំណាយ និងទ្រទ្រង់ជីវភាព តែអ្វីៗហាក់ផ្ទុយពីការរំពឹងទុកដោយសារឪឡឹកលក់បានតម្លៃថោក តែការចំណាយលើថ្លៃដើមដាំដុះខ្ពស់។ ទន្ទឹមនឹងនេះលោកស្រី ស្នើឱ្យក្រសួងស្ថាប័នជួយស្វែងរកទីផ្សារ ដើម្បីជួយឱ្យខ្លួនមានដើមទន់គ្រាន់ដាំដុះនៅរដូវកាលក្រោយៗទៀត។

​ជាមួយគ្នានេះ លោក វែង វ៉េត កសិករដាំឪឡឹកម្នា្កក់ទៀតនៅខេត្តបន្ទាយមានជ័យ ដែលកំពុងជួបបញ្ហាឪឡឹកធ្លាក់ថ្លៃ និងខ្វះអ្នកប្រមូលទិញដែរនោះ ក៏បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយស្វែងរកទីផ្សារជូនខ្លួនផងដែរ។ បើតាមការអះអាងរបស់កសិកររូបនេះ កត្តាដែលធ្វើឱ្យឪឡឹកនៅឆ្នាំនេះធ្លាក់ថ្លៃ ក៏ដោយសារខែនេះជារដូវប្រមូលផលផ្លែឈើ ពិសេសមានឈ្មួញកណ្ដាលនាំចូលឪឡឹកពីវៀតណាម ចូលមកតំបន់លោក ដែលធ្វើឱ្យប៉ះពាល់ដល់ការលក់ឪឡឹករបស់កសិករក្នុងស្រុក។

​​ដោយឡែក លោកស្រី ឆោម ឆេងអាយ កសិករដាំឪឡឹក និងជាអ្នកប្រមូលទិញឪឡឹកពីកសិករមកលក់បន្តម្នាក់នៅខេត្តកំពង់ធំ បានឱ្យដឹងថា នៅតំបន់អ្នកស្រីតម្លៃឪឡឹកនៅឆ្នាំនេះបានធ្លាក់ចុះមកនៅត្រឹម៥០០រៀល ក្នុងមួយផ្លែ ដោយកាលពីឆ្នាំមុនអាចលក់បានច្រើនជាងនេះជាងពាក់កណ្ដាលឯណោះ ហើយសម្រាប់ទីផ្សារឪឡឹកវិញ ក៏កំពុងជួបបញ្ហាខ្វះអ្នកទិញផងដែរ។

​ពាក់ព័ន្ធបញ្ហាតម្លៃឪឡឹកមានការធ្លាក់ចុះ និងកំពុងជួបបញ្ហាខ្វះឈ្មួញចុះប្រមូលទិញនេះដែរ សារព័ត៌មានខេមបូណូមីស បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ដែរ តែលោកទាំងពីរមិនបានលើកឡើងច្រើនជុំវិញបញ្ហានេះនោះទេ៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


វិវាទរវាងអ្នកទិញ និងម្ចាស់បុរីប្រមាណ១០០គម្រោងត្រូវបានដោះស្រាយ តើវាអាចជួយស្តារទំនុកចិត្តក្នុងវិស័យនេះយ៉ាងណាដែរ?

ការសាងសង់បុរីបានរួមចំណែកយ៉ាងសំខាន់ដល់វិស័យសំណង់នៅកម្ពុជា ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ វិស័យនេះបានជួបប្រឈមបញ្ហាចម្រូងចម្រាសរវាងអ្នកលក់ …

ការចរចាបើកច្រកនាំចេញផ្លែល្ពៅកម្ពុជា ទៅថៃ មិនមានពន្លឺនៅឡើយទេ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តបាត់ដំបង កំពុងសម្របសម្រួលជាមួយភាគីថៃ ដើម្បីបើកច្រកនាំចេញផ្លែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ