ពាក់ព័ន្ធនឹងសំណួរនេះ ក្រុមអ្នកជំនាញបានវាយតម្លៃថា ការធ្លាក់ថ្លៃប្រាក់អឺរ៉ូនេះអាចបណ្ដាលមកពីកម្រិតខុសគ្នានៃអតិផរណាក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងសហរដ្ឋអាម៉េរិក ហើយនេះជាសញ្ញាចង្អុលបង្ហាញថា ប្រាក់អឺរ៉ូ អាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណផ្លូវការប្រើប្រាស់រួមគ្នាដោយប្រទេសសមាជិកចំនួន២០នៃសហភាពអឺរ៉ុបរួមមានអូទ្រីស បែលហ្ស៊ិក ក្រូអាស៊ី ស៊ីប អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិច អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ាល់តា ហូឡង់ ព័រទុយហ្គាល់ ស្លូវ៉ាគី ស្លូវេនី និងអេស្ប៉ាញ បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដោយបានធ្លាក់ថ្លៃប្រមាណ២,២% ចាប់តាំងពីដើមឆ្នាំ២០២៤ មក។
អត្រាប្តូរប្រាក់អឺរ៉ូ និងដុល្លារអាម៉េរិក ស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ត្រនៅឡើយ ដោយក្នុង១អឺរ៉ូបប្ដូរបានក្រោម១,០៨ដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី១៤ ខែឧសភា ទោះបីជាប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃតិចតួចនាពេលថ្មីៗនេះក៏ដោយ។
ជាការពិតណាស់ ធនាគារកណ្តាលអឺរ៉ុប (ECB) និងធនាគារកណ្តាលអាម៉េរិក មានគោលនយោបាយរូបិយវត្ថុខុសប្លែកពីគ្នាខ្លាំង ដែលបានបណ្ដាលឱ្យអត្រាការប្រាក់លើមូលបត្របំណុលរដ្ឋាភិបាលខុសគ្នាកាន់តែខ្លាំង ហើយកត្តានេះបានធ្វើឱ្យប្រាក់អឺរ៉ូ ធ្លាក់ថ្លៃ។ ដោយសារតែបែបនេះ ប្រាក់អឺរ៉ូ ទំនងជាបន្តធ្លាក់ថ្លៃទៀតក្នុងពេលដ៏ខ្លីខាងមុខ៕
ដោយ: តែម សុខុម