តាមរយៈការចុះ GI នេះ ម្ចាស់សិប្បកម្មផលិតទឹកត្រីខេត្តកំពត សង្ឃឹមផងដែរថា ទឹកត្រីកំពតនឹងអាចពង្រីកវិសាលភាពទីផ្សារកាន់តែធំជាងមុន ជាពិសេសការហក់ចូលទីផ្សារអន្តរជាតិផងដែរ។
ឧកញ៉ា ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រី អ៊ីឆេ ង៉ុវហេង កំពត ជឿជាក់ថា ផលិតផលទឹកត្រីកំពតនឹងមានឈ្មោះបោះសម្លេងមួយកម្រិតទៀតក្រោយផលិតផលនេះត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រនៅក្រសួងពាណិជ្ជកម្ម។ អ្នកជំនួញរូបនេះរំពឹងថា តាមរយៈការចុះ GI នេះ វានឹងជួយពង្រីកវិសាលភាពទីផ្សារផលិតផលទឹកត្រីកំពតឲ្យកាន់តែធំជាងមុន តាមរយៈការហក់ចូលទីផ្សារអន្តរជាតិជាលើកដំបូង ក្រោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្បើយ។
អ្នកជំនាញរូបនេះ បានគួសបញ្ជាក់ថា មូលហេតុ ដែលធ្វើឲ្យផលិតផលទឹកត្រីកំពតមិនអាចហក់ចូលទីផ្សារអន្តរជាតិបាននាពេលកន្លងមក គឺដោយសារសមត្ថភាពផលិតរបស់ក្រុមហ៊ុន សហគ្រាស នៅមានកម្រិតមានកម្រិតដែលធ្វើឲ្យផលិតផលទឹកត្រីកំពតមិនទាន់អាចឆ្លើយតបនឹងស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិ។ បញ្ហាវិបត្តិឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ក៏ជាកត្តាធ្វើឲ្យមានការរាំងស្ទះក្នុងការហក់ចូលទីផ្សារក្រៅប្រទេសផងដែរ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួងរួមជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិនានាកំពុងប្រមូលទិន្និន័យពីសមាគម ផលិតករ និងអាជីវករនៅតាមមូលដ្ឋាន ដើម្បីប្រមូលធាតុចូលសម្រាប់ចងក្រងសៀវភៅបន្ទុកនិងបង្កើតសមាគមដែលមានវិជ្ជាជីវៈ ដើម្បីឈានទៅចុះបញ្ជីផលិតផលទឹកត្រីកំពតជាម៉ាកសម្គាល់ភូមិសាស្ត្រនៅឆ្នាំ២០២២ នេះ។ គោលបំណងនៃការចុះ GI ទឹកត្រីកំពត គឺដើម្បីរួមចំណែកជួយលើកតម្កើងតម្លៃ និងអភិរក្សជំនាញផលិតផលិតផលវប្បធម៌ប្រពៃណីរបស់ដូនតាមួយនេះ។ ជាពិសេស គឺដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងការនាំចេញផលិតផលទឹកត្រីកំពតជាមួយផលិតផលទឹកត្រីរបស់ប្រទេសជិតខាង។
គួររំលឹកថា ទឹកត្រីកំពតត្រូវបានផលិត និងមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ប៉ុន្តែត្រូវបានផ្អាកការផលិតនិងបាត់ឈ្មោះនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់មកបានចាប់ផលិតជាលក្ខណៈគ្រួសារឡើងវិញនៅអំឡុងឆ្នាំ១៩៩៥ រហូតមកទល់បច្ចុប្បន្ន។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏គ្រោងចុះបញ្ជីបង្កងតាកែវជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាចុងខែមេសា ឆ្នាំ២០២២ ផងដែរ។ គោលបំណងនៃការចុះបញ្ជីនេះ គឺដើម្បីអភិរក្ស និងទប់ស្កាត់ការក្លែងបន្លំទំនិញបង្កងតាកែវ។ ការចង់ចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្ត និងពិសារបង្កងនៅខេត្តតាកែវ ក៏ជាគោលបំណងមួយផងដែរ។
ក្រៅពីបង្កងតាកែវ និងទឹកត្រីកំពត ក្រសួងពាណិជ្ជកម្មកំពុងសិក្សាលើផលិតផលសក្តានុពលប្រមាណ២០ប្រភេទផ្សេងទៀត ដើម្បីចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញផងដែរ។ ខណៈមកដល់បច្ចុប្បន្ននេះ កម្ពុជា បានចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រចំនួន៤រួចមកហើយ ដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះ និងទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី៕