នៅក្នុងព្រឹត្តិការណ៍ដ៏កម្រនោះលោក ចច ដាបលយូ ប៊ូស (George W.Bush) បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃវិសោធនកម្មរដ្ឋធម្មនុញ្ញទី១ដោយលើកឡើងថា សេរីភាពក្នុងការនិយាយស្តី និងសេរីភាពសារព័ត៌មាន គឺជាឆ្អឹងខ្នង នៃប្រជាធិបតេយ្យ។ លោកបានលើកឡើងថា៖«វាជារឿងដ៏អស្ចារ្យ ដែលយើងមានប្រព័ន្ធផ្សព្វផ្សាយ ដែលមានឆន្ទៈត្រួតពិនិត្យអ្នកមានអំណាច អ្វីទាំងនេះហើយ ដែលជាកម្លាំងចលករធ្វើឱ្យយើងរួបរួមគ្នាជាធ្លុងមួយ»។
ដោយឡែក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានរំឭកពលរដ្ឋអាម៉េរិកអំពីអំណាច នៃអធិបតេយ្យភាពប្រជាជន ដោយលោកបានបញ្ជាក់ថា៖«យើងគ្មានអាណាព្យាបាល គ្មានស្តេច ឬពួកអភិជនណាឡើយ យើងមានតែប្រជាពលរដ្ឋ»។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យជនជាតិអាម៉េរិកដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងតាមផ្លូវច្បាប់ ទោះបីជាមានមតិផ្ទុយគ្នាយ៉ាងណាក៏ដោយ ដើម្បីធានាឱ្យបាននូវភាពរឹងមាំសម្រាប់២៥០ឆ្នាំខាងមុខទៀត។
វត្តមានរបស់អតីតមេដឹកនាំទាំងនេះកើតឡើងចំពេលដែលការស្ទង់មតិបង្ហាញពីការបារម្ភរបស់ពលរដ្ឋ ចំពោះស្ថិរភាពប្រជាធិបតេយ្យក្នុងអាណត្តិទី២របស់លោក ដូណាល់ ត្រាំ។ ទោះជាយ៉ាងណា អតីតមេដឹកនាំដទៃទៀត ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ក្នុងនោះលោក ប៊ីល គ្លីនតុន(Bill Clinton) បានរំឭកថា អាម៉េរិក គឺធំធេងជាងក្តីសង្ឃឹមផ្ទាល់ខ្លួនរបស់បុគ្វលម្នាក់ៗ ហើយលោកបានរំឭកពីមនោសញ្ចេតនានយោបាយតាមរយៈលិខិតគាំទ្រ ដែលលោកទទួលបានពីអតីតប្រធានាធិបតី George W. Bush កាលពីឆ្នាំ១៩៩២។
ជាមួយគ្នានេះ លោក Joe Biden យល់ឃើញថា ការបែកបាក់ក្នុងសង្គមអាម៉េរិកមិនអាក្រក់ដូចការយល់ឃើញនោះទេ ដោយលោកជឿជាក់ថាមានមនុស្សតែមួយផ្នែកតូចប៉ុណ្ណោះ ដែលប្រកាន់ជំហរខ្លាំងជ្រុល។
ជាចុងក្រោយ លោក បារ៉ាក់ អូបាម៉ា បានដាស់តឿនថា ក្តីសង្ឃឹមមិនមែនជាការគិតវិជ្ជមានដោយគ្មានហេតុផលឡើយ ប៉ុន្តែវាគឺជាពន្លឺដែលកើតឡើងក្នុងគ្រាមានទុក្ខលំបាក។ លោកជឿជាក់ថា ប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថា អាម៉េរិកតែងតែឆ្លងផុតគ្រាលំបាក និងវិលត្រឡប់មកវិញដោយភាពរឹងមាំជាងមុនជានិច្ច។ វេទិកា History Talks លើកនេះមិនត្រឹមតែជាការរំឭកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តដល់ពលរដ្ឋអាម៉េរិកគ្រប់រូប ឱ្យបន្តជឿជាក់លើតម្លៃគ្រឹះនៃប្រទេសជាតិរបស់ខ្លួន៕
អត្ថបទៈ សួន ឡង់ទី