គោលដៅចម្បង នៃជំនួបជាប្រវត្តិសាស្ត្រនេះ គឺដើម្បីរៀបចំយុទ្ធសាស្ត្របើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញ ប្រកបដោយសុវត្ថិភាព និងសេរីភាពនាវាចរណ៍បន្ទាប់ពីការបិទខ្ទប់ដោយជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់បានធ្វើឱ្យទីផ្សារថាមពលពិភពលោកធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។
កិច្ចប្រជុំកំពូល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃែរ ស្តាមឺ (Keir Starmer) និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) គឺជាការប៉ុនប៉ងប្រែក្លាយកិច្ចព្រមព្រៀងការទូត ឱ្យទៅជាផែនការសកម្មភាពយោធាជាក់ស្តែង។ យោងតាមការចុះផ្សាយរបស់ The Malaysian Reserve ផែនការនេះផ្តោតសំខាន់លើការសម្របសម្រួលកម្លាំងអន្តរជាតិ ដើម្បីការពារនាវាដឹកប្រេង និងធានាថាច្រកសមុទ្រនឹងមិនត្រូវបានប្រើប្រាស់ជាចំណាប់ខ្មាំងនយោបាយទៀតឡើយ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍ មេដឹកនាំអឺរ៉ុបទាំងពីរបានបង្ហាញជំហរផ្ទុយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ស្របពេលលោក ត្រាំបានបញ្ជាឱ្យកងទ័ពជើងទឹកអាម៉េរិកប្រើប្រាស់វិធានការក្តៅដូចជាការបិទខ្ទប់ផ្លូវទឹក និងការរឹបអូសកប៉ាល់អ៊ីរ៉ង់ ដើម្បីបង្ខំឱ្យបើកច្រកសមុទ្រនោះអង់គ្លេស និងបារាំង បែរជាប្រកាន់យកវិធីសាស្ត្រការពារ និងសម្របសម្រួល ដើម្បីចៀសវាងការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ។
សូមបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាផ្លូវឆ្លងកាត់នៃបរិមាណប្រេងប្រហែល២០% នៃតម្រូវការសកលជារៀងរាល់ថ្ងៃ។ ច្រកនេះត្រូវបានអ៊ីរ៉ង់បិទខ្ទប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ដែលបង្កឱ្យមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលទូទាំងពិភពលោក។
គិតត្រឹមថ្ងៃទី២២ ខែមេសា នេះ បទឈប់បាញ់បណ្តោះអាសន្នរយៈពេល១២ថ្ងៃ កំពុងឈានដល់ទីបញ្ចប់ តែលោក ដូណាល់ ត្រាំ បានប្រកាសពន្យារបន្ថែមដោយគ្មានពេលកំណត់ ក្រោមហេតុផលធ្វើឡើងតាមសំណើរបស់មេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលស្វែងរកសន្តិភាពក្នុងសង្គ្រាមអ៊ីរ៉ង់។
កិច្ចប្រជុំនៅទីក្រុងឡុងដ៍នាចុងសប្តាហ៍នេះ នឹងក្លាយជាត្រីវិស័យចង្អុលបង្ហាញថា តើសហគមន៍អន្តរជាតិអាចសម្រេចបាននូវបទឈប់បាញ់យូរអង្វែង និងការបើកច្រកសមុទ្រឡើងវិញដោយសន្តិវិធី ឬក៏ពិភពលោកត្រូវត្រៀមខ្លួនប្រឈមនឹងការផ្ទុះអាវុធជាថ្មីនៅតំបន់មជ្ឈិមបូព៌ា៕
ដោយ: តែម សុខុម