វិស័យសេដ្ឋកិច្ច

បាតុកម្មកំពុងរុញច្រានរដ្ឋាភិបាលបារាំងឱ្យធ្លាក់ក្នុងជ្រោះបំណុល ឱនភាពថវិកា និងពិចារណាកាត់បន្ថយការចំណាយសាធារណៈ


រលកបាតុកម្មហិង្សានៅបារាំងកំពុងជំរុញបំណុលសាធារណៈ និងឱនភាពថវិកាឱ្យកាន់តែធ្ងន់ធ្ងរ ធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់ឡើងខ្ពស់ ប្រាក់អឺរ៉ូធ្លាក់ចុះ និងវិនិយោគិនបាត់ទំនុកចិត្ត។
ភាពចលាចល
ដោយ

ប្រទេសបារាំងកំពុងប្រឈមមុខនឹងសម្ពាធបំណុល និងឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ ខណៈរដ្ឋាភិបាលគ្មានជម្រើសក្រៅពីពិចារណាកាត់បន្ថយការចំណាយសាធារណៈឡើយ។ ទោះជាយ៉ាងណាការកាត់បន្ថយប្រាក់សោធននិវត្តន៍ ឬកាត់បន្ថយការចំណាយលើសេវាសាធារណៈ វាប្រៀបដូចជាការចាក់ប្រេងលើភ្លើង ដែលអាចជំរុញឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងកាន់តែខ្លាំងតែប៉ុណ្ណោះ។

បាតុកម្មដ៏ហិង្សាកាលពីចុងសប្តាហ៍កន្លងទៅ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន អគារសាធារណៈជាច្រើនត្រូវបានដុតបំផ្លាញ និងហាងទំនិញរាប់រយត្រូវរងការលួចប្លន់នោះ បានធ្វើឱ្យគម្លាតនៃថ្លៃដើម នៃការខ្ចីប្រាក់របស់បារាំងហក់ឡើងភ្លាមៗ។ បញ្ហានេះបានបង្កើនសម្ពាធកាន់តែខ្លាំង ដោយធ្វើឱ្យវិនិយោគិនមានការភ័យខ្លាចរហូតបង្កើតជារលកនៃការលក់ប័ណ្ណបំណុល និងភាគហ៊ុនរដ្ឋនៅអឺរ៉ុបចេញយ៉ាងច្រើន។ ក្រុមអ្នកវិភាគព្រួយបារម្ភថា ភាពវឹកវរនេះនឹងយាយីដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉ារីស ក្នុងការកាត់បន្ថយការចំណាយ និងស្តារបំណុលជាតិ។

កាលពីថ្ងៃទី១៩ ខែតុលា បំណុលរដ្ឋាភិបាលបារាំងត្រូវបានប្រកាសថា កើនឡើងដល់ជិត៥% ដែលរុញច្រានថ្លៃដើម នៃការខ្ចីប្រាក់របស់រដ្ឋឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។ គម្លាតរវាងថ្លៃដើមនៃការខ្ចីប្រាក់រយៈពេល១០ឆ្នាំរបស់បារាំងបានរីកធំឡើង ដែលជាសូចនាករបង្ហាញថា កម្រិតហានិភ័យនៃបំណុលរបស់បារាំងបានឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ។ លើសពីនេះ ក្តីបារម្ភពីអស្ថិរភាពនេះបានទាញទម្លាក់តម្លៃប្រាក់អឺរ៉ូឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៧ខែ បើធៀបនឹងប្រាក់ផោនអង់គ្លេស។

អ្នកវិភាគនៅធនាគារ Goldman Sachs បានព្រមានថា ហានិភ័យបំណុលរបស់រដ្ឋនៅក្នុងតំបន់អឺរ៉ុបបានក្លាយជាផ្កាភ្លើង ដែលធ្វើឱ្យគេចាប់អារម្មណ៍ឡើងវិញ ខណៈមហាជនបានចោទសួរថា តើវិបត្តិបំណុលតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូកាលពី១៥ឆ្នាំមុន អាចនឹងត្រឡប់មកលងបន្លាចម្តងទៀតដែរឬទេ?

ជាមួយគ្នានេះ លោក ជីម រ៉េត (Jim Reid) អ្នកវិភាគនៅធនាគារ Deutsche Bank បានគូសបញ្ជាក់ថា ភាពចលាចលនេះនឹងធ្វើឱ្យសហគមន៍អន្តរជាតិបាត់បង់ទំនុកចិត្តក្នុងការទិញមូលបត្របំណុលរដ្ឋបារាំង។ លោកបានបន្ថែមថា ស្របពេលបារាំងកំពុងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុសាធារណៈដ៏លំបាកស្រាប់ទៅហើយ បូករួមទាំងសម្ពាធនៃការបោះឆ្នោតឆ្នាំ២០២៧ ដែលខិតជិតមកដល់ទៀតនោះ បានធ្វើឱ្យទំនុកចិត្តរបស់អ្នកវិនិយោគធ្លាក់ចុះមកត្រឹមជាង៥% ហើយអាចនឹងបន្តធ្លាក់ចុះថែមទៀត។

បំណុលសាធារណៈរបស់រដ្ឋាភិបាលបារាំងមានទំហំជាង១១៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៥ ខណៈឱនភាពថវិកាកើនឡើងដល់ជាង៥% នៃ GDP ដែលជាតួលេខបង្ហាញពីវិបត្តិហិរញ្ញវត្ថុដ៏គួរឱ្យព្រួយបារម្ភ៕




អត្ថបទបន្ទាប់


មេដឹកនាំអាម៉េរិក ចិន និងរុស្ស៊ីអាចជួបជជែកគ្នាត្រីភាគីជាប្រវត្តិសាស្ត្រជុំវិញការរំសាយអាវុធនុយក្លេអ៊ែ

លោក ត្រាំ ថ្លែងថា លោកស្វាគមន៍ជំនួបត្រីភាគីជាមួយមេដឹកនាំចិន និងរុស្ស៊ី ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែ និងពាណិជ្ជកម្ម ប៉ុន្តែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ