រលក នៃកំហឹងដែលកើតចេញពីការមិនពេញចិត្តលើប្រព័ន្ធអប់រំ និងជំហរឆ្លើយតបមិនច្បាស់លាស់របស់រដ្ឋាភិបាលបានជំរុញឱ្យក្រុមគ្រូបង្រៀន អាណាព្យាបាល និងសិស្សានុសិស្សទូទាំងប្រទេសបារាំងបាននាំគ្នាធ្វើបាតុកម្មតវ៉ាយ៉ាងហិង្សាកាលពីថ្ងៃអង្គារ ទី៦ ខែតុលា។ ទាក់ទិននឹងចំនួនអ្នកចូលរួម អាជ្ញាធរបារាំងបានអះអាងថា មានបាតុករជាង២៥ម៉ឺននាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមអ្នករៀបចំការតវ៉ាបានគូសបញ្ជាក់ថា ចំនួនអ្នកជួបជុំពិតប្រាកដបានកើនឡើងរហូតដល់ទៅ៤៥ម៉ឺននាក់ឯណោះ។
លោក សេបាស្ដៀន ឡេក័រនូ (Sébastien Lecornu) នាយករដ្ឋមន្ត្រីបារាំងបានគូសបញ្ជាក់នៅចំពោះមុខសភាថា នេះជាបាតុកម្មហិង្សាបង្ហូរឈាម និងអាក្រក់បំផុត ដែលបារាំងមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ។
រលកបាតុកម្មប្រឆាំងនេះបានគ្របដណ្តប់ស្ទើរគ្រប់ទិសទី។ ដើម្បីបង្ក្រាប និងបំបែកក្រុមបាតុករដែលកំពុងផ្ទុះកំហឹង កងកម្លាំងនគរបាលបារាំងបានសម្រេចប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកនៅតាមចំណុចក្តៅនៃការហែក្បួនក្នុងក្រុងសំខាន់ៗដូចជាប៉ារីស, ស្រ្តាសប៊ួរ, រ៉េន និងទូលូសជាដើម។
លោកនាយករដ្ឋមន្ត្រីបារាំងបានអះអាងថា គិតមកទល់ពេលនេះការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងបានបណ្តាលឱ្យយុវជនយ៉ាងហោចណាស់២១៥នាក់ បុគ្គលិកសាលា៨៥នាក់ និងមន្ត្រីនគរបាលរហូតដល់៧០០នាក់រងរបួស។ ដោយឡែកក្រសួងមហាផ្ទៃបារាំងបានគូសបញ្ជាក់ថា មនុស្សយ៉ាងតិច ៤៨៨នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
ដើមចមនៃកំហឹងរបស់មហាជននេះ គឺផ្តើមចេញពីការធ្លាក់ចុះគុណភាពអប់រំ និងការបាត់បង់តម្លៃ នៃប្រព័ន្ធអប់រំនៅបារាំង ហើយបានរុញច្រានឱ្យក្លាយជាវិបត្តិសង្គមដ៏ធំ ដោយប្រជាជនបានបង្វែរការតវ៉ាទៅលើបញ្ហាបំណុលសាធារណៈ សុខមាលភាពសង្គម និងស្ថានភាពសេដ្ឋកិច្ចជារួមដែលកំពុងដុនដាប៕
ដោយៈ សរ សុជាតិ