
យោងតាមទិន្នន័យពីក្រុមអ្នកវិនិយោគក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ បានបង្ហាញថា ទំហំបំណុលពិភពលោកនៅត្រីមាសទី១ ឆ្នាំ២០២៥ មានការកើនឡើងប្រមាណ ៧,៥ ទ្រីលានដុល្លារ ដែលជំរុញឱ្យទំហំបំណុលសកលសរុបកើនឡើងខ្ពស់ឈានដល់កម្រិតកំណត់ត្រារហូតដល់ជាង៣២៤ទ្រីលានដុល្លារ គួរឱ្យព្រួយបារម្ភខ្លាំង។ បើមើលទៅលើរបាយការណ៍របស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ឃើញថា កំណើនទំហំបំណុលពិភពលោកនេះ ត្រូវបានជំរុញខ្លាំងជាងគេដោយប្រទេសចិន បារាំង និង អាល្លឺម៉ង់។
វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ខាងលើ បានអះអាងថា ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់ដុល្លារអាម៉េរិក ធៀបនឹងរូបិយប័ណ្ណរបស់បណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ បានរួមចំណែកធ្វើឱ្យមានការកើនឡើងតម្លៃបំណុល ដែលជាទូទៅគេគិតជាប្រាក់ដុល្លារ។ ទំហំបំណុលសកលនៅត្រីមាសទី១ឆ្នាំនេះ មានការកើនឡើងច្រើនជាង៤ដងនៃការកើនឡើងប្រចាំត្រីមាសជាមធ្យម ដែលគេបានផ្ទៀងផ្ទាត់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។
បើតាមទិន្នន័យរបស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ដដែលនេះ លម្អិតឲ្យឃើញថា ទំហំបំណុលសរុបនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន បានកើនឡើងជាង ៣,៥ទ្រីលានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ ដែលជំរុញឲ្យទំហំបំណុលរបស់ក្រុមប្រទេសទាំងនេះកើនដល់ប្រមាណ១០៦ទ្រីលានដុល្លារ។ គ្រាន់តែប្រទេសចិន តែមួយ មានកំណើនបំណុលរហូតដល់ជាង ២ទ្រីលានដុល្លារ ក្នុងនោះបំណុលរបស់រដ្ឋាភិបាល មានទំហំប្រមាណ ៩៣% នៃ GDP ហើយគេរំពឹងថា បំណុលនេះនឹងឈានដល់ ១00% នៅមុនដំណាច់ឆ្នាំនេះ។ ក្រៅពីប្រទេសចិន ប្រទេសផ្សេងៗដូចជាប្រេស៊ីល ឥណ្ឌា និងប៉ូឡូញ ក៏ជួបនូវបញ្ហានៃការកើនឡើងទំហំបំណុលយ៉ាងខ្លាំងផងដែរ៕
ដោយៈ សរ សុជាតិ