
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ អាជ្ញាធរគយវៀតណាម បានចាប់ផ្តើមអនុវត្តនូវបទប្បញ្ញត្តិថ្មី ដែលតម្រូវឱ្យក្រុមហ៊ុនដឹកជញ្ជូន ដែលធ្វើដំណើរពីប្រទេសវៀតណាម ចូលមកកម្ពុជា ត្រូវមានលិខិតអនុញ្ញាតដឹកជញ្ជូនអន្តរជាតិជាមុនសិន ទើបអាចដឹកទំនិញឆ្លងកាត់ចូលមកកាន់ប្រទេសកម្ពុជាបាន។ ទោះបីជាបញ្ហានេះកើតមានឡើងនៅក្នុងប្រទេសវៀតណាមក្តី ប៉ុន្តែអ្នកជំនួញរូបនេះអះអាងថា ប្រាកដណាស់វានឹងជះផលប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ផងដែរ ដ្បិតថា ទាំងទំនិញនាំចេញ និងនាំចូលរបស់កម្ពុជា មួយចំនួនធំ ត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកព្រំដែននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា ក្រោយមានការហាមឃាត់ ចំពោះយានយន្តវៀតណាម ដែលគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនអន្តរជាតិ ចូលមកកាន់កម្ពុជានេះ គឺបានបង្ករការកកស្ទះយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញនានាចូលមកកម្ពុជា នៅតាមច្រកព្រំដែនវៀតណាម នាពេលនេះ។ ការកកស្ទះនេះ ក៏ដោយសារតែការអនុវត្តរបស់អាជ្ញាធរគយវៀតណាមនេះធ្វើឡើងក្នុងពេលភ្លាមៗពេក ដែលធ្វើឱ្យអ្នកដឹកជញ្ជូនភាគច្រើនត្រៀមខ្លួនមិនទាន់ ខណៈកន្លងមកក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនក៏ពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនអន្តរជាតិនេះនោះដែរ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបិទមិនឱ្យយានយន្តវៀតណាម ដែលគ្មានលិខិតអនុញ្ញាត ចូលមកកាន់កម្ពុជាពីសំណាក់អាជ្ញាធរគយវៀតណាមនេះ គឺមិនមែនជារឿងថ្មីនោះទេ ក៏ប៉ុន្តែកន្លងមកការអនុវត្តនូវបទប្បញ្ញត្តិនេះ ហាក់មានភាពធូររលុងនៅឡើយ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កន្លងមកក្រសួងក៏តែងតែណែនាំទៅដល់ម្ចាស់យានយន្តទាំងអស់ ដែលត្រូវដឹកជញ្ជូនចេញចូលឆ្លងកាត់ព្រំដែន ត្រូវគោរពទៅតាមការកំណត់របស់បទប្បញ្ញត្តិ ស្តីពីការដឹកជញ្ជូនឆ្លងដែនគោករវាងប្រទេសទាំងពីរផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ