ការផលិតអំបិល

ទិន្នផលអំបិលខេត្តកំពត-កែប ឆ្នាំនេះ រងការ​ធ្លាក់ចុះខ្លាំង!


ការផលិតអំបិលនៅខេត្តកំពត-កែប នៅឆ្នាំនេះ បាននិងកំពុងមានធ្លាក់ចុះនូវចំនួនទិន្នផលយ៉ាងខ្លាំង ដោយសារតែមានភ្លៀងកក់ខែជាច្រើនមេ បន្តធ្លាក់ចុះជាបន្តបន្ទាប់។ តំណាងសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប បានប្រាប់ ខេមបូណូមីសកាលពីពេលថ្មីៗនេះថា គិតមកទល់ខែមេសានេះទៅហើយ នៅមិនទាន់មានទិន្នផលអំបិលសម្រាប់ប្រមូលផលនោះឡើយ ខណៈដែលឆ្នាំមុន ទិន្នផលអំបិលមានប្រមាណជាង២០ម៉ឺនតោន។
កសិករ​ប្រមូល​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ

លោក អុំ ឈុន ប្រធាន​​ការិយា​ល័យ​រដ្ឋបាល​​សហគមន៍​​អ្នក​ផលិត​​អំបិល​​ខេត្ត​​កំពត-​​កែប បាន​​លើក​​ឡើង​ថា ឆ្នាំនេះ ការផលិត​អំបិល​​ហាក់ដូចជា​រងគ្រោះធំ ជាងឆ្នាំ​កន្លង​ទៅ ពោលគឺ​នៅប៉ុន្មាន​ខែចុង​ក្រោយនេះ មានភ្លៀង​ធ្លាក់ច្រើន​ខុសពី​ធម្មតា​ពោល ក្នុងខែខ្លះ មាន​ភ្លៀងធ្លាក់ ៣ ទៅ៤ ដងក៏មាន ជាហេតុ​បានធ្វើឲ្យ​គ្មានអំបិល​ប្រមូលផលដូច​រាល់ឆ្នាំ​នោះឡើយ។ តួយ៉ាង ធ្លាប់តែ​មកដល់​មេសា​រៀងរាល់​ឆ្នាំ តែងតែមាន​អំបិល​ប្រមូល​ផល​រាប់​ពាន់​ ឬម៉ឺនតោន​ តែខែ​មេសា​ឆ្នាំ​នេះ​ នៅមិនទាន់​​មាន​អំបិល​ប្រមូលផល​នៅឡើយទេ ខណៈដែល​ឆ្នាំមុនអាកាស​ធាតុ​ក៏មិនសូវ​អំណោយផល​ដែរ ប៉ុន្ដែ នៅអាច​ប្រមូលផល​បានជាង ២០,៥ ម៉ឺនតោន​ដែរ។ 

ទោះយ៉ាងណា លោក អ៊ុំ ឈុន​ បានគូស​បញ្ជាក់ថា អំបិលនៅ​ក្នុងស្ដុក​បច្ចុប្បន្ននេះ​ មានប្រមាណ ៥ម៉ឺនតោន​ដែរ ដែលអាច​ផ្គត់ផ្គង់​ទប់ទល់​ទីផ្សារ​ដល់ខែ ១០ ឬខែ១១​ខាងមុខ​នេះ ខណៈដែល​តម្រូវការអំបិល​ក្នុងស្រុក​​មាន​ប្រមាណ១០ម៉ឺន​តោន ក្នុង១ឆ្នាំៗ។ 

តំណាង​សហគមន៍​អ្នកផលិត​អំបិលខេត្ត​កំពត-កែប រូបនេះ បានបន្ថែម​ទៀតថា លោកនៅ​មិនទាន់ប្រាកដ​នៅឡើយទេ ថា តើកម្ពុជា​អាចនឹង​ត្រូវការ​អំបិលនាំ​ចូលពី​ប្រទេសជិតខាង​ក្នុងកម្រិត​ចំនួនប៉ុន្មាន​​នៅឡើយទេ ប៉ុន្ដែ លោកថា ប្រទេសវៀតណាម​​ក៏ទំនង​ជាមិនមាន​ទិន្នផល​អំបិល​ច្រើនដែរ ដោយសារ​តែបញ្ហា​អាកាស​ធាតុដូចគ្នា​នឹង​កម្ពុជានេះ បើមាន គឺមានតែអំបិល​ពីប្រទេស​ថៃ​ប៉ុណ្ណោះ។ 

តម្លៃអំបិលលើ​ទីផ្សារ​បានចាប់ផ្ដើម​ឡើងថ្លៃ​គួរឲ្យ​កត់សម្គាល់ ពោលគឺ​មកទល់ពេល​នេះ អំបិល១បាវ​ទម្ងន់៥០​គីឡូក្រាម​មាន​តម្លៃ ១៥ ០០០ រៀល ខណៈដែល​កាលពីពេល​កន្លងទៅ​មានត្រឹមតែ ១២ ០០០ រៀល ទៅ ១៣ ០០០ រៀល​ប៉ុណ្ណោះ។ ទាក់ទិន​នឹងតម្លៃ​អំបិល​ឡើងថ្លៃនេះ​ដែរ លោក អ៊ុំ ឈុន បានបញ្ជាក់​ដែរថា តម្លៃ​អំបិលនឹង​មិនអាចឡើង​ខ្ពស់ពេក​នោះទេ ព្រោះថា បើឡើង​ខ្ពស់ពេក នោះនឹង​ធ្វើឲ្យអំបិល​ពីប្រទេសជិត​ខាងសម្រុក​នាំចូលមក​លក់នៅក្នុង​ទីផ្សារ​កម្ពុជា ដែលធ្វើឲ្យ​យើង​លំបាក​ប្រកួត​ប្រជែង។

សូម​ជម្រាប​ថា ផ្ទៃ​ដី​ខេត្ត​កំពត និង​កែប គឺ​ជា​ទីតាំង​​ផលិត​អំបិល​​តែ​មួយ​គត់​​សម្រាប់​ការ​​ផ្គត់ផ្គង់​​ទូទាំង​ប្រទេស ដែល​មាន​ផ្ទៃដី​ផលិត​​អំបិល​ជាង ៤​០ ៥០០ ​ហិកតា ដោយ​ក្នុង​នោះ ផ្ទៃ​ដី​មួយ​​ហិកតា ​អាច​មាន​​សមត្ថភាព​​ផលិត​អំបិល​​បាន​​ជា​មធ្យម​​ចំនួន​២០​តោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំច មនុស្សសម្រុកទៅលេងបុណ្យភូមិភ្លូក​ទឹក​ភ្លូក​ដី!

ព័ត៌មាន
ពលរដ្ឋជាច្រើន ជាពិសេស យុវជនតែម្តង បាននាំគ្នាសម្រុកទៅលេងបុណ្យភូមិភ្លូកទឹកភ្លូកដី។ បុណ្យភូមិឆ្នាំនេះ បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៦-…

ស្ពានអាកាសដីហុយ នឹង​បើក​ឲ្យ​ចរាចរណ៍​បណ្ដោះអាសន្នក្នុងឱកាសចូលឆ្នាំខ្មែរ

ព័ត៌មាន
ស្ពានអាកាសស្តុបដីហុយ ដែលមានបណ្តោយ៩០៥ម៉ែត្រនិងទទឹង១៦,៥ម៉ែត្រ គ្រោងដាក់ឲ្យដំណើរការបណ្ដោះអាសន្ននៅថ្ងៃចូលឆ្នាំខ្មែរ។ នេះបើតាម​ការផ្សព្វផ្សាយ​រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ