វិស័យ សេដ្ឋកិច្ច

តើសេដ្ឋកិច្ចថៃ កាន់តែអាប់អួរយ៉ាងណាខ្លះ ក្រោយលោកស្រី ផៃថងថាន ត្រូវបានព្យួរពីតំណែង?


រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចនៅប្រទេសថៃ កំពុងប្រេះឆា ក្រោយតុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ អ្នកវិភាគបានលើកឡើងថា ការព្យួរនេះ កំពុងបង្កើនការសង្ស័យពីការរស់រានមានជីវិតនៅលើវិថីនយោបាយរបស់លោកស្រី និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យ សេដ្ឋកិច្ច
ដោយ

លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដែលមានវ័យ៣៨ឆ្នាំ ត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងជានាយករដ្ឋមន្ត្រីក្រោយឡើងកាន់អំណាចបានប្រមាណជិតមួយឆ្នាំ បន្ទាប់ពីមានការបែកធ្លាយសារសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ លោកស្រី ត្រូវតុលាការធម្មនុញ្ញថៃ ព្យួរតំណែងបណ្តោះអាសន្នក្នុងរយៈពេល១៥ថ្ងៃ ហើយនៅក្នុងរយៈពេលនេះគេនៅមិនទាន់ដឹងទេថា តើលោកស្រីអាចជម្នះឧបសគ្គតស៊ូដើរលើវិថីនយោបាយក្នុងស្រុក ដែលកំពុងរងការបែកបាក់ ហើយសេដ្ឋកិច្ចកំពុងយ៉ាប់យឺនបានឬយ៉ាងនោះទេ។

អ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលចម្រុះកាន់តែស្ថិតក្នុងដង្កៀបនៃបញ្ហា ខណៈកំណើនសេដ្ឋកិច្ចត្រូវបានបន្ទាបមកនៅត្រឹម១,៣% ខណៈការចរចាគំនាបពន្ធដែលដាក់ដោយរដ្ឋបាលសហរដ្ឋអាម៉េរិក ហាក់មិនទាន់បង្ហាញសមិទ្ធផលជាដុំកំភួននៅឡើយទេ។

លោក ធីទីណាន់ ផុងស៊ូឌីរក្ស (Thitinan Pongsudhirak) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យជូឡាឡុងកន បានប្រៀបប្រដូចប្រទេសថៃ នៅពេលនេះ ដូចជានាវា ដែលកំពុងធ្វើដំណើរមិនដឹងទិសតំបន់ ហើយរដ្ឋាភិបាលចម្រុះសព្វថ្ងៃនេះហាក់ផុយស្រួយមែនទែន។

ដោយឡែកលោក ណាផុន ចាតុស្រ៊ីភីថាក (Napon Jatusripitak) អ្នកសម្របសម្រួលស្តីទីនៃកម្មវិធីសិក្សារបស់ប្រទេសថៃ នៅវិទ្យាស្ថាន ISEAS-Yusof Ishak បាននិយាយថា តុលាការធម្មនុញ្ញថៃ នៅមិនទាន់និយាយថា ការតស៊ូក្តី ដែលប្តឹងដោយព្រឹទ្ធសមាជិកថៃ នឹងត្រូវចំណាយពេលប៉ុណ្ណានៅឡើយទេ ដូច្នេះចន្លោះប្រហោងផ្នែកនយោបាយកាន់តែស៊ីជម្រៅនឹងជះផលធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។

ជាមួយគ្នានេះ លោក ប៊ូសិន អាឌុលវ៉ាតាណា (Burin Adulwattana) អ្នកសេដ្ឋវិទូនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា ផលប៉ះពាល់លើសេដ្ឋកិច្ចថៃនឹងកើតមាន ប្រសិនបើភាពចលាចលនយោបាយនាំឱ្យមានការពន្យារពេលអនុម័តច្បាប់ថវិកានាឆ្នាំ២០២៦។

អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយតុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន វាបានទាញទម្លាក់តម្លៃលុយបាតរបស់ថៃ ឱ្យធ្លាក់ចុះ០,១% ខណៈសន្ទស្សន៍ តម្លៃហ៊ុននានា នៅក្នុងប្រទេសរងភាពចលាចល ដោយបានស្រុតចុះប្រមាណជិត២%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើតម្លៃសម្ភារៈសំណង់នៅកម្ពុជា មានការប្រែប្រួលយ៉ាងណាក្រោយថៃ បិទច្រកព្រំដែន?

កម្ពុជា នៅតែមានតម្រូវការក្នុងការប្រើប្រាស់គ្រឿងសំណង់ ដ្បិតបច្ចុប្បន្នសកម្មភាពសាងសង់នៅក្នុងគម្រោងនានា បានកើតមានជាបន្តបន្ទាប់។ យ៉ាងណាមិញ នៅក្ន…

បណ្ដាក្រុមហ៊ុនប្រេងរបស់ថៃ កំពុងសម្លឹងឈោងចាប់ទីផ្សារផ្សេងៗក្រៅពីកម្ពុជា ខណៈដែលទំនាក់ទំនងកម្ពុជា-ថៃ កាន់តែតានតឹង

នាយកដ្ឋានពាណិជ្ជកម្មថាមពល (DOEB) នៃក្រសួងថាមពលថៃ បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនប្រេងរបស់ថៃ និយាយថា ការហាមឃាត់របស់កម្ពុជា មិនឱ្យនាំចូលប្រេងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ