បច្ចុប្បន្ន ការបង់ទិញផ្ទះរំលស់ ត្រូវបានធ្វើឡើងតាមវិធីសាស្ត្រពីរ គឺការបង់រំលស់ជាមួយ នឹងធនាគារ និងការបង់រំលស់ជាមួយម្ចាស់គម្រោងបុរីផ្ទះផ្ទាល់ (ប្រសិនបើអ្នកទិញផ្ទះបុរី)។
ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា កន្លងមកនេះមាន ព័ត៌មានជាច្រើនបានបង្ហាញពីហានិភ័យនៃការបង់ទិញផ្ទះបង់រំលស់ជាមួយម្ចាស់បុរី គឺមានហានិភ័យខ្ពស់ដែរ ពីព្រោះថា ការទិញដូរគឺត្រឹមតែកិច្ចសន្យា មិនទាន់បានផ្តល់ពេញលេញជាកម្មសិទ្ធិមកដល់អ្នកទិញនោះឡើយ ដោយសារតែអ្នកទិញមិនទាន់បំពេញកាតព្វកិច្ចគ្រប់គ្រាន់ ដើម្បីក្លាយជាម្ចាស់ផ្ទះ។ លោកឧកញ៉ាបានបន្តថា ពលរដ្ឋមួយចំនួន ដែលសម្រេចចិត្តបង់រំលស់ជាមួយខាងបុរី ដោយសារពួកគាត់មិនចាំបង់ប្រាក់កក់មុននោះ ពោលគឺមានន័យថា ពួក គាត់អាចបង់រំលស់ ១០០ភាគរយបាន តែវានឹងមានហានិភ័យកើត នៅពេលដែលយើងមានបញ្ហា លំហូរសាច់ប្រាក់។ មានន័យថា ពេលដែលយើងមិនមានលទ្ធភាពបង់បន្ត។
ឧកញ៉ាបានបន្ថែម នៅក្នុងកិច្ចសន្យាទិញលក់នីមួយៗ អ្នកអភិវឌ្ឍន៍ តែងមានចំនុចលើ អតថិជនជានិច្ច តែបើអ្នកទិញ ធ្វើកិច្ចសន្យាជាមួយធនាគារ នោះកិច្ចសន្យាជាមួយធនាគារ គឺមានចំនុចស្មើគ្នា មានន័យធនាគារផ្តល់កម្ចីឲ្យពិតមែន តែអ្នកទិញនោះ ក៏ក្លាយជាម្ចាស់កម្មសិទ្ធិលើលំនៅដ្ឋាននោះដែរ។ ឧកញ៉ាថា បញ្ហាតែកើតមានឡើងព្រោះថា អតិថិជន គឺមិនទទួលការប្រឹក្សាច្បាស់លាស់ពីអ្នកជំនាញ ផ្នែកហិរញ្ញវត្ថុ ម្យ៉ាងអ្នកអភិវឌ្ឍន៍ ភាគច្រើនមិនមាន ជំនាញលើផ្នែកហិរញ្ញវត្ថុនោះទេ ។
អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះបញ្ជាក់ថា ទិសដៅរបស់ធនាគារ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋានគឺខុសគ្នា ដោយធនាគារមានទិសដៅ ផ្តល់ឥណទានទៅអតិថិជន ដែលមានលទ្ធភាពពិតប្រាកដក្នុងការ បណ្ដាក់ទុន ផ្ទុយទៅវិញ ការផ្តល់ឥណទានពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ថ្វីត្បិតតែវាមានភាពងាយស្រួលទៅ លើផ្នែកឯកសារផ្សេងៗមែន ប៉ុន្តែ វានឹងមានហានិភ័យ នៅពេលក្រោយ ដោយអតិថិជនភាគច្រើនយល់ច្រលំថា ខ្លួនមានលទ្ធភាព តែតាមពិតវានឹងមានបញ្ហាជាច្រើនទៀតនៅពីក្រោយ នោះ។
លោកឧកញ៉ា បានបន្ថែមទៀត ការបង់រំលស់តាមធនាគារ បើទោះជាបញ្ហាកើតឡើងអំឡុងពេលនៃការបង់ពិតមែន ប៉ុន្តែអ្នកទិញបានក្លាយជាម្ចាស់កម្មសិទ្ធិនៃ អចលនទ្រព្យនោះហើយ។ ដូចនេះ ធនាគារនឹងមានមធ្យោបាយមួយចំនួន ក្នុងការជួយដោះស្រាយបញ្ហាទាំងនោះដូចជា ទី១ការលក់ឡៃឡុងដោយខ្លួនឯងផ្ទាល់ ទី២ អតិថិជនអាចតវ៉ា ដោយរកផ្នែកច្បាប់ជួយ ជាពិសេសការរកអ្នកវាយ តម្លៃអចលទ្រព្យនោះដើម្បីលក់ចេញវិញបាន។ ម្យ៉ាងវិញទៀត បើការលក់ឡៃឡុងត្រូវបានធ្វើឡើងពិតមែន ក៏ក្នុងនាមជាម្ចាស់ អចលនទ្រព្យអាចនៅមានសល់ប្រាក់ខ្លះពីការលក់នេះដែរ តែបើយើងបង់រំលស់ជាមួយម្ចាស់បុរី ឬអ្នកអភិវឌ្ឍន៍ គឺប្រហែលជាមិនមានឱកាសក្នុងតវ៉ានោះទេ ដោយវាអាស្រ័យកម្រិតកិច្ចសន្យានោះ។
បើតាម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFAរូបនេះ ផ្តល់យោបល់ថា ពលរដ្ឋគួរតែបង់រំលស់ លំនៅដ្ឋានជាមួយធនាគារវិញប្រសើរជាង ព្រោះសព្វថ្ងៃនេះ មានធនាគារច្រើនណាស់ ដែលមានឥណទាន សម្រាប់លំនៅដ្ឋាន ថ្វីត្បិតវាមានលក្ខខណ្ឌច្រើនមែន តែអាចជឿទុកចិត្តបានថា ការប្រឹក្សាយោបល់ផ្នែក ហិរញ្ញវត្ថុមសម្រាប់កម្ចីទាំងគឺមានហានិភ័យទាប៕