នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានសន្យាថា នឹងប្រែក្លាយប្រទេសថៃ ទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣៧។ ប៉ុន្តែប្រទេសនេះកំពុងប្រឈមបញ្ហាធំៗដូចជាប្រជាជនមានវ័យចំណាស់កាន់តែច្រើន ផលិតភាពខ្សោយ បំណុលពលរដ្ឋកើនឡើងខ្ពស់ និងការវិនិយោគមានកំណើនយឺត។
ធនាគារពិភពលោកបានលើកឡើងថា ថៃ ត្រូវតែផ្លាស់ប្តូរទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងធ្វើឱ្យអាជីវកម្មមានផលិតភាព និងសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង។ វិស័យដែលមានសក្តានុពលរួមមានផលិតកម្មជឿនលឿន សុខុមាលភាព និងទេសចរណ៍ប្រកបដោយចីរភាព សេវាកម្មឌីជីថល កសិ-ម្ហូបអាហារ និងឧស្សាហកម្មច្នៃប្រឌិត ដែលអាចបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។
ធនាគារពិភពលោក ក៏បានជំរុញឱ្យថៃ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា ពង្រឹងវិស័យអប់រំ និងកម្លាំងពលកម្មជំនាញ ព្រមទាំងបង្កើតគោលនយោបាយដែលជួយឱ្យអាជីវកម្មមានផលិតភាពអាចពង្រីកខ្លួនបាន។ ជាមួយគ្នានេះ ថៃ ត្រូវតែពង្រីកឱកាសសេដ្ឋកិច្ចឱ្យលើសពីទីក្រុងបាងកក និងក្រុមហ៊ុនធំៗ តាមរយៈការកែលម្អគុណភាពសាលារៀន លើកកម្ពស់កម្រិតជីវភាព និងចំណូលរបស់ប្រជាជន និងអភិវឌ្ឍបណ្ដាទីក្រុងលំដាប់ទី២ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី។
លោក កាឡូស ហ្វេលីបផេ ចារ៉ាមីឡូ (Carlos Felipe Jaramillo) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានលើកឡើងថា មហិច្ឆតារបស់ថៃ ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ គឺអាចសម្រេចបាន ប៉ុន្តែថៃ ត្រូវចាប់ផ្តើមដំណាក់កាលថ្មីមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងមុន និងផ្តោតលើវិស័យដែលបង្កើតតម្លៃខ្ពស់ជាងមុន៕
ដោយ: តែម សុខុម