បាតុភូត អែលនីណូ

UN ព្រមានថា បាតុភូត អែលនីណូ នឹងអូសបន្លាយឥទ្ធិពលវាយប្រហាររហូតដល់ដើមឆ្នាំក្រោយ


អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិ បានចេញការព្រមាននៅថ្ងៃទី៣ ខែកញ្ញា ថា បាតុភូត «អែលនីណូ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងក្លា និងកាចសាហាវបំផុតនៅប៉ុន្មានខែខាងមុខនេះ ហើយគេបានព្យាករស្ទើរតែច្បាស់ ១០០% ថា វានឹងបន្តអូសបន្លាយឥទ្ធិពលបំផ្លិចបំផ្លាញរបស់ខ្លួនរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
បាតុភូត អែលនីណូ
ដោយ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times អង្គការឧតុនិយមពិភពលោកបានបញ្ជាក់ថា ឥទ្ធិពលនៃបាតុភូត អែលនីណូ នឹងហក់ឡើងដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦ នេះ ហើយរលកនៃផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើអាកាសធាតុសកល នឹងបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៧។ អង្គការនេះបានសង្កត់ធ្ងន់ថា បាតុភូតធម្មជាតិនេះបានពង្រឹងកម្លាំងយ៉ាងរឹងមាំ និងកំពុងវិវត្តទៅជាបាតុភូតអាកាសធាតុដ៏ខ្លាំងក្លាមួយ ដែលនឹងកែប្រែគំរូទឹកភ្លៀង និងសីតុណ្ហភាពទូទាំងភពផែនដី ព្រមទាំងបង្កើតជាហានិភ័យនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្ដៅយ៉ាងអាក្រក់។
ទោះបីជា អែលនីណូ ជាបាតុភូតកើតឡើងតាមធម្មជាតិក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា វានឹងបន្ថែមទម្ងន់កម្ដៅយ៉ាងខ្លាំងលើភពផែនដី ដែលកំពុងតែក្តៅស្រាប់ពីការដុតប្រេងឥន្ធនៈហ្វូស៊ីល ដោយរុញច្រានឱ្យធាតុអាកាសកាន់តែប្រែប្រួលខ្លាំងហួសពីការស្មាន។
លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងដោយក្តីបារម្ភថា អែលនីណូ កំពុងតែរីកធំឡើងយ៉ាងរហ័សនៅចំពោះមុខពិភពលោក។ ផ្អែកលើវិទ្យាសាស្ត្រ គ្មានមន្ទិលសង្ស័យឡើយថា ភពផែនដីកំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមក ខណៈសីតុណ្ហភាពផ្ទៃសមុទ្រ និងបរិយាកាសទូទៅបន្តកើនឡើងខ្ពស់ឥតឈប់ឈរ។ លោកបានបន្ថែមថា ពេលនេះគឺជាការប្រកួតប្រជែងរវាងពេលវេលា និងមហន្តរាយ ដូច្នេះពិភពលោកគ្មានជម្រើសអ្វីក្រៅពីខិតខំប្រឹងប្រែងយកឈ្នះសង្គ្រាមអាកាសធាតុនេះ ដើម្បីការពារជីវិតមនុស្សនោះឡើយ។
ជាមួយគ្នានេះលោកស្រី សេឡេស្តេ សៅឡូ (Celeste Saulo) អគ្គលេខាធិការអង្គការអង្គការឧតុនិយមពិភពលោកបានព្រមានថា អែលនីណូ ដ៏ខុសប្រក្រតីនេះមានអានុភាពវាយប្រហារយ៉ាងធ្ងន់ធ្ងរលើសហគមន៍ និងប្រព័ន្ធសេដ្ឋកិច្ចសកល។ លោកស្រី បានគូសបញ្ជាក់ថា ពិភពលោកបានឃើញការបំផ្លិចបំផ្លាញពីគ្រោះរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់រួចទៅហើយ ហើយការខូចខាតទាំងនេះនឹងកាន់តែខ្លាំង នៅពេលដែលឥទ្ធិពលរបស់ អែលនីណូ ឈានដល់ចំណុចកំពូល។ លោកស្រីបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងវិស័យប្រឈមនានាដូចជាកសិកម្ម សុខាភិបាល ថាមពល និងការផ្គត់ផ្គង់ទឹកស្អាតឱ្យប្រញាប់រៀបចំផែនការទប់ទល់ជាបន្ទាន់ ដោយលោកស្រីសង្កត់ធ្ងន់ថា ពិភពលោកលែងមានពេលវេលាសម្រាប់រង់ចាំទៀតហើយ។
ជាទូទៅបាតុភូត អែលនីណូ តែងតែកើនឡើងដល់កម្រិតកំពូលនៅចុងឆ្នាំ ប៉ុន្តែម្ដៅដែលស្តុកទុកក្នុងមហាសមុទ្រ នឹងត្រូវបញ្ចេញមកក្នុងបរិយាកាសបន្តិចម្តងៗ ដែលជាដើមចោទធ្វើឱ្យសីតុណ្ហភាពសកលហក់ឡើងកម្រិតអតិបរមានៅឆ្នាំបន្ទាប់ ដូចដែលពិភពលោកធ្លាប់បានកត់ត្រាឆ្នាំ ដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៤ បន្ទាប់ពីការកើតឡើងនៃបាតុភូតនេះកាលពីលើកមុន៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ពលរដ្ឋពេញវ័យនៅអាម៉េរិក ដល់ទៅ៨៩% ជឿថា អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋាភិបាលកំពុងរីករាលដាល

ទោះបីជាសហរដ្ឋអាម៉េរិក មិនមែនជាប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរបំផុតលើពិភពលោកក៏ដោយ ប៉ុន្តែកម្រិតទំនុកចិត្តរបស់ពលរដ្ឋអាម៉េរិក ចំពោះភាព…

ធនាគារពិភពលោកជំរុញឱ្យថៃ បង្កើនប្រាក់​ចំណូលពលរដ្ឋ​​ម្នាក់ៗឱ្យបានទ្វេដង ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៣៧

ប្រទេសថៃ បានកំណត់គោលដៅដ៏មហិច្ឆតាមួយ នោះគឺក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣៧។ ប៉ុន្តែធនាគារពិភពលោកបានព្រមានថា ទីក្រុងបាងកក ត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ