សារព័ត៌មាន the Edge of Malaysia បានរាយការណ៍កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថា មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៦ ដល់កម្រិត៣,៣% ដែលខ្ពស់ជាងការព្យាករកាលពីខែតុលា ប្រមាណ០,២%។ ការសម្រួលតួលេខនេះ ក្រោយ IMF មើលឃើញថា ប្រតិបត្តិករអាជីវកម្ម និងសេដ្ឋកិច្ចសកលបានសម្របខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងសម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក ជាពិសេសការបង្កើនការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលជាក្បាលម៉ាស៊ីនក្នុងការជួយបង្កើនផលិតភាពសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ IMF បានព្យាករថា សហរដ្ឋអាម៉េរិកដែលជាបងធំរបស់ពិភពលោកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់២,៤%នៅឆ្នាំ២០២៦ ប្រសើរជាងការព្យាករកាលពីលើកមុនប្រមាណ០,៣% ក្រោយអាម៉េរិកបានបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI មជ្ឈមណ្ឌលទិន្នន័យ ការផលិតបន្ទះឈីប AI និងវិស័យថាមពល។ ជាមួយគ្នានេះ ចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ច៤,៥% ខណៈចក្រភពអង់គ្លេសនឹងសម្រេចបាន១,៣% និងតំបន់អឺរ៉ុបនឹងសម្រេចបានក្នុងរង្វង់១,៣% ដែលនាំមុខដោយការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ អេស្ប៉ាញ និងអៀរឡង់។
សម្រាប់បញ្ហាអតិផរណាវិញ IMF បានព្យាករថា នឹងបន្តធ្លាក់ចុះពី៤,១%ក្នុងឆ្នាំ២០២៥ មកត្រឹម៣,៨% នៅឆ្នាំ២០២៦ និង៣,៤%នៅឆ្នាំ២០២៧។
តែទោះជាយ៉ាងណាក៏ដោយ IMF បានជំរុញឱ្យបណ្តាប្រទេសនានាងត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើការអភិវឌ្ឈន៍ AI បើទោះបីជាវាជាប្រភពនៃកំណើន តែវាក៏អាចបង្កហានិភ័យផងដែរ ប្រសិនបើមិនមានការគ្រប់គ្រងបានល្អ។ ជាមួយគ្នានេះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ក៏នៅតែជាកត្តាដែលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីរក្សាស្ថិរភាពកំណើនឱ្យនៅមានសញ្ញាវិជ្ជមានផងដែរ៕
ដោយៈ សរ សុជាតិ